បោះពុម្ព

សេចក្តីប្រកាសតែងតាំងមន្រ្តីរាជការផ.អ៣

និពន្ធ​ដោយ Malivan. Posted in មន្រ្តី POC

          កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ដ្រី ដែលបានរៀបចំឡើងកាលពីថ្លៃទី២៨ ខែឧសភា ឆ្នាំ២០១០។ ចក្ខុវិស័យនៃ កម្មវិធីជាតិ គឺការបង្កើត ប្រព័ន្ធគ្រប់គ្រងនៅថ្នាក់រដ្ឋបាលខេត្ដ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដោយឈរលើគោលការណ៍នៃការ ចូលរួមតាមលក្ខណៈប្រជាធិបតេយ្យ ហើយត្រូវដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រម ទាំងចូលរួមកាត់បន្ថយ ភាពក្រីក្រនៅក្នុងដែនដីរបស់ខ្លួននីមួយៗ។ កម្មវិធីជាតិត្រូវបានបែងចែកជាបីដំណាក់កាលគឺ ៖

ដំណាក់កាលទី១ បង្កើតរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចទាំងនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីធានា ដល់ការអនុវត្ដគោលនយោបាយ និងប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិនៃសេវាសាធារណៈដែលផ្ដល់ដោយរដ្ឋបាល ថ្នាក់ក្រោមជាតិ។

ដំណាក់កាលទី២ ពង្រឹង និងពង្រីករចនាសម្ព័ន្ធ និងប្រព័ន្ធដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាព ដាក់ចេញ និងអនុវត្ដនូវគោលនយោបាយ សម្រាប់មូលដ្ឋានខ្លួនសំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងបង្កើន លទ្ធភាពទទួលយក សេវាសាធារណៈរបស់ស្ដ្រី និងអ្នកដែលបានទទួលសេវាសាធារណៈជាមូលដ្ឋានតិចតួច ។

ដំណាក់កាលទី៣ កែតម្រូវកម្មវិធីនានា និងធ្វើឱ្យមានឥទ្ធិពលកាន់តែស៊ីជម្រៅតាមរយៈការអនុវត្ដមេរៀន និងបទពិសោធន៍ដែលទទួលបាន និងធានាថា កម្មវិធីិនានាស្ដីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឆ្លើយតប និងឆ្លុះបញ្ចាំងពីគោលនយោបាយ និងយុទ្ធសាស្ដ្រថ្មីៗរបស់រាជរដ្ឋាភិបាល។

ផែនការអនុវត្ដរយៈពេលបីឆ្នាំ២០១១-២០១៣ (ផអ៣) គឺជាផែនការអនុវត្ដដំណាក់កាលទី១នៃកម្មវិធីជាតិ។ ផអ៣ ផ្ដោតទៅលើការបង្កើត ការបំពេញមុខងារ អភិបាលកិច្ច និងការត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ ចាប់ផ្ដើមជាបឋម គឺនៅថ្នាក់ក្រុង ស្រុក ដើម្បីធានាឱ្យមានកិច្ចសហប្រតិបត្ដិការ និងការគាំទ្រប្រកបដោយ ប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិរវាងក្រុង ស្រុកជាមួយឃុំ សង្កាត់ក្នុងន័យពង្រឹងថែមទៀតនូវសមត្ថភាព និងភាពជាម្ចាស់របស់ឃុំ សង្កាត់ ព្រមទាំងយកចិត្ដទុកដាក់ ដល់ការពង្រឹងសមត្ថភាពរដ្ឋបាលរាជធានី ខេត្ដ។ ជាមួយគ្នានេះដែរ ផអ៣ ក៏ផ្ដោត ទៅលើការ រៀបចំតាក់តែងបន្ថែមនូវក្របខ័ណ្ឌគោលនយោបាយនានាផងដែរ។

ផអ៣ បែងចែកជាអនុកម្មវិធីចំនួន៦ ដែលអនុវត្ដដោយក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៦ ៖

