បោះពុម្ព

គណៈកម្មការសម្របសម្រួលការងារបច្ចេកទេសស្រុក-ក្រុង

        ក្រុមប្រឹក្សាស្រុក ក្រុង ត្រូវរៀបចំឱ្យមានគណៈកម្មាធិការសម្របសម្រួល​បច្ចេក​ទេសរបស់ខ្លួន ដើម្បីជួយសិក្សា និងផ្ដល់យោបល់ដល់ក្រុមប្រឹក្សាស្រុក ក្រុង និង​គណៈអភិបាលស្រុក ក្រុងរបស់ខ្លួនលើបញ្ហាទាក់ទងនឹងការងារផែនការ ថវិកា ការ​​សម្របសម្រួលកិច្ចការនានាជាមួយមន្ទីរ អង្គភាពខ្សែបណ្ដោយរបស់ក្រសួង ស្ថាប័ននានា និងក្រុមប្រឹក្សាប្រភេទផ្សេងទៀត និងបញ្ហាទាក់ទងនឹងមុខងារ ធនធានដែលបានប្រគល់ ឬបានធ្វើប្រតិភូកម្មឱ្យក្រុមប្រឹក្សាស្រុក ក្រុង។

 ក).   សមាសភាពនៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស មានសមាសភាព ដូចខាង​ក្រោម ៖

  • អភិបាលស្រុក ក្រុង

ជាប្រធាន

  • អភិបាលរងស្រុក ក្រុង០១រូប

ជាអនុប្រធាន

  • នាយករដ្ឋបាលសាលាស្រុក ក្រុង

ជាសមាជិកអចិន្ដ្រៃយ៍

  • សមាជិកក្រុមប្រឹក្សាស្រុក ក្រុងយ៉ាងតិច០២រូប

ជាសមាជិក

  • ប្រធានការិយាល័យ អង្គភាពនៃក្រសួង ស្ថាប័ននានា រាជរដ្ឋាភិបាលដែលប្រចាំនៅស្រុក ក្រុង

ជាសមាជិក

  • ប្រធានការិយាល័យទាំងអស់របស់សាលាស្រុក ក្រុង 

ជាសមាជិក

  •  ចៅសង្កាត់ទាំងអស់នៅក្នុងស្រុក ក្រុង  

ជាសមាជិក

  • តំណាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមាររបស់ក្រុមប្រឹក្សាស្រុក ក្រុង០១រូប  

ជាសមាជិក

បញ្ជាក់ ៖

  + សមាសភាពអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស  ត្រូវ​ស្នើដោយអភិបាលស្រុក ក្រុង។

  + ក្រុមប្រឹក្សាស្រុក ក្រុង ត្រូវចេញសេចក្ដីសម្រេចទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស។ សេចក្ដីសម្រេចនេះត្រូវចុះហត្ថលេខា ដោយប្រធានក្រុមប្រឹក្សាស្រុក ក្រុង។

 ខ).   តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស មានតួនាទី និងភារកិច្ច​ផ្ដល់​យោបល់ដល់ក្រុមប្រឹក្សាស្រុក ក្រុង និងគណៈអភិបាលស្រុក ក្រុងលើកិច្ចការសំខាន់ៗ ដូច​ខាងក្រោម ៖

ខ.១). ផែនការអភិវឌ្ឍន៍ និងថវិកា

  • ការដាក់បញ្ចូលផែនការអភិវឌ្ឍន៍ និងថវិការបស់ក្រសួង ស្ថាប័ន ឬ មន្ទីរ ការិយាល័យ អង្គភាពនានារបស់រាជរដ្ឋាភិបាល ដែលបានផ្ដល់​សេវា សម្ភារៈ ឬហេដ្ឋារចនាសម្ព័ន្ធដោយផ្ទាល់នៅក្នុងដែនសមត្ថ​កិច្ច​របស់ក្រុមប្រឹក្សាស្រុក ក្រុង ទៅក្នុង ៖

-  ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរបស់ក្រុមប្រឹក្សាស្រុក ក្រុង

