បោះពុម្ព

តួនាទី និងភារកិច្ចក្រុមប្រឹក្សាស្រុក-ក្រុង

         ក្រុមប្រឹក្សាស្រុក ក្រុង ដែលបានបង្កើតឡើងដោយការបោះឆ្នោត ស្របតាម​ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុម​ប្រឹក្សាស្រុក ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គឺជាតំណាងសាធារណៈ ជាអ្នក​ការពារ និងជាអ្នកបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់​ក្នុង​ដែន​ សមត្ថកិច្ចរបស់ខ្លួន។

១. សិទ្ធិអំណាចក្រុមប្រឹក្សាស្រុក ក្រុង

ក្រុមប្រឹក្សាស្រុក ក្រុងមានសិទ្ធិអំណាចពីរ គឺ ៖

 • សិទ្ធិអំណាចធ្វើសេចក្ដីសម្រេចខាងបញ្ញត្ដិ និង
 • សិទ្ធិអំណាចធ្វើសេចក្ដីសម្រេចខាងប្រតិបត្ដិ

ក្រុមប្រឹក្សាស្រុក ក្រុងត្រូវប្រើប្រាស់អំណាចបញ្ញត្ដិ និងអំណាចប្រតិបត្ដិរបស់​ខ្លួន ដោយផ្អែកតាមគោលការណ៍ បែបបទ និងនីតិវិធីដែលកំណត់ក្នុងច្បាប់ និង​លិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធនានា។

ប្រធានក្រុមប្រឹក្សាស្រុក ក្រុង ក្នុងនាមក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួន មានសិទ្ធិចុះ​ហត្ថលេខា និងប្រថាប់ត្រារដ្ឋបាលស្រុក ក្រុងលើ ៖

 • ដីកា ឬសេចក្ដីសម្រេចដែលក្រុមប្រឹក្សាស្រុក ក្រុងបានអនុម័តរួច
 • សេចក្ដីសម្រេចបង្កើតគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬ ក្រុមការងារ តាមការសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាស្រុក ក្រុង
 • កំណត់ហេតុប្រជុំដែលអង្គប្រជុំក្រុមប្រឹក្សាស្រុក ក្រុងបានអនុម័ត
 • សំណើដកហូតអភិបាលស្រុក ក្រុង ឬអភិបាលរងស្រុក ក្រុងចេញពីមុខតំណែង តាមការសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាស្រុក ក្រុង
 • លិខិតអញ្ជើញប្រជុំក្រុមប្រឹក្សាស្រុក ក្រុង
 • ប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក ក្រុងសម្រាប់រយៈពេល១២ខែ
 • សំណើសុំផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាស្រុក ក្រុង
 • កិច្ចការដទៃទៀតតម្រូវដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា។

គណៈអភិបាលស្រុក ក្រុង ត្រូវជួយក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួន ក្នុងការរៀបចំ​ឯកសារខាងលើនេះ លើកលែងតែឯកសារសម្រាប់រៀបចំកិច្ចប្រជុំ ទាក់ទងនឹង​សំណើដកហូតអភិបាលស្រុក ក្រុង ឬអភិបាលរងស្រុក ក្រុងចេញពីមុខតំណែង។

២.  របៀបរបបការងាររបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ក្នុងការអនុវត្ដសិទ្ធិអំណាចរបស់ខ្លួន ក្រុមប្រឹក្សាស្រុក ក្រុងត្រូវពិនិត្យពិចារ​ណា​លើចំណុចសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងរបៀបរបប អនុវត្ដការងារ​ដូច​ខាងក្រោម ៖

