បោះពុម្ព

ការិយាល័យចំណុះ និងរបៀបរបបការងារ

និពន្ធ​ដោយ Malivan.

១. ការិយាល័យចំណុះសាលាស្រុក-ក្រុង

១.១. សាលាស្រុក-ក្រុង

សាលាស្រុក-ក្រុង គឺជាការិយាល័យធ្វើការរបស់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈ​អភិបាលស្រុក-ក្រុង ដែលត្រូវបើកធ្វើការឱ្យបានទៀងទាត់ តាមពេលម៉ោងធ្វើការ​របស់រដ្ឋ។ ក្នុងអំឡុងពេលម៉ោងធ្វើការងារ ប្រជាពលរដ្ឋមានសិទ្ធិ ៖

  • ធ្វើទំនាក់ទំនង និងធ្វើការងារជាមួយក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈ​អភិបាលស្រុក-ក្រុង
  • ទទួលព័ត៌មានអំពីសំណើ និងការងារនានាពីរដ្ឋបាលស្រុក-ក្រុង
  • ចូលរួមយោបល់ ឬសំណូមពរលើបញ្ហាណាមួយ។

នៅចន្លោះម៉ោងធ្វើការ ឬថ្ងៃឈប់សម្រាកជាផ្លូវការ ក្រុមប្រឹក្សាស្រុក-ក្រុង និង​គណៈអភិបាលស្រុក-ក្រុងត្រូវធានាឱ្យមានមន្ដ្រី បុគ្គលិកនៃរដ្ឋបាលរបស់ខ្លួនក្នុង​ចំនួន​សមស្របប្រចាំការ ដើម្បីទទួល ឬដោះស្រាយសំណូមពរបន្ទាន់ពិសេស​នានា។

រដ្ឋបាលស្រុក-ក្រុងនីមួយៗត្រូវធ្វើជាម្ចាស់ និងទទួលខុសត្រូវចាត់ចែងលើរាល់​លិខិតស្នាម ឯកសារទាំងអស់ដែលបានទទួលត្រឹមត្រូវឱ្យបាន ស្របតាមច្បាប់​ជាធរមាន។ រដ្ឋបាលស្រុក-ក្រុងនីមួយៗក៏ជាម្ចាស់ និងទទួលខុសត្រូវលើរាល់លិខិត​ស្នាម ឯកសារនានា ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាស្រុក-ក្រុង ឬក្នុងនាម​ក្រុមប្រឹក្សាស្រុក-ក្រុង និងដោយគណៈអភិបាលស្រុក-ក្រុងក្នុងនាមរដ្ឋ ព្រមទាំង​ជាម្ចាស់​លើឧបករណ៍ មធ្យោបាយ និងសម្ភារៈនានានៃរដ្ឋបាលរបស់ខ្លួន។ ដូច្នេះ រដ្ឋបាល​ស្រុក-ក្រុងនីមួយៗ ត្រូវធានាទុកដាក់ ឯកសារ លិខិតស្នាម ឧបករណ៍ មធ្យោបាយ និងសម្ភារៈនានានៃរដ្ឋបាលរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមការកំណត់ មានសណ្ដាប់ ធ្នាប់ល្អ និងគង់វង្ស។

ចំពោះត្រារដ្ឋបាលស្រុក-ក្រុង ត្រូវបានប្រគល់ឱ្យនាយករដ្ឋបាលសាលាស្រុក-ក្រុង​របស់ខ្លួន ដើម្បីទទួលខុសត្រូវ និងគ្រប់គ្រងសម្រាប់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈ​អភិបាលស្រុក-ក្រុងប្រើប្រាស់។

រដ្ឋបាលស្រុក-ក្រុងនីមួយៗ ត្រូវរៀបចំឱ្យមានក្ដារព័ត៌មានសាធារណៈនៅ​មុខ​សាលាស្រុក-ក្រុងរបស់ខ្លួន ដែលសាធារណជនអាចពិនិត្យមើលបានដោយងាយ​ស្រួល។ ក្ដារព័ត៌មានសាធារណៈនេះ ត្រូវសរសេរ ឬបិទផ្សាយសេចក្ដីជូនដំណឹងជាផ្លូវ​ការ​ដល់សាធារណជន។ ការសរសេរ និងការបិទផ្សាយនេះត្រូវរក្សាទុកឱ្យបាន​យ៉ាង​តិចដប់ថ្ងៃ។ ក្រៅពីក្ដារព័ត៌មានសាធារណៈនៅមុខសាលាស្រុក-ក្រុង ក្រុមប្រឹក្សា​ស្រុក-ក្រុង​នីមួយៗ ត្រូវរៀបចំក្ដារព័ត៌មានសាធារណៈនៅទីសាធារណៈដទៃទៀត ក្នុង ស្រុក-ក្រុង​របស់ខ្លួនតាមការចាំបាច់។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាស្រុក-ក្រុងនីមួយៗត្រូវ ស្វះ​ស្វែងរកមធ្យោបាយផ្សព្វផ្សាយព័ត៌មានផ្សេងៗទៀត ដើម្បីជូនដំណឹងអំពី កិច្ចការ​នានានៃរដ្ឋបាលរបស់ខ្លួនដល់ប្រជាពលរដ្ឋ។

