បោះពុម្ព

យក​ថ្នាំ​ចាក់​សាកសព ប្រើ​លើ​បន្លែ​-​សាច់ ខណៈ​ពលរដ្ឋ​ខ្មែរ​ព្រួយបារម្ភ​

ភ្នំពេញ: ដោយសារតែ​ការប្រើ​ថ្នាំ​លើ បន្លែ សាច់ ដើម្បី​ទុក​បានយូរ ដែលជា​ការបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព អ្នក​បរិភោគ​នោះ ប្រទេសជិតខាង​កម្ពុជា ដូចជា ប្រទេស​ថៃ កាលពី​ថ្មីៗ​នេះ បាន​ព្រមាន​ពលរដ្ឋ​របស់ខ្លួន ដែល​តែង​លួច​ប្រើ​ថ្នាំ ប្រភេទ​ចាក់​សាកសព ឬ​ហៅថា “​ហ្វ័​រ​ម៉ា​លីន​” សម្រាប់​រក្សា​បន្លែ សាច់ ទុកឱ្យ​បានយូរ​នោះ​ថា នឹង​ផ្តន្ទាទោស ព្រោះ​ត្រូវបាន​គេ​ចាត់ទុកថា ជាការ​សម្លាប់​មនុស្ស ដោយ​ប្រយោល​មួយ​។​

​ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ ពលរដ្ឋ​ជាច្រើន មិន​ថា​នៅ​តំបន់​ណា​ទេ កំពុងតែ​មានការ​ព្រួយបារម្ភ ជាមួយនឹង​ចំណី​អាហារ ដែល​លាយ​សារ​ជាតិគីមី ពិសេស​ការប្រើ​ថ្នាំ​សាកសព​នេះ ពីព្រោះថា បន្លែ សាច់ មួយចំនួន នៅ​ប្រទេស​កម្ពុជា ក៏មាន​នាំចូល​ពី​ប្រទេស​ថៃ និង​ប្រទេសជិតខាង​ផងដែរ​។ នៅ​កម្ពុជា​បច្ចុប្បន្ន ក៏ត្រូវ​បាន​គេ​ឃើញថា មានការ​ប្រើ​ថ្នាំ​សារជាតិ​គីមី ព្រមជាមួយ​ការប្រើ​ថ្នាំ​សាកសព​នេះ មិនតិច​ដែរ​ទេ​។ ជាមួយ​ការព្រួយបារម្ភ​នេះ ពលរដ្ឋ​កម្ពុជា ក៏​ទាមទារ​ឱ្យ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ចៀសវាង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព​អ្នក​បរិភោគ នៅ​ថ្ងៃ​ខាងមុខ​។​

​យោងតាម​បណ្តាញសារព័ត៌មាន​ថៃ កាលពីពេល​ថ្មីៗ​នេះ បានឱ្យដឹងថា នាពេលនេះ មន្ត្រី​ក្រសួងសុខាភិបាល នៃ​ប្រទេស​នេះ កំពុង​ចាត់វិធានការ​ក្តៅគគុក​មួយ បន្ទាប់ពី​មើលឃើញ ពី​ភាពគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរ នៃ​ការប្រើប្រាស់​ថ្នាំ សម្រាប់​រក្សា​បន្លែ សាច់ ទុក​បានយូរ​នោះ ដែល​បង្ក​គ្រោះថ្នាក់ ដល់​សុខភាព​ពលរដ្ឋ ពិសេស​ការកើត​រោគ​ម​ហា​រីក រយៈពេល​យូរអង្វែង ដោយបាន​ធ្វើ​ឲ្យ​មនុស្ស បាត់បង់​ជីវិត ជា​បន្តបន្ទាប់ នាពេល​កន្លងមក​។​

​លោក​វេជ្ជបណ្ឌិត សហ​មេឆា​ផាត់ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ថៃ បានឱ្យដឹងថា នៅពេលនេះ ដោយសារ​ស្ថិតិ​នៃ​ពលរដ្ឋ​ថៃ កើត​មហារីក​ច្រើន ឈរលើ​លំដាប់​ទី​១ ដោយសារ​កើតចេញ ពី​ការប្រើ​ថ្នាំ​សារជាតិ​គីមី​នានា លើ​បន្លែ​សាច់​នោះ ក្រសួងសុខាភិបាល​ថៃ បានចេញ​វិធានការ​បន្ទាន់​មួយ ដើម្បី​គ្រប់គ្រង​បញ្ហា ការប្រើ​សារជាតិ​គីមី ទៅលើ​អាហារ​លក់​នៅតាម​ទីផ្សារ​។​