 • ក្រុមប្រឹក្សាស្រុក ក្រុង ត្រូវបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន ដោយ​ធ្វើ​សេចក្ដីសម្រេចខាងបញ្ញត្ដិតាមរយៈដីកា និងសេចក្ដីសម្រេចខាង​ប្រតិ​បត្ដិ។ រាល់សេចក្ដីសម្រេចខាងបញ្ញត្ដិ និងសេចក្ដីសម្រេចខាង​ប្រតិបត្ដិ​ត្រូវធ្វើឡើង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួន និងត្រូវធានា​ថា​ សេចក្ដីសម្រេចទាំងនោះ ត្រូវបានអនុវត្ដដោយមានការតាមដាន និង​វាយតម្លៃជាប្រចាំ។
 • ក្រុមប្រឹក្សាស្រុក ក្រុង អាចចាត់ឱ្យគណៈកម្មាធិការណាមួយ ឬមួយចំនួន ដែលតម្រូវឱ្យបង្កើតឡើង ដោយច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល​រាជធានី ខេត្ដ ស្រុក ក្រុង ស្រុក ខណ្ឌ ឬអាចបង្កើតគណៈកម្មាធិការ ឬអនុ​គណៈកម្មាធិការ ឬក្រុមការងារនានា ដើម្បីស្រាវជ្រាវរៀបចំសេច​ក្ដី​ព្រាងដីកា ឬសេចក្ដីព្រាងសេចក្ដីសម្រេចតាមការចាំបាច់។ គណៈ​អភិ​បាលស្រុក ក្រុងត្រូវដឹកនាំនាយករដ្ឋបាលសាលាស្រុក ក្រុង និងការិយាល័យ​ពាក់​ព័ន្ធ​នៃសាលាស្រុក ក្រុង ដើម្បីផ្ដល់ការគាំទ្រផ្នែកច្បាប់ បច្ចេកទេស និង​ការគាំទ្រដទៃទៀតដល់គណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬ ក្រុមការងារខាងលើ ព្រមទាំងធ្វើការសម្របសម្រួល ណែនាំដល់​ការិ​យាល័យនានានៃសាលាស្រុក ក្រុង ក្នុងការរៀបចំសេចក្ដីព្រាងដីកា ឬ សេចក្ដីព្រាងសេចក្ដីសម្រេច ដើម្បីដាក់ជូនក្រុមប្រឹក្សាស្រុក ក្រុងពិនិត្យ ពិភាក្សា និងអនុម័ត។ លើសពីនេះទៀត អភិបាលស្រុក ក្រុងត្រូវណែនាំ នាយករដ្ឋបាលសាលាស្រុក ក្រុងឱ្យរៀបចំដីកា ឬសេចក្ដីសម្រេច ដែល​ក្រុម​ប្រឹក្សាស្រុក ក្រុងបានអនុម័តរួច ឱ្យស្របតាមទម្រង់ដែលបានកំណត់ ដើម្បីដាក់ជូនប្រធានក្រុមប្រឹក្សាស្រុក ក្រុង ចុះហត្ថលេខាក្នុងនាមក្រុម ប្រឹក្សាស្រុក ក្រុងរបស់ខ្លួន និងត្រូវប្រថាប់ត្រារដ្ឋបាលស្រុក ក្រុង
 • ក្រុមប្រឹក្សាស្រុក ក្រុង ត្រូវចាត់ឱ្យអភិបាលស្រុក ក្រុងចាត់ចែងផ្សព្វផ្សាយជា​សាធារណៈជាបន្ទាន់នូវដីកា ឬសេចក្ដីសម្រេចដែលក្រុមប្រឹក្សាស្រុក ក្រុង​បានអនុម័តរួច លើកលែងតែមានការកំណត់ផ្សេងពីនេះ ព្រមទាំង​ចាត់ចែងអនុវត្ដឱ្យមានប្រសិទ្ធភាព
 • ក្នុងករណីកិច្ចការណាមួយ ដែលជាតម្រូវការចាំបាច់នៃមូលដ្ឋាន​របស់​ខ្លួន ហើយដែលកិច្ចការនោះ ច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ដ​មិនបាន​ចែងអំពីបែបបទ និងនីតិវិធីក្នុងការប្រើប្រាស់អំណាចបញ្ញត្ដិ ឬអំណាច​ប្រតិបត្ដិរបស់ខ្លួន ក្រុមប្រឹក្សាស្រុក ក្រុងត្រូវចាត់ឱ្យគណៈអភិបាលស្រុក ក្រុង​ធ្វើ​ការសិក្សាស្រាវជ្រាវរៀបចំបែបបទ និងនីតិវិធីសមស្រប ដោយ​ឈរ​លើគោលការណ៍តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ដាក់ជូន​ក្រុមប្រឹក្សាស្រុក ក្រុងពិនិត្យ និងអនុម័ត ដើម្បីដោះស្រាយកិច្ចការ​ទាំង​នោះ ឬអាចស្នើសុំយោបល់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឬរដ្ឋមន្ដ្រី ឬ ប្រធានស្ថាប័នពាក់ព័ន្ធនានាធ្វើការបញ្ជាក់នូវបែបបទ នីតិវិធី ដើម្បី​ដោះស្រាយកិច្ចការទាំងនោះ
 • ក្នុងករណីកិច្ចការណាមួយ ដែលច្បាប់និងលិខិតបទដ្ឋានគតិយុត្ដ​បាន​កំណត់អំពីបែបបទ និងនីតិវិធីដែរ ប៉ុន្ដែបែបបទ និងនីតិវិធីនោះ ចែង​មិនច្បាស់លាស់ ឬមិនស្របនឹងស្ថានភាពជាក់ស្ដែងនៃមូលដ្ឋាន​របស់​ខ្លួន ហើយដែលក្រុមប្រឹក្សាស្រុក ក្រុងមិនអាចអនុវត្ដបាន ក្រុមប្រឹក្សាស្រុក ក្រុង​ត្រូវចាត់ឱ្យគណៈអភិបាល ស្រុក ក្រុងធ្វើសំណើមករដ្ឋមន្ដ្រីក្រសួងមហា​ផ្ទៃ​ជាបន្ទាន់។ ដោយផ្អែកតាមយន្ដការ គ.ជ.អ.ប រដ្ឋមន្ដ្រីក្រសួង​មហា​ផ្ទៃ​ធ្វើការសម្របសម្រួលជាមួយរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នពាក់ព័ន្ធ ដើម្បី ពិនិត្យ និងដោះស្រាយករណីនេះ។