១.២.  ការិយាល័យចំណុះសាលាស្រុក-ក្រុង

សាលាស្រុក-ក្រុងនីមួយៗត្រូវមានការិយាល័យចំណុះចាំបាច់ដូចខាងក្រោម ៖

  • ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
  • ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់
  • ការិយាល័យអន្តរវិស័យ។

ការិយាល័យនីមួយៗ ត្រូវដឹកនាំដោយប្រធានការិយាល័យមួយរូប និង​មានអនុប្រធានការិយាល័យមួយរូបជាជំនួយការ។ ប្រធានការិយាល័យ​នីមួយៗ ត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពដោយផ្ទាល់ចំពោះនាយករដ្ឋបាល​សាលាស្រុក-ក្រុង។

ក).   ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ

ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃសាលាស្រុក-ក្រុង គឺជាសេនាធិការឱ្យ​ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុងលើកិច្ចការសំខាន់ៗដូចខាងក្រោម ៖

  • ការងាររដ្ឋបាល លិខិតស្នាមផ្សេងៗ ទំនាក់ទំនងសាធារណៈ និង​ការ​ងារពិធីការ
  • គ្រប់គ្រង និងថែរក្សាត្រារដ្ឋបាលស្រុក-ក្រុង តាមការកំណត់
  • ការងារស្ថិតិប្រជាពលរដ្ឋ និងការងារអត្រានុកូលដ្ឋាន
  • ការងារបុគ្គលិក ក្របខ័ណ្ឌ បៀវត្ស និងកម្រៃផ្សេងៗរបស់មន្ដ្រី បុគ្គលិក​សាលាស្រុក-ក្រុង
  • សហការរៀបចំនីតិវិធីរដ្ឋបាល នីតិវិធីហិរញ្ញវត្ថុ និងល័ក្ខខ័ណ្ឌការងារ​របស់មន្ដ្រី បុគ្គលិកសាលាស្រុក-ក្រុង
  • ការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពមន្ដ្រី បុគ្គលិកសាលាស្រុក-ក្រុង
  • សិក្សា និងលើកយោបល់លើការបង្កើត ការកែសម្រួល និងការ​រំសាយការិយាល័យចំណុះសាលាស្រុក-ក្រុង
  • រៀបចំសេចក្ដីព្រាងរបៀបវារៈ ខ្លឹមសារសម្រាប់របៀបវារៈនីមួយៗ និងឯកសារនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈកម្មាធិ​ការ​នានារបស់ក្រុមប្រឹក្សាស្រុក-ក្រុង
  • រៀបចំ និងបែងចែកលិខិតអញ្ជើញប្រជុំ ការរៀបចំទីកន្លែងប្រជុំ និង​កំណត់ហេតុគ្រប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្រុក-ក្រុង គណៈអភិបាល​ស្រុក-ក្រុង និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាស្រុក-ក្រុង
  • ទទួល និងបែងចែកលិខិតស្នាម ឯកសារនានាឱ្យបានត្រឹមត្រូវដល់​សមា​ជិកក្រុមប្រឹក្សាស្រុក-ក្រុង អភិបាលស្រុក-ក្រុង និងអភិបាលរងស្រុក-ក្រុង ព្រម​ទាំង​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ការិយាល័យជំនាញ និងអ្នកពាក់​ព័ន្ធ
  • រក្សាទុកដាក់ឱ្យបានត្រឹមត្រូវ និងគង់វង្សនូវឯកសារ លិខិតបទដ្ឋាន​ទាំងអស់របស់ក្រុមប្រឹក្សាស្រុក-ក្រុង គណៈអភិបាលស្រុក-ក្រុង និងរដ្ឋបាល​ស្រុក-ក្រុង
  • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
  • រៀបចំ និងបិទផ្សាយព័ត៌មាននៅលើក្ដារព័ត៌មាន និងការស្វះស្វែងរក​មធ្យោបាយផ្សព្វផ្សាយព័ត៌មាននានា ជូនប្រជាពលរដ្ឋនៅក្នុងស្រុក-ក្រុង​របស់ខ្លួន
  • សហការក្នុងការត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ តាមសាលាឃុំ និងសង្កាត់នានាក្នុងស្រុក-ក្រុង
  • សិក្សា និងលើកយោបល់ទាក់ទងនឹងការពិនិត្យនីត្យានុកូលភាព នៃ​សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាឃុំ និងសង្កាត់នានាក្នុងស្រុក-ក្រុង
  • ការងារហិរញ្ញវត្ថុ ថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្ដិរដ្ឋបាលស្រុក-ក្រុង
  • គ្រប់គ្រងបេឡារបស់សាលាស្រុក-ក្រុង
  • សហការត្រួតពិនិត្យ និងទូទាត់រាល់ការចំណាយ
  • ការងារលទ្ធកម្ម សវនកម្ម និងរបាយការណ៍ហិរញ្ញវត្ថុរបស់ស្រុក-ក្រុង។