-  កម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាស្រុក ក្រុង

-  ក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់ក្រុមប្រឹក្សាស្រុក ក្រុង

-  គម្រោងថវិកាប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាស្រុក ក្រុង

  • សេចក្ដីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគ​បីឆ្នាំរំកិលប្រចាំឆ្នាំ និងធ្វើបច្ចុប្បន្នភាព
  • សេចក្ដីព្រាងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ក្រុមប្រឹក្សា​ស្រុក ក្រុង
  • សេចក្ដីព្រាងក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់ក្រុមប្រឹក្សាស្រុក ក្រុង និងការធ្វើបច្ចុប្បន្នភាព
  • ការងារហិរញ្ញវត្ថុ និងថវិការបស់ក្រុមប្រឹក្សាស្រុក ក្រុង
  • សេចក្ដីព្រាងគម្រោងវិភាជន៍មូលនិធិវិនិយោគស្រុក ក្រុង ដើម្បីគាំទ្រដល់​កម្មវិធីនានារបស់ស្រុក ក្រុង
  • កៀរគរការគាំទ្រពីអ្នកពាក់ព័ន្ធនានាដល់គម្រោងវិនិយោគស្រុក ក្រុង
  • របាយការណ៍រីកចម្រើននានា ទាក់ទងដល់ការងារផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគ និងថវិការបស់ក្រុមប្រឹក្សាស្រុក ក្រុង។

ខ.២). សម្របសម្រួលកិច្ចការរបស់ក្រុមប្រឹក្សាស្រុក ក្រុងជាមួយការិយាល័យ អង្គភាពរបស់ក្រសួង ស្ថាប័ននានា

  • កិច្ចសហប្រតិបត្ដិការ ការពិគ្រោះយោបល់ និងការសម្របសម្រួល​កិច្ចការនានារបស់ក្រុមប្រឹក្សាស្រុក ក្រុងជាមួយការិយាល័យ អង្គភាព​របស់​ក្រសួង ស្ថាប័ន
  • សម្របសម្រួលការផ្ដល់សេវា និងការអភិវឌ្ឍដែលផ្ដល់ដោយក្រសួង ស្ថាប័ន ឬដោយការិយាល័យ អង្គភាពរបស់ក្រសួង ស្ថាប័ន ដើម្បី​ឆ្លើយតបតម្រូវការរបស់មូលដ្ឋាន
  • ការសម្របសម្រួលភាពមិនចុះសម្រុងគ្នារវាងកិច្ចការរបស់ក្រុមប្រឹក្សាស្រុក ក្រុងជាមួយក្រសួង ស្ថាប័ន មន្ទីរ ការិយាល័យ អង្គភាពជំនាញនានា
  • ការផ្ដល់អនុសាសន៍ ដើម្បីកែលម្អការផ្ដល់សេវា និងការអភិវឌ្ឍនានា​ឱ្យស្របតាមតម្រូវការរបស់មូលដ្ឋាន។

ខ.៣). កិច្ចសហប្រតិបត្ដិការនិងការសម្របសម្រួលនៅក្នុងរដ្ឋបាលឯកភាពស្រុក ក្រុង

  • ការរៀបចំយន្ដការពិគ្រោះយោបល់ និងការចូលរួមក្នុងដំណើរការ​អនុវត្ដការងារនៃរដ្ឋបាលឯកភាពស្រុក ក្រុង
  • ការរៀបចំប្រព័ន្ធ និងនីតិវិធីបំពេញការងារ ព្រមទាំងទំនាក់ទំនង​របស់ការិយាល័យនានានៃសាលាស្រុក ក្រុង  
  • ការសម្របសម្រួលនូវភាពមិនចុះសម្រុងគ្នា ក្នុងការអនុវត្ដការងារ​របស់ការិយាល័យនានានៃសាលាស្រុក ក្រុង។

ខ.៤). កិច្ចសហប្រតិបត្ដិការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាស្រុក ក្រុង​ជាមួយ​ក្រុមប្រឹក្សាសង្កាត់នៅក្នុងស្រុក ក្រុង