៣.  កិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្រុក ក្រុង

       កិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្រុក ក្រុងមានពីរប្រភេទ ៖

 • កិច្ចប្រជុំសាមញ្ញ ៖ ក្រុមប្រឹក្សាត្រូវប្រជុំសាមញ្ញយ៉ាងហោចណាស់​ចំនួន១២ដងក្នុងមួយឆ្នាំ
 • ការប្រជុំវិសាមញ្ញ ៖ ក្រុមប្រឹក្សាអាចប្រជុំវិសាមញ្ញ នៅក្នុងដែន​សមត្ថកិច្ចរបស់ខ្លួនបានតាមការចាំបាច់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ឬពិសេស។

កិច្ចប្រជុំសាមញ្ញ និងវិសាមញ្ញអាចយកជាការបាន លុះត្រាតែកិច្ចប្រជុំ​ទាំងនេះប្រព្រឹត្ដទៅត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាស្រុក ក្រុង។ សេចក្ដី​សម្រេចទាំងឡាយណាដែលធ្វើឡើង មិនស្របនឹងបទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សាស្រុក ក្រុង ឬរដ្ឋធម្មនុញ្ញ ឬច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ដនានា សេចក្ដី​សម្រេចនោះពុំមានសុពលភាពឡើយ។

រាល់កិច្ចប្រជុំរបស់ខ្លួន ក្រុមប្រឹក្សាស្រុក ក្រុងត្រូវធ្វើសេចក្ដីសម្រេចខាងបញ្ញត្ដិ ឬធ្វើសេចក្ដីសម្រេចខាងប្រតិបត្ដិ ដែលជាគោលការណ៍ គោលនយោបាយ​របស់​រដ្ឋបាលស្រុក ក្រុង និងជាវិធានការ បែបបទ នីតិវិធីចាត់ចែងការងារ តាមការ​ចាំ​បាច់​ដែលទាក់ទងទៅនឹង ៖