  • អនុកម្មវិធីទី១ ពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយ និងសម្របសម្រួលកម្មវិធី អនុវត្ដដោយលេខា ធិការដ្ឋាន គ.ជ.អ.ប និងការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ
  • អនុកម្មវិធីទី២ពាក់ព័ន្ធនឹងការរៀបចំ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងបុគ្គលិករបស់រដ្ឋបាលថ្នាក់ ក្រាមជាតិ អនុវត្ដដោយក្រសួងមហាផ្ទៃ
  • អនុកម្មវិធីទី៣ស្ដីពីការគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្ដដោយរដ្ឋលេខាធិការ ដ្ឋានមុខងារសាធារណៈ
  • អនុកម្មវិធីទី៤ស្ដីពីធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្ដដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
  • អនុកម្មវិធីទី៥ពាក់ព័ន្ធនឹងប្រព័ន្ធកសាងផែនការ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្ដ ដោយក្រសួងផែនការ និង
  • អនុកម្មវិធីទី៦ស្ដីពីការអភិវឌ្ឍសមត្ថភាពរបស់សមាគក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្ដដោយ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់។

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ទទួលខុស ត្រូវក្នុងការដឹកនាំ និងសម្របសម្រួលការអនុវត្ដកម្មវិធីជាតិ និងផអ៣។ លេខាធិការដ្ឋាន គ.ជ.អ.ប បំពេញតួនាទីជា សេនាធិការរបស់ គ.ជ.អ.ប ក្នុងការគ្រប់គ្រង និងសម្របសម្រួលលការអនុវត្ដកម្មវិធីជាតិ និងផអ៣ តាមរយៈ ការរៀបចំ និងអនុវត្ដផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ គ.ជ.អ.ប ដោយសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លេខាធិការដ្ឋាន គ.ជ.អ.ប បែងចែងជា២អង្គភាព គឺអង្គភាពគោលនយោបាយ និងអង្គភាពគាំទ្រកម្មវិធី។

គណៈកម្មាធិការគ្រប់គ្រងផអ៣ថ្នាក់ក្រោមជាតិ ទទួលខុសត្រូវក្នុងការរៀបចំ គ្រប់គ្រង និងអនុវត្ដផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំរបស់រាជធានី ខេត្ដ ដើម្បីគាំទ្ររដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ក្នុងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន និងកិច្ចអភិវឌ្ឍមូលដ្ឋាន។

កម្មវិធីចំណាយប្រតិបត្ដិការអាទិភាពនៃផអ៣ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រការអនុវត្ដផអ៣នៅថ្នាក់ជាតិ ដែលរួមមានក្រុមការងារគ្រប់គ្រង អនុកម្មវិធីនានានៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិនៅថ្នាក់រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ។ កម្មវិធីនេះស្ថិតក្រោមការដឹកនាំរួមរបស់ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រធាន គ.ជ.អ.ប។ នាយកកម្មវិធីទទួលខុសត្រូវគ្រប់គ្រង និងអនុវត្ដចំណាយប្រតិបត្ដិការអាទិភាពនៃផអ៣ ដោយ មាននាយករងកម្មវិធី ទទួលបន្ទុកអនុកម្មវិធីនីមួយៗជាជំនួយការ។ ជាមួយគ្នានេះដែរ ការអនុវត្ដចំណាយប្រតិបត្ដិការ អាទិភាពនៅតាមអនុកម្មវិធីនីមួយៗ ស្ថិតក្រោមការទទួលខុសត្រូវប្រចាំរបស់ប្រធានគម្រោង។

នៅថ្នាក់រាជធានី ខេត្ដ ការគ្រប់គ្រង និងអនុវត្ដចំណាយប្រតិបត្ដិការអាទិភាពនៃផអ៣ ស្ថិតក្រោមការគ្រប់ គ្រងដោយផ្ទាល់របស់ប្រធានគម្រោង ដើម្បីជួយគាំទ្រដល់រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ក្នុងអនុវត្ដផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ខ្លួន។

Share on Facebook