​តាម​ការអង្កេត នាពេល​បច្ចុប្បន្ន មាន​អាហារ​មួយចំនួន កំពុង​ត្រូវបាន​គេ​ប្រើ​សារជាតិ​គីមី ប្រកបទៅដោយ​ស​គ្រោះថ្នាក់​បំផុត ក្នុងនោះ​មានដូចជា សារជាតិ​ធ្វើឱ្យ​ចំណីអាហារ​ស​ស្អាត​ល្អ សារជាតិ​គីមី​កំចាត់​សត្វល្អិត សារជាតិ​គីមី​ការពារ​ដុះ​ផ្សិត សារជាតិ​ទុក​បានយូរ​ដោយ​ប្រើ​ថ្នាំ​សាកសព  ឬ​សារជាតិ​ប្រើ​លើស​ត្វ​ជ្រូក ដើម្បី​ជួយ​ជំរុញឱ្យមាន​សាច់​ក្រហម ច្រើន​ជាដើម​។​

​លោក​បាន​ឱ្យដឹងពី​រឿងនេះ​ថាៈ “​សារជាតិ​គីមី​ទាំងនេះ យើង​បរិភោគ​ចូលទៅ មិនដឹង​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​យូរអង្វែង វា​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់ ដោយ​ក្នុងនោះ នឹង​បង្ក​រោគ​មហារីក ហើយ​កន្លងមក អ្នកជំងឺ​ច្រើនណាស់ បាន​បាត់​បង់ជីវិត ជា​បន្តបន្ទាប់ ដោយសារ​ការបរិភោគ​អាហារ​ទាំងនេះ មិនដឹង​ខ្លួន​”​។​

​មន្ត្រី​ក្រសួងសុខាភិបាល​ថៃ​រូបនេះ បាន​បន្ត​ឱ្យដឹងថា ការប្រើ​ថ្នាំ​សារជាតិ​គីមី ប្រកប ដោយ​ គ្រោះថ្នាក់​នេះ មាន​ទាំង​លក់​ក្នុងប្រទេស​ថៃ ក៏ដូចជា នាំ​ចេញទៅ​ក្រៅប្រទេស ហើយ​តាម​ការអង្កេត នៅលើ​ទីផ្សារ មាន​ការប្រើ​សារជាតិ​គីមី យ៉ាងច្រើន គួរឱ្យ​ព្រួយ បារម្ភ​។ សម្រាប់​សារជាតិ​គីមី ដែល​គេ​និយម​ប្រើ​បំផុត គឺ​ការប្រើ​ថ្នាំ​ចាក់​សាកសព សម្រាប់​ត្រាំ​ឱ្យ​បន្លែ សាច់ ទុកឱ្យ​បានយូរ ក្នុងនេះ​មានប្រើ​ក្នុង​សាច់ បង្គា មឹក ត្រីប្រឡាក់ ខ្ញី​ហាន់ ផ្សិតចំបើង ផ្សិត​អំបោះ សណ្តែកកួរ​។​ល​។​

​លោក​បាន​ព្រមាន​ថា ការប្រើ​ថ្នាំ​សាកសព​លើ​ចំណីអាហារ មិន​គប្បី​ប្រើ​ជាដាច់ខាត ហើយ​បើ​ជន​ណា​ប្រើ នឹងត្រូវ​ដាក់ទោស​ធ្ងន់ធ្ងរ ពីព្រោះ​វា​មិន​ត្រឹម​បង្ក​គ្រោះថ្នាក់ ដល់​សុខភាព​អ្នក​បរិភោគ​ទេ ប៉ុន្តែ​វា​នៅ​ជា​ឃាតករ សម្លាប់​អាយុជីវិត​អ្នក​បរិភោគ ក្នុង​រយៈពេល​យូរ​ថែមទៀត​។ ព្រោះតែ​ហេតុនេះហើយ លោក​សុំឱ្យ​ពលរដ្ឋ ប​ឈ្ឈ​ប់​ការប្រើ​ថ្នាំ​ប្រភេទ​នេះ លើ​ចំណីអាហារ និង​បើ​មិន​ព្រម​បញ្ឈប់​សកម្មភាព នឹងត្រូវ​ដាក់ទោស​ជាដាច់ខាត​។ ក្រៅពី​ការព្រមាន​នេះ លោក​ក៏បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​គ្រប់​ទីកន្លែង សហការ​ធ្វើការ​ស៊ើបអង្កេត ទៅលើ​ចំណីអាហារ​គ្រប់​ទីផ្សារ សំដៅ​ធ្វើការ​ទប់ស្កាត់​ឱ្យទាន់​ពេលវេលា​។​