 • ការរៀបចំដើម្បីទទួលមុខងារ ភារកិច្ច និងធនធានថ្មីដែលស្រប​តាម​ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ស្រុក ក្រុង ស្រុក ខណ្ឌ
 • ការអនុវត្ដមុខងារជាកាតព្វកិច្ចរបស់ក្រុមប្រឹក្សាស្រុក ក្រុង
 • ការអនុវត្ដមុខងារជាជម្រើសរបស់ក្រុមប្រឹក្សាស្រុក ក្រុង
 • ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគ​បី​ឆ្នាំរំកិលប្រចាំឆ្នាំ រួមទាំងសមាសភាគនៃផែនការ ដែលស្ថិតក្រោម​ការ​គ្រប់គ្រង និងការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រភេទរួមគ្នា ប្រភេទ​ក្រុមប្រឹក្សាផ្សេងៗគ្នា ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពនានា​របស់​រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា
 • ថវិកាប្រចាំឆ្នាំ និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់រដ្ឋបាល​ស្រុក ក្រុង
 • បញ្ហាហិរញ្ញវត្ថុផ្សេងទៀតរបស់ក្រុមប្រឹក្សាស្រុក ក្រុង
 • ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងធនធាន រួមទាំងការរៀបចំគណៈ​កម្មាធិការ ការិយាល័យ និងបុគ្គលិករបស់ក្រុមប្រឹក្សាស្រុក ក្រុង
 • ការបែងចែកភារកិច្ចដល់សមាជិកក្រុមប្រឹក្សាស្រុក ក្រុង ដើម្បីជួបប្រាស្រ័យ​ទាក់ទងជាមួយប្រជាពលរដ្ឋ និងទទួលតាមដានការងារនានា តាម​តម្រូវការរបស់ក្រុមប្រឹក្សាស្រុក ក្រុង
 • ការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្ដិរបស់រដ្ឋបាលស្រុក ក្រុង
 • ដំណើរការពិគ្រោះយោបល់ជាមួយសាធារណជន ក្នុងដែនសមត្ថកិច្ច​របស់ក្រុមប្រឹក្សាស្រុក ក្រុង និងការផ្សព្វផ្សាយព័ត៌មាននានាជូនប្រជា​ពល​រដ្ឋក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាស្រុក ក្រុង
 • សមិទ្ធផល និងបញ្ហាប្រឈមនៃកិច្ចការនានាដែលស្ថិតក្នុងដែនសមត្ថ​កិច្ចរបស់ក្រុមប្រឹក្សាស្រុក ក្រុង
 • កិច្ចការផ្សេងៗទៀតដែលកំណត់ដោយច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ដនានា។

ក្រៅពីកិច្ចការដែលក្រុមប្រឹក្សាស្រុក ក្រុងត្រូវធ្វើការសម្រេចដូចរៀបរាប់​ខាង​លើ ក្រុមប្រឹក្សាស្រុក ក្រុងអាចធ្វើការសម្រេចក្នុងកិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញ​របស់​ខ្លួននូវកិច្ចការផ្សេងៗទៀតរួមមាន ៖

