បោះពុម្ព

គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សារ

ការបង្កើតគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត

ក្រុមប្រឹក្សាខេត្ត មានកាតព្វកិច្ចបង្កើតគណៈកម្មាធិការពិគ្រោះយោបល់​ចំនួនបី ដែលរួមមាន ៖

 • គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
 • គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ
 • គណៈកម្មាធិការលទ្ធកម្ម។

ក្រៅពីគណៈកម្មាធិការជាកាតព្វកិច្ចទាំងបីខាងលើនេះ ក្រុមប្រឹក្សាខេត្ត​អាច​បង្កើតគណៈកម្មាធិការបន្ថែមផ្សេងទៀតតាមការចាំបាច់។  គណៈកម្មាធិ​ការ​ដែលបង្កើតបន្ថែមមិនត្រូវមានតួនាទី និងភារកិច្ចត្រួតគ្នា ជាមួយនឹងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាកាតព្វកិច្ចទាំងបីខាងលើឡើយ។ ជាមួយ​នេះ​ដែរ ក្រុមប្រឹក្សាខេត្តអាចបង្កើតអនុគណៈកម្មាធិការ ឬក្រុមការងារ​ផ្សេងៗ​ទៀត តាមការស្នើសុំរបស់គណៈកម្មាធិការនានា ឬគណៈអភិបាលខេត្ត។ អនុគណៈ​កម្មាធិការ ឬក្រុមការងារខាងលើនេះត្រូវមានគណនេយ្យភាពជា​បឋមជា​មួយ​គណៈកម្មាធិការ ឬគណៈអភិបាលខេត្ត។

ក្នុងការរៀបចំបង្កើតគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ក្រុម​ប្រឹក្សាខេត្តត្រូវពិនិត្យពិចារណាលើចំណុចមួយចំនួនដូចខាងក្រោម៖

 • ក្រុមប្រឹក្សាខេត្តអាចតែងតាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត បុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត តំណាងក្រុម​ប្រឹក្សា​ប្រភេទផ្សេងទៀតក្នុងដែនសមត្ថកិច្ចរបស់ខេត្ត តំណាងសហគមន៍​ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាតាមការចាំបាច់ ជាសមាជិក​គណៈ​កម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារ​ដែលខ្លួនបាន​បង្កើត​ឡើង
 • ក្រុមប្រឹក្សាខេត្ត ត្រូវសម្រេចពីចំនួនសមាជិកគណៈកម្មាធិការ ឬអនុ​គណៈកម្មាធិការ ឬក្រុមការងារនីមួយៗ ការតែងតាំងប្រធាន អនុ​ប្រធាន និងកំណត់អំពីការរៀបចំ និងការប្រព្រឹត្ដទៅរបស់គណៈ​កម្មា​ធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារនានាដែលខ្លួន​បាន​បង្កើត​ឡើង
 • គណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារនីមួយៗ ត្រូវ​មានតំណាងស្ដ្រីសមស្រប រួមទាំងតំណែងប្រធាន ឬអនុប្រធាន​គណៈ​កម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារផង
 • ក្រុមប្រឹក្សាខេត្តអាចរំសាយគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារ និងអាចបញ្ឈប់សមាជិកណាម្នាក់ពីគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារដែលខ្លួនបានបង្កើត​ឡើង​តាម​ការចាំបាច់ ឬតាមសំណើរបស់គណៈកម្មាធិការ ឬគណៈអភិបាល​ខេត្ត
 • គណៈអភិបាលខេត្តអាចស្នើសុំក្រុមប្រឹក្សាខេត្ត ដើម្បីឱ្យគណៈកម្មា​ធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារណាមួយ ដែល​ក្រុម​ប្រឹក្សាខេត្តបានបង្កើតឡើង រួមទាំងគណៈកម្មាធិការជាកាតព្វកិច្ច​ទាំងបី ជួយសិក្សាផ្ដល់យោបល់លើបញ្ហាណាមួយ ឬមួយចំនួន​ដែល​ស្ថិតក្នុងសមត្ថកិច្ចរបស់គណៈអភិបាលខេត្ត
 • ក្រុមប្រឹក្សាខេត្តត្រូវទទួលខុសត្រូវរាល់ការសម្រេច និងសកម្មភាព​របស់គណៈកម្មាធិការនានា និងទទួលខុសត្រូវចំពោះផលវិបាក​នានា ដែលកើតចេញពីសកម្មភាពរបស់គណៈកម្មាធិការទាំងនោះ
 • ក្រុមប្រឹក្សាខេត្ត ត្រូវណែនាំឱ្យគណៈអភិបាលខេត្តឱ្យផ្ដល់ការគាំទ្រ​កិច្ចការផ្នែកលេខាធិការដ្ឋាន ការគាំទ្រផ្នែកច្បាប់ និងបច្ចេកទេស ព្រមទាំងការគាំទ្រដទៃទៀតដល់គណៈកម្មាធិការជាកាតព្វកិច្ចទាំង​បី ឬដល់គណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារ​ដែល​ក្រុមប្រឹក្សាខេត្តបានបង្កើតឡើង
 • គណៈកម្មាធិការដែលបានបង្កើតឡើង ត្រូវមានសេចក្ដីរាយការណ៍​ប្រចាំត្រីមាស ឆមាស ឆ្នាំ និងតាមតម្រូវការចាំបាច់នានា។ សេចក្ដី​រាយការណ៍ទាំងនេះ ត្រូវចម្លងជូនគណៈអភិបាលខេត្ត ដើម្បីធ្វើការ​បូកសរុប និងរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត
 • ក្រុមប្រឹក្សាខេត្ត អាចតម្រូវឱ្យគណៈកម្មាធិការណាមួយធ្វើសេចក្ដី​ រាយការណ៍ដោយផ្ទាល់អំពីកិច្ចការពិសេស និងបន្ទាន់ណាមួយក្នុង​កិច្ច​ប្រជុំរបស់ខ្លួនតាមការចាំបាច់។