លោក​វេជ្ជ​អ្នកឯកទេស ប្រាប់​ពី​វិធី​សង្កេតមើល បន្លែ សាច់ ដែល​គេ​ប្រើ​ថ្នាំ​ចាក់​សាកសព​
​បណ្ឌិត សហ​មេឆា​ផាត់ របស់​ប្រទេស​ថៃ​រូបនេះ បាន​ណែនាំ​ឱ្យ​មន្ត្រី​សមត្ថកិច្ច និង​ពលរដ្ឋ ធ្វើការ​កត់សម្គាល់​ពី​ចំណីអាហារ ដែល​ប្រើ​ថ្នាំ​សាកសព​នោះ មាន​លក្ខណៈ​ជា​ទឹកថ្លាៗ ក្លិនឈួល ឆាប់​រំហួត​។ ចំពោះ​បន្លែ មុន​ទិញ ត្រូវ​មើលថា បើ​នៅ​ស្រស់​ពេក ឬ​ហិតក្លិន​មើល បើ​មាន​ក្លិនឈួល ឬ​ក្រហាយ​ជាប់​ច្រមុះ មិនត្រូវ​ទិញ​ឡើយ​។ សម្រាប់​សាច់​ដូចគ្នា គឺ​ត្រូវ​សង្ក​ត​មើលថា មាន​សារជាតិ​ប្រភេទ​នេះ ឬក៏​អត់ ពីព្រោះថា បើ​ពុំមាន​លាយ​សាច់​នេះ​ទេ នៅពេល​ត្រូវ​ថ្ងៃ ត្រូវ​ខ្យល់​យូរ សាច់​តែង​ឆាប់​ស្ងួត​ក្រៀម ប៉ុន្តែ​បើ​មាន​លាយថ្នាំ​នេះ​វិញ តែង​មិន​ងាយ​ស្ងួត ឬ​ស្វិត​ទេ ហើយ​ពិសេស បើ​ហិតក្លិន​មើល មាន​ឈួ​ល​ឬ​ក្រហាយ​ច្រមុះ​ផង ដាច់ខាត​មិនត្រូវ​ទិញ​នោះដែរ​។​

​សម្រាប់​សារជាតិ​នេះ នៅពេល​រាងកាយ​បានទទួល​ច្រើន វា​នឹង​ប្រែ​ទៅជា​អាស៊ីត ហើយ​ធ្វើការ​បំផ្លាញ​កោសិកា ក្នុង​រាងកាយ ឬ​បង្ក​ឱ្យ​ងាប់​កោសិកា​។ ក្រៅពីនេះ សារជាតិ​ពី​ថ្នាំ​សាកសព​នេះ នៅ​បង្ក​ជាតិពុល ដល់​ពេញ​ទាំង​រាងកាយ ធ្វើឱ្យ​ឈឺក្បាល​ធ្ងន់ធ្ងរ បេះដូង​លោត​ញាប់ ណែន​ដើមទ្រូង ស្ងួត​មាត់ និង​ក រមូលពោះ​ចង់​ក្អួត ឈឺពោះ ចុកពោះ​ខ្លាំងក្លា រលាក​ក្រពះ ដំបៅ​ក្រពះ និង​ធ្ងន់ធ្ងរ ចុងក្រោយ វា​បង្ក​ឱ្យ​ក្លាយជា​មហារីក​តែម្តង​។​

​ក្រៅពីនេះ  វា​នឹង​បង្ក​ការប៉ះពាល់​ដល់​ផ្លូវដង្ហើម ស្គា​បរ​មាស់​តាម​រាងកាយ បង្ក​ឱ្យ​កើត​ដំបៅ ហើយ​បើ​ស្រូប​ចូលទៅក្នុង​ច្រមុះ នឹងធ្វើ​ឱ្យ​ហើម​ដល់​បំពង់ខ្យល់ ក្រហាយ​ច្រមុះ ឈឺ​ក ក្អក ដកដង្ហើម​មិន​ចេញ ហើម​សួត  ទឹក​ក្នុង​សួត និង​បើ​អាការ​ធ្ងន់ធ្ងរ នឹង​បាត់​ជីវិត​ទៀតផង​។​