 • ការកោះអញ្ជើញអភិបាលស្រុក ក្រុង ឬអភិបាលរងស្រុក ក្រុង ឬគណៈអភិបាល​ស្រុក ក្រុងទាំងមូល ឬបុគ្គលដែលពាក់ព័ន្ធមកសាកសួរអំពីការអនុវត្ដ​សេច​ក្ដី​សម្រេចរបស់ក្រុមប្រឹក្សាស្រុក ក្រុង ឬហេតុការណ៍ណាមួយដែលកើត​មាន​ក្នុងស្រុក ក្រុង ឬការដោះស្រាយបញ្ហាបន្ទាន់ និងពិសេសណាមួយ ព្រម​ទាំងកិច្ចការផ្សេងៗទៀត ដែលពាក់ព័ន្ធដល់រដ្ឋបាលស្រុក ក្រុង
 • ការសម្រេចឱ្យមានការសិក្សា ស្រាវជ្រាវ ឬការស៊ើបអង្កេតលើករណី​ទាំងឡាយណាដែលក្រុមប្រឹក្សាស្រុក ក្រុងយល់ឃើញថា មានសារៈ​សំខាន់​​ដល់ប្រជាពលរដ្ឋដែលខ្លួនជាតំណាង និងការសម្រេចឱ្យធ្វើការផ្សព្វ​ផ្សាយលទ្ធផលនៃការសិក្សា ស្រាវជ្រាវ ឬការធ្វើអង្កេតនេះ ព្រម​ទាំង​ណែនាំដល់គណៈអភិបាលស្រុក ក្រុង អំពីវិធានការដោះស្រាយតាម​លទ្ធផលនៃការធ្វើអង្កេតនេះ
 • ការធ្វើប្រតិភូកម្មមុខងារ និងភារកិច្ចដល់ក្រុមប្រឹក្សាសង្កាត់ និង​ការ​គាំទ្រដល់ក្រុមប្រឹក្សាសង្កាត់
 • ការពិនិត្យស្រាវជ្រាវ និងការធ្វើសេចក្ដីរាយការណ៍ទៅក្រសួងមហា​ផ្ទៃ ក្នុងករណីមានការរំលោភអំណាចកើតឡើងក្នុងដែនសមត្ថកិច្ចរបស់​ខ្លួន
 • ការពិនិត្យ និងដោះស្រាយចំពោះទង្វើមិនស្របច្បាប់ ដែលប្រព្រឹត្ដ ដោយក្រុមប្រឹក្សាស្រុក ក្រុង ឬសមាជិកក្រុមប្រឹក្សាស្រុក ក្រុង ឬគណៈអភិ​បាល​ស្រុក ក្រុង ឬអភិបាលស្រុក ក្រុង ឬអភិបាលរងស្រុក ក្រុង ឬដោយបុគ្គលិក​របស់​ក្រុម​ប្រឹក្សាស្រុក ក្រុង
 • ការពិនិត្យ និងចាត់វិធានការដោះស្រាយវិវាទនៅមូលដ្ឋាន ស្របទៅ​តាមច្បាប់ និងនីតិវិធីជាធរមាន
 • ការពិនិត្យ និងដោះស្រាយឱ្យបានសមស្របអំពីសំណូមពរ ឬការតវ៉ា​នានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
 • ការពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និង​ប្រចាំឆ្នាំ ដែលរៀបចំដោយគណៈអភិបាលស្រុក ក្រុង

បញ្ហាផ្សេងៗទៀតដែលតម្រូវដោយច្បាប់ លិខិតបទដ្ឋានគតិយុត្ដ ព្រម​ទាំងបញ្ហានានាដែលក្រុមប្រឹក្សាស្រុក ក្រុង និងគណៈអភិបាលស្រុក ក្រុង​យល់ឃើញថាមានការចាំបាច់។