  • ការរៀបចំយន្ដការពិគ្រោះយោបល់រវាងក្រុមប្រឹក្សាស្រុក ក្រុង ជាមួយ​នឹង​ក្រុមប្រឹក្សាសង្កាត់ក្នុងស្រុក ក្រុង
  • ការឆ្លើយតបចំពោះអនុសាសន៍ សំណើ សំណូមពរនានារបស់ក្រុម​ប្រឹក្សាសង្កាត់នៅក្នុងស្រុក ក្រុង ក្នុងករណីដែលក្រុមប្រឹក្សាសង្កាត់ទាំង​នោះ មិនអាចដោះស្រាយបាន
  • ដោះស្រាយនូវភាពមិនចុះសម្រុងគ្នារវាងក្រុមប្រឹក្សាស្រុក ក្រុង និងក្រុម​ប្រឹក្សាសង្កាត់នៅក្នុងស្រុក ក្រុង។

ខ.៥). កិច្ចសហប្រតិបត្ដិការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាស្រុក ក្រុង​ជាមួយ​ក្រុមប្រឹក្សាពាក់ព័ន្ធផ្សេងទៀត

  • ការរៀបចំយន្ដការពិគ្រោះយោបល់រវាងក្រុមប្រឹក្សាស្រុក ក្រុង ជាមួយ​ក្រុម​ប្រឹក្សាដែលមានព្រំប្រទល់ជាប់គ្នា និងក្រុមប្រឹក្សាពាក់ព័ន្ធ​ផ្សេង​ទៀត
  • ការសម្រុះសម្រួលនូវភាពមិនចុះសម្រុងគ្នារវាងក្រុមប្រឹក្សាស្រុក ក្រុង​ ជា​មួយក្រុមប្រឹក្សាដែលមានព្រំប្រទល់ជាប់គ្នា និងក្រុមប្រឹក្សាពាក់ព័ន្ធ​ផ្សេងទៀត។

ខ.៦). ការងារទាក់ទងមុខងារ និងធនធាន

  • វិធានការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ដមុខងារ និងធនធាន
  • ការរៀបចំនូវលក្ខណសម្បត្ដិ និងមធ្យោបាយ ដើម្បីទទួល និងអនុវត្ដ​មុខងារ និងធនធានដែលបានប្រគល់ ឬបានធ្វើប្រតិភូកម្មឱ្យ
  • ការផ្ដួចផ្ដើមស្នើឡើងនូវមុខងារ និងធនធាន ដែលគួរត្រូវបានប្រគល់ ឬបានធ្វើប្រតិភូកម្មឱ្យរដ្ឋបាលស្រុក ក្រុង
  • ការផ្ដួចផ្ដើមអំពីការធ្វើប្រតិភូកម្មនូវមុខងារ និងធនធានដល់រដ្ឋ​បាល​សង្កាត់នៅក្នុងស្រុក ក្រុង
  • ការវាយតម្លៃលើការអនុវត្ដមុខងារ និងធនធាន ដែលស្ថិតក្រោម​ការ​ទទួលខុសត្រូវរបស់រដ្ឋបាលស្រុក ក្រុង។

ក្រៅពីកិច្ចការខាងលើនេះ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស អាចទទួលអនុវត្ដកិច្ចការផ្សេងទៀតតាមតម្រូវការនៃច្បាប់ និងលិខិត​បទដ្ឋាន​គតិយុត្ដនានា ឬ តាមការប្រគល់ភារកិច្ចពីក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួន។

គ).   របៀបរបបការងាររបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

ក្នុងការអនុវត្ដតួនាទី និងភារកិច្ចរបស់ខ្លួន ប្រធាន អនុប្រធាន និង​សមា​ជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ត្រូវពិនិត្យ ពិចារណាលើចំណុច​មួយចំនួនដូចខាងក្រោម ៖

  • គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាស្រុក ក្រុង ត្រូវជួបប្រជុំយ៉ាងតិចពីរខែម្ដង។ កិច្ចប្រជុំអាចប្រព្រឹត្ដទៅបាន លុះ​ត្រាតែមានវត្ដមានសមាជិកលើសពីពាក់កណ្ដាល នៃសមាជិក​គណៈ​កម្មាធិការទាំងមូលចូលរួម។ សេចក្ដីសម្រេចនៃកិច្ចប្រជុំអាច​យក​ជា​ការបាន លុះត្រាមានសម្លេងអនុម័តលើសពីពាក់កណ្ដាលនៃចំនួន​សមាជិកគណៈកម្មាធិការទាំងមូល
  • ប្រធានគណៈកម្មាធិការជាអ្នកកោះប្រជុំ និងជាអធិបតីនៃអង្គប្រជុំ​របស់គណៈកម្មាធិការ។ ក្នុងករណីប្រធានអវត្ដមាន អនុប្រធានជា​អ្នកកោះប្រជុំ និងជាអធិបតីនៃអង្គប្រជុំ។ គ្រប់កិច្ចប្រជុំរបស់គណៈ​កម្មាធិការត្រូវមានកំណត់ហេតុ ដែលរៀបចំឡើងដោយនាយក​រដ្ឋ​បាលសាលាស្រុក ក្រុង និងត្រូវចុះហត្ថលេខាដោយអធិបតីនៃអង្គប្រជុំ
  • គណៈកម្មាធិការអាចកំណត់អំពីរបៀបរបបប្រជុំ ការអនុម័ត របៀប​របបការងារជាក់ស្ដែង និងការបែងចែកភារកិច្ចដល់សមាជិក​គណៈ​កម្មាធិការតាមការចាំបាច់
  • ក្នុងករណីសមាជិកណាមួយនៃគណៈកម្មាធិការ ដែលជានាយករដ្ឋ​បាល​សាលាស្រុក ក្រុង ចៅសង្កាត់ ប្រធានការិយាល័យ អង្គភាពនៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលប្រចាំនៅស្រុក ក្រុង ប្រធានការិយាល័យ​នៃសាលាស្រុក ក្រុងអវត្ដមាន សមាជិកនោះអាចចាត់តំណាង ដែលមាន​សិទ្ធិសម្រេចជំនួសខ្លួនឱ្យចូលរួមប្រជុំគណៈកម្មាធិការបាន
  • អភិបាលស្រុក ក្រុងអាចស្នើឱ្យអភិបាលរងស្រុក ក្រុង មន្ដ្រី ទីប្រឹក្សាបច្ចេកទេស និងអ្នកពាក់ព័ន្ធនានាចូលរួមកិច្ចប្រជុំគណៈកម្មាធិការតាមការចាំ​បាច់។ អភិបាលរងស្រុក ក្រុង មន្ដ្រី ទីប្រឹក្សាបច្ចេកទេស និងអ្នកពាក់ព័ន្ធទាំង​នោះ អាចផ្ដល់យោបល់នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការបាន ប៉ុន្ដែ​ពុំ​មានសិទ្ធិអនុម័តឡើយ
  • កិច្ចប្រជុំនីមួយៗរបស់គណៈកម្មាធិការត្រូវមានរបៀបវារៈ ដែល​បាន​ត្រៀមរៀបចំជាមុន។ អភិបាលស្រុក ក្រុង និងជាប្រធានគណៈកម្មាធិ​ការ​សម្របសម្រួលបច្ចេកទេស ដោយមាននាយករដ្ឋបាលសាលាស្រុក ក្រុង​ជា​ជំនួយការ ត្រូវរៀបចំរបៀបវារៈប្រជុំដោយផ្អែកតាម ៖