​សម្រាប់​សារជាតិ​ទាំងនេះ មិន​ត្រឹមតែ​អ្នក​បរិភោគ​ទេ សូម្បីតែ​អ្នកលក់​ដែល​បាន​ហិតក្លិន​នេះ ក៏​ទទួលរង​គ្រោះ​ដូចគ្នា​។ សម្រាប់​វិធី​ការពារ​សារជាតិ​បន្លែ​សាច់​ដែលមាន​ប្រើ​ថ្នាំ​សាកសព​នេះ  នៅពេល​ទិញ​មកដល់​ផ្ទះ ត្រូវដាក់​ត្រាំ​ទឹក​យ៉ាងហោចណាស់  ឱ្យបាន​មួយ​ម៉ោង ឬ​បើ​មិនមាន​ពេល​ទេ ត្រូវ​បើក​ក្បាល​រ៉ូ​មើ​ណេ ឱ្យ​ទឹក​ហូរ​ឆ្លងកាត់​ឱ្យបាន ១០​ទៅ​១៥​នាទី នោះ​នឹង​អាច​កំចាត់​សារជាតិ​នេះ មួយកម្រិត​ធំ​ទៅវិញ​ពុំខាន​។ ក្រៅពីនេះ សារជាតិ​ថ្នាំ​សាកសព​នេះ នៅពេល​ចម្អិន​ឆ្អិន ក៏ត្រូវ​បំផ្លាញ​ឥទ្ធិពល​អស់​ផងដែរ​។​
នៅកម្ពុជា រដ្ឋាភិបាលពុំទាន់មានវិធានការ ខណៈប្រជាជន កំពុងមានការ ព្រួយបារម្ភ កាន់តែខ្លាំងឡើង

​យោងទៅលើ​ស្ថានការណ៍​នៅក្នុង​ប្រទេស​ថៃ​នោះ រស្មី​កម្ពុជា ដែលជា​កាសែត​មួយ​ឈានមុខ​គេ និង​មាន​ប្រជាប្រិយភាព​ជាងគេ នៅក្នុង​ប្រទេស​កម្ពុជា​នោះ បាន​បង្វែរ​នូវ​ការវិភាគ​អំពី​បញ្ហា​ដូចគ្នានេះ មកកាន់​ប្រទេស​កម្ពុជា​វិញ​ថា ពលរដ្ឋ​ជាច្រើន (​ដែល​លោក​ដេប៉ូ អ្នកយកព័ត៌មាន​រស្មី​កម្ពុជា បាន​សាកសួរ​ទាក់​ទឹង​នឹង​បញ្ហា​នេះ​) សុទ្ធតែ​បង្ហាញ​ពី​ការព្រួយបារម្ភ​នៃ​ការប្រើ​សារជាតិ​គីមី នៅលើ​ចំណីអាហារ តាម​ទីផ្សារ​យ៉ាងខ្លាំង​ក្លា​។ ពួកគាត់​មានការ​ព្រួយបារម្ភ​ថា អាច​នឹង​បង្ក​ការប៉ះពាល់ ដល់​សុខភាព នៅ​ថ្ងៃ​ខាងមុខ​។ ចំណែក​ក្នុងចំណោម​នេះ អ្នកខ្លះ​បាន​ប្រាប់ថា ពួកគាត់​បានទទួលរ​ង​គ្រោះ ដោយសារ​សារជាតិ​គីមី​ទាំងនេះ និង​ធ្លាប់​ចូល​មន្ទីរពេទ្យ​ទៀតផង​។​

​លោក​ធារ៉ា ដែល​រស់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់ឱ្យដឹង ពាក់ព័ន្ធ​នឹង​រឿងនេះ​ថា គាត់​មានការ​ព្រួយបារម្ភ ពី​ម្ហូបអាហារ​នៅតាម​ទីផ្សារ នៅពេល​បច្ចុប្បន្ននេះ​ណាស់ ពីព្រោះថា មាន​លាយ​សារជាតិ​គីមី​ខ្ពស់ ពិសេស​បន្លែ​សាច់​តែម្តង​។ កន្លងមក មួយ​គ្រួសារ​របស់គាត់ បាន​រងគ្រោះ​ដោយ​ត្រូវ​ថ្នាំ​បាញ់​សត្វល្អិត លាង​មិន​ជ្រះ ត្រូវ​ចូល​មន្ទីរពេទ្យ​ទាំង​រូបគាត់ និង​ប្រពន្ធ​កូន រួចមកហើយ​។​