៤. ទំនាក់ទំនងរវាងក្រុមប្រឹក្សាស្រុក ក្រុង និងគណៈអភិបាលស្រុក ក្រុង

       ទំនាក់ទំនងរវាងក្រុមប្រឹក្សាស្រុក ក្រុង និងគណៈអភិបាលស្រុក ក្រុង មានដូចខាង​ក្រោម ៖

 • អំណាចបញ្ញត្ដិ និងអំណាចប្រតិបត្ដិទាំងអស់ដែលក្រុមប្រឹក្សាស្រុក ក្រុង​បានសម្រេចរួច ហើយគណៈអភិបាលស្រុក ក្រុងត្រូវទទួលខុសត្រូវចាត់​ចែង​អនុវត្ដក្នុងនាមក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួន។ ដូច្នេះ គណៈអភិបាល​ស្រុក ក្រុង គឺជាអ្នកអនុវត្ដទាំងសេចក្ដីសម្រេចខាងបញ្ញត្ដិ និងសេចក្ដី សម្រេច​ខាងប្រតិបត្ដិរបស់ក្រុមប្រឹក្សាស្រុក ក្រុង
 • ក្រុមប្រឹក្សាស្រុក ក្រុងត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើកិច្ចការ ដែលអនុវត្ដដោយគណៈអភិបាលស្រុក ក្រុង ដើម្បីធានាថា គណៈអភិ​បាល​ស្រុក ក្រុង​អនុវត្ដកិច្ចការទាំងនោះបានត្រឹមត្រូវ តាមច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ដនានា និងការសម្រេចរបស់ក្រុមប្រឹក្សាស្រុក ក្រុង
 • គណៈអភិបាលស្រុក ក្រុង ត្រូវធ្វើសេចក្ដីរាយការណ៍ជូនក្រុមប្រឹក្សាស្រុក ក្រុង​របស់ខ្លួនរៀងរាល់កិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញរបស់ក្រុមប្រឹក្សា​ស្រុក ក្រុង
 • គណៈអភិបាលស្រុក ក្រុង ត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាស្រុក ក្រុង​របស់ខ្លួនអំពីការអនុវត្ដសេចក្ដីសម្រេចនានារបស់ក្រុមប្រឹក្សាស្រុក ក្រុង និង​ មានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល អំពីការអនុវត្ដតាម​រដ្ឋ​ធម្ម​នុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋាន​គតិ​យុត្ដនានា
 • អភិបាលស្រុក ក្រុងដោយមាននាយករដ្ឋបាលសាលាស្រុក ក្រុងជាជំនួយការ​ ត្រូវ​រៀបចំសេចក្ដីរាយការណ៍អំពីសកម្មភាព និងលទ្ធផលនៃការ អនុវត្ដ​តួនាទីជាតំណាងរាជរដ្ឋាភិបាល និងតំណាងក្រសួង ស្ថាប័ន នានា ព្រម​ទាំងស្ថានភាពនៃការងារទាំងនោះ ក្នុងរបាយការណ៍ ប្រចាំខែ ត្រីមា​ស ប្រចាំឆមាស និងប្រចាំឆ្នាំ ដើម្បីរាយការណ៍ជូន ក្រុមប្រឹក្សា​ស្រុក ក្រុង​របស់​ខ្លួន
 • ក្នុងករណីមានបញ្ហាណាមួយ ដែលពាក់ព័ន្ធដល់ការអនុវត្ដតួនាទីរបស់​អភិបាលស្រុក ក្រុង ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល និងតំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ហើយដែលមានការប៉ះពាល់ដល់ផល​ប្រ​យោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ឬមានការទាមទារតវ៉ា​ពីប្រជា​ពលរដ្ឋ ក្រុមប្រឹក្សាស្រុក ក្រុងអាចតម្រូវឱ្យអភិបាលស្រុក ក្រុងធ្វើ​សេចក្ដីរាយ​ការណ៍ជាពិសេសជូនកិច្ចប្រជុំក្រុមប្រឹក្សាស្រុក ក្រុង
 • ក្រុមប្រឹក្សាស្រុក ក្រុងអាចផ្ដល់អនុសាសន៍ និងការណែនាំដល់អភិបាល​ស្រុក ក្រុង​អំពីការអនុវត្ដតួនាទីខាងលើនេះ ដើម្បីឆ្លើយតបតម្រូវការជា​អាទិ​ភាព និងបញ្ហាប្រឈមនានារបស់មូលដ្ឋាន។ អភិបាលស្រុក ក្រុងត្រូវ ទទួល​យក​អនុសាសន៍ និងការណែនាំនានាពីក្រុមប្រឹក្សាស្រុក ក្រុងរបស់ ខ្លួន ដើម្បី​ធ្វើ​ការណែនាំ សម្របសម្រួល និងតម្រង់ទិសដល់ការិយា ល័យ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នដែលប្រចាំ នៅស្រុក ក្រុង ក្នុងការ​ឆ្លើយតបតម្រូវការទាំងនោះ ហើយត្រូវរាយការណ៍ ជូនក្រុមប្រឹក្សា​ស្រុក ក្រុងរបស់ខ្លួនវិញ។

ក្រៅពីទំនាក់ទំនងនានាដូចបានរៀបរាប់ខាងលើ ទំនាក់ទំនងរវាង​ក្រុម​ប្រឹក្សាស្រុក ក្រុង និងគណៈអភិបាលស្រុក ក្រុង ក៏បានកំណត់ក្នុងតួនាទី ភារកិច្ច និងរបៀប​របបការងាររបស់ក្រុមប្រឹក្សាស្រុក ក្រុង គណៈអភិបាលស្រុក ក្រុងផងដែរ។