បោះពុម្ព

គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សា

ការបង្កើតគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាស្រុក ក្រុង

ក្រុមប្រឹក្សាស្រុក ក្រុង មានកាតព្វកិច្ចបង្កើតគណៈកម្មាធិការពិគ្រោះយោបល់​ចំនួនបីគឺ ៖

 • គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
 • គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ
 • គណៈកម្មាធិការលទ្ធកម្ម។

ក្រៅពីគណៈកម្មាធិការជាកាតព្វកិច្ចទាំងបីខាងលើនេះ ក្រុមប្រឹក្សាស្រុក ក្រុង​អាចបង្កើតគណៈកម្មាធិការបន្ថែមផ្សេងទៀតតាមការចាំបាច់។  គណៈ​កម្មាធិ​ការ​

ដែលបង្កើតបន្ថែមនេះមិនត្រូវមានតួនាទី និងភារកិច្ចត្រួតគ្នាជាមួយនឹងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាកាតព្វកិច្ចទាំងបីខាងលើឡើយ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមប្រឹក្សាស្រុក ក្រុងអាចបង្កើតអនុគណៈកម្មាធិការ ឬក្រុមការងារ​ផ្សេងៗ​ទៀត តាមការស្នើសុំរបស់គណៈកម្មាធិការនានា ឬគណៈអភិបាលស្រុក ក្រុង។ អនុគណៈ​កម្មាធិការ ឬក្រុមការងារខាងលើនេះ ត្រូវមានគណនេយ្យភាពជាបឋមជា​មួយ​គណៈកម្មាធិការ ឬគណៈអភិបាលស្រុក ក្រុង។

ក្នុងការរៀបចំបង្កើតគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាស្រុក ក្រុង ក្រុម​ប្រឹក្សាស្រុក ក្រុងត្រូវពិនិត្យ ពិចារណាលើចំណុចមួយចំនួនដូចខាងក្រោម ៖

 • ក្រុមប្រឹក្សាស្រុក ក្រុងអាចតែងតាំងសមាជិកក្រុមប្រឹក្សាស្រុក ក្រុង អភិបាល​ស្រុក ក្រុង អភិបាលរងស្រុក ក្រុង តំណាងក្រុមប្រឹក្សាសង្កាត់ បុគ្គលិករបស់ក្រុម​ប្រឹក្សា​ស្រុក ក្រុង តំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា តាមការ​ចាំបាច់ សម្រាប់ជាសមាជិកគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារដែលខ្លួនបានបង្កើតឡើង
 • ក្រុមប្រឹក្សាស្រុក ក្រុងត្រូវសម្រេចពីចំនួនសមាជិកគណៈកម្មាធិការ ឬអនុ​គណៈកម្មាធិការ ឬក្រុមការងារនីមួយៗ ការតែងតាំងប្រធាន អនុ​ប្រធាន និងកំណត់អំពីការរៀបចំនិងការប្រព្រឹត្ដទៅរបស់គណៈ​កម្មា​ធិ​ការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារនានាដែល​ខ្លួន​បាន​បង្កើត
 • គណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារនីមួយៗ​ត្រូវ​មានតំណាងស្ដ្រីសមស្រប រួមទាំងតំណែងប្រធាន ឬអនុប្រធានគណៈ​កម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារផង
 • ក្រុមប្រឹក្សាស្រុក ក្រុងអាចរំសាយគណៈកម្មាធិការ ឬអនុគណៈកម្មាធិ​ការ ឬក្រុមការងារ និងអាចបញ្ឈប់សមាជិកណាម្នាក់ពីគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារ ដែលខ្លួនបានបង្កើតឡើង តាម​ការចាំបាច់ ឬតាមសំណើរបស់គណៈកម្មាធិការ ឬគណៈ​អភិ​បាល​ស្រុក ក្រុង
 • គណៈអភិបាលស្រុក ក្រុងអាចស្នើសុំក្រុមប្រឹក្សាស្រុក ក្រុង ដើម្បីឱ្យគណៈ​កម្មា​ធិ​ការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារណាមួយ ដែល​ក្រុម​ប្រឹក្សាស្រុក ក្រុងបានបង្កើតឡើង រួមទាំងគណៈកម្មាធិការជាកាតព្វកិច្ច​ទាំងបីខាងលើ ជួយសិក្សាផ្ដល់យោបល់លើបញ្ហាណាមួយ ឬមួយ​ចំនួន ដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈអភិបាលស្រុក ក្រុង
 • ក្រុមប្រឹក្សាស្រុក ក្រុង ត្រូវទទួលខុសត្រូវរាល់ការសម្រេច និងសកម្ម​ភាព​របស់គណៈកម្មាធិការនានា និងទទួលខុសត្រូវចំពោះផលវិបាក​នានា ដែលកើតចេញពីសកម្មភាពរបស់គណៈកម្មាធិការទាំងនេះ
 • ក្រុមប្រឹក្សាស្រុក ក្រុង ត្រូវណែនាំឱ្យគណៈអភិបាលស្រុក ក្រុងផ្ដល់ការគាំទ្រ​កិច្ច​ការផ្នែកលេខាធិការដ្ឋាន ការគាំទ្រផ្នែកច្បាប់ និងបច្ចេកទេស ព្រម​ទាំងការគាំទ្រដទៃទៀតដល់គណៈកម្មាធិការជាកាតព្វកិច្ចទាំងបី ឬ ដល់គណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារ ដែល​ក្រុមប្រឹក្សាស្រុក ក្រុងបានបង្កើតឡើង
 • គណៈកម្មាធិការដែលបានបង្កើតឡើង ត្រូវមានសេចក្ដីរាយការណ៍​ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ និងតាមតម្រូវការចាំបាច់​នានា។ សេចក្ដីរាយការណ៍នេះ ត្រូវចម្លងជូនគណៈអភិបាលស្រុក ក្រុង ដើម្បីបូក​សរុប និងរាយការណ៍ជូនក្រុមប្រឹក្សាស្រុក ក្រុង
 • ក្រុមប្រឹក្សាស្រុក ក្រុង អាចតម្រូវឱ្យគណៈកម្មាធិការណាមួយរាយការណ៍​ដោយផ្ទាល់អំពីកិច្ចការពិសេស និងបន្ទាន់ណាមួយ ក្នុងកិច្ចប្រជុំ​ក្រុម​ប្រឹក្សាស្រុក ក្រុងតាមការចាំបាច់។
Share on Facebook