-  តម្រូវការរបស់ក្រុមប្រឹក្សាស្រុក ក្រុង

-  តម្រូវការរបស់គណៈអភិបាលស្រុក ក្រុង

-  តម្រូវការរបស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាស្រុក ក្រុង

-  សំណើរបស់សមាជិកយ៉ាងតិចមួយភាគបីនៃចំនួនសមាជិកគណៈ​កម្មាធិការសម្របសម្រួលបច្ចេកទេស

-  តម្រូវការនៃច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ដ។

ផ្អែកតាមតម្រូវការនិងសំណើដូចខាងលើនេះ អភិបាលស្រុក ក្រុងត្រូវពិគ្រោះ​យោបល់នៅក្នុងគណៈអភិបាលរបស់ខ្លួន ចាត់ឱ្យការិយាល័យមួយ ឬ ច្រើន​ដែលពាក់ព័ន្ធនៃសាលាស្រុក ក្រុង ដើម្បីសិក្សារៀបចំឯកសារ បែបបទ នីតិវិធីនានាតាមរបៀបវារៈនីមួយៗ។ ដោយសហការជាមួយ​ការិយា​ល័យ អង្គភាពនៃក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាលប្រចាំនៅស្រុក ក្រុង និង​រដ្ឋបាលដែលពាក់ព័ន្ធ តាមការចាំបាច់។ ក្នុងការសិក្សារៀបចំឯកសារ បែបបទនេះ នាយករដ្ឋបាលសាលាស្រុក ក្រុងត្រូវផ្អែកតាមច្បាប់ស្ដីពី​ការ​គ្រប់​គ្រងរដ្ឋបាលរាជធានី ខេត្ដ ស្រុក ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់ គ្រង​រដ្ឋបាលឃុំ សង្កាត់ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដសម្រាប់អនុវត្ដ​ច្បាប់​ទាំងនេះ។ ក្រោយពេលរៀបចំឯកសារ បែបបទ នីតិវិធីតាម​របៀប​វារៈ​នីមួយៗ នាយករដ្ឋបាលសាលាស្រុក ក្រុងត្រូវដាក់ជូនអភិបាលស្រុក ក្រុង ដើម្បី​ពិនិត្យ និងរៀបចំកោះប្រជុំគណៈកម្មាធិការ

  • អភិបាលស្រុក ក្រុងដោយមាននាយករដ្ឋបាលសាលាស្រុក ក្រុងជាជំនួយការ ត្រូវ​រៀបចំរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការ ដើម្បី​ដាក់ជូនក្រុមប្រឹក្សាស្រុក ក្រុង ចំពោះកិច្ចការទាំងឡាយណាដែលជា​សមត្ថ​កិច្ចរបស់ក្រុមប្រឹក្សាស្រុក ក្រុង ឬដាក់ជូនគណៈអភិបាលស្រុក ក្រុង ចំពោះកិច្ច​ការទាំងឡាយណា ដែលជាសមត្ថកិច្ចរបស់គណៈអភិបាលស្រុក ក្រុង
  • ដើម្បីជួយសម្រួលដល់កិច្ចការរបស់ខ្លួន គណៈកម្មាធិការសម្រប សម្រួល​បច្ចេកទេស អាចស្នើសុំបង្កើតអនុគណៈកម្មាធិការ ឬក្រុម​ការងារតាមការចាំបាច់ ឬតាមតម្រូវការនៃច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្ដនានា។ សមាសភាពអនុគណៈកម្មាធិការ ឬក្រុមការងារ​ខាង​លើនេះ អាចជ្រើសចេញពីសមាជិកគណៈកម្មាធិការសម្រប​សម្រួល​បច្ចេកទេស មន្ដ្រីការិយាល័យពាក់ព័ន្ធនៃសាលាស្រុក ក្រុង តំណាង​ក្រុម​ប្រឹក្សាសង្កាត់ និងការិយាល័យ អង្គភាពពាក់ព័ន្ធនានាតាមការ​ចាំបាច់
  • ក្រុមប្រឹក្សាស្រុក ក្រុងត្រូវសម្រេចអំពីការបង្កើត ការរៀបចំ និងការប្រ​ព្រឹត្ដ​ទៅនៃអនុគណៈកម្មាធិការ ឬក្រុមការងារខាងលើនេះ។ សេចក្ដី​សម្រេចនេះ ត្រូវចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាស្រុក ក្រុង ផ្អែក​តាមការសម្រេចក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួន។
Share on Facebook