​បុរស​រូបនេះ បានបញ្ជាក់​ប្រាប់ថាៈ​”​ខ្ញុំ​ព្រួយបារម្ភ​បំផុត​រឿង​ថ្នាំ​សាកសព ប្រើ​លើ​ម្ហូប​ឱ្យ​ទុក​បានយូរ ពីព្រោះថា បង្ក​គ្រោះថ្នាក់​ណាស់ បើ​យើង​សិក្សា​វា​ឱ្យដល់​។ មកដល់ពេលនេះ មន្ត្រី​ពាក់ព័ន្ធ​គប្បី​មាន​វិធានការ​តឹងរឹង ហើយ​មិនអាច​បណ្តែត​បណ្តា​យ​រឿងនេះ បាន​ទៀត​ទេ​។ សុំ​កុំ​ទុកឱ្យ​កើត​បញ្ហា​ដោយ​ពលរដ្ឋ ឈឺ​ស្លាប់ រាប់សិប​នាក់ ហើយ​ទើប​ភ្ញាក់ខ្លួន​នោះ វា​មិនត្រូវ​ទេ​”​។​

​ចំណែក​ស្ត្រី​មួយរូប​ទៀត ដែល​ប្រាប់ថា​ឈ្មោះ សួរ ចាន់ថា រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​កំពុង​ដើរ​ទិញ​ម្ហូប នៅ​ផ្សារ​ទឹកថ្លា បានឱ្យដឹង​ដែរ​ថា អ្នកស្រី សព្វថ្ងៃនេះ ដើរ​ទិញ​ម្ហូប​ជួប​ការលំបាក​ណាស់ ពីព្រោះថា ភ័យព្រួយ​ខ្លាច​ទិញ​ចំ​ម្ហូប​ដែល​លាយ​សារជាតិ​គីមី​។ រាល់ថ្ងៃ គាត់​តែង​ជ្រើសរើស​ទិញ​តែ​បន្លែ​ណា ដែលមាន​ដង្កូវ​ស៊ី ឬ​ទិញ​ត្រី​នៅរស់ ទៅធ្វើ​ម្ហូប​ទេ បើ​ពុំនោះ​អាច​ទិញ​ចំ​ម្ហូប​ប្រើ​ថ្នាំ​គីមី​នោះ នឹង​បង្ក​គ្រោះថ្នាក់​ដល់​កូនចៅ​នៅផ្ទះ​ពុំខាន​។​

​កម្មការិនី​កាត់ដេរ​មួយរូប នៅ​ភូមិ​ទួលគោក សង្កាត់​ទូល​សង្កែ ក្នុង​រាជធានី​ភ្នំពេញ បានឱ្យដឹង​ដូចគ្នា​ថា កញ្ញា​បានដឹង​ពី​បញ្ហា​បន្លែ​សាច់ មាន​លាយ​សារជាតិ​គីមី ពិសេស​មានប្រើ​ថ្នាំ​សាកសព​នេះ យូរ​មកហើយ ហេតុនេះ​រៀងរាល់​ពេល ទៅ​ផ្សារ ក្នុង​ថ្ងៃ​ឈប់សម្រាក​ម្តងៗ មានការ​ប្រយ័ត្នប្រយែង​ទិញ​ម្ហូប​ណាស់​។ មិន​ថា​នៅ​ទីក្រុង​ទេ សូម្បីតែ​នៅ​ស្រុកកំណើត​នៅឯ​ខេត្ត ក៏​គេ​មានការ​ព្រួយបារម្ភ​អំពី​ម្ហូបអាហារ មាន​លាយ​សារជាតិ​គីមី​នេះ​ដូចគ្នា​។​

​សម្រាប់​ស្ត្រី​ទិញ​ម្ហូប ក៏ដូចជា ពល​ដ្ឋ​ជាច្រើនរូប​ទៀត ដែល​រស្មី​កម្ពុជា បាន​សាកសួរ សុទ្ធតែ​សម្តែង​ការព្រួយបារម្ភ ពីសារ​ជាតិគីមី ប្រើ​លើ​ម្ហូបអាហារ​នេះ​។ ពួកគាត់​បាន​សំណូមពរ ឱ្យ​មន្ត្រី​ពាក់ព័ន្ធ ចាត់វិធានការ​បន្ទាន់ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​អ្នក​ប​រី​ភោគ​ឡើងវិញ ព្រោះថា បញ្ហា​នេះ វា​នឹង​បង្ក​ការ​ប៉​ពាល់​ធ្ងន់ធ្ងរ​ដល់​ពួកគាត់ នៅ​ថ្ងៃ​ខាងមុខ ចៀស​មិន រួច​ឡើយ​៕V/s

ប្រភពពី៖ CEN

Share on Facebook