បោះពុម្ព

ការ​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី១ របស់ក្រុមប្រឹក្សា អាណត្តិ​ទី២

 កំពង់ស្ពឺ៖ ព្រឹក ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៤នៅ​សាលប្រជុំ​សាលាខេត្ត​ជើង ក្រុមប្រឹក្សា អាណត្តិ​ទី២ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី១ របស់ខ្លួន ក្រោម​អធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា  ឯកឧត្តម អ៊ូ សំ​អួន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង មាន​សមាសភាព​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន ឯកឧត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ទាំង ១៧ រូប គណៈ​អភិបាលខេត្ត នាយក​ទីចាត់ការ​ទាំង៥របស់ ប្រធាន​អង្គភាព​លទ្ធកម្ម​សាលាខេត្ត ទីប្រឹក្សា​គ្រប់គ្រង​កម្មវិធី​ជាតិ​ថ្នាក់​ខេត្ត មន្ត្រី​សម្របសម្រួល​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក និង​អស់លោក លោកស្រី​ក្នុង​ការិយាល័យ​លេខា​ក្រុមប្រឹក្សា​ខេត្ត។

        របៀបវារៈសំខាន់ៗក្នុង​កិច្ចប្រជុំ​លើក​ទី១ នេះ​មាន៖ ទី១-ការផ្សព្វផ្សាយ​អំពី​សេចក្តីណែនាំ​លេខ ០១៥ សជន ចុះ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០០៩ របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការរៀបចំ​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ទី២-ការបង្ហាញ​ការរៀបចំ​សេចក្តីព្រាង​ប្រតិទិន នៃ​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​សម្រាប់​រយៈពេល១២ ខែ
ទី៣-ការរាយការណ៍​អំពី​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​ក្រុមប្រឹក្សា​អាណត្តិ​មុន និង​ទិស ដៅ​ការងារ​រយៈពេល០៣ ខែ និង​ទី៤-បញ្ហាផ្សេង៖ ការផ្សព្វផ្សាយ​ប្រកា​សលេខ ១៦២៣ ប្រ.ក ចុះ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ របស់​ក្រសួងមហាផ្ទៃ​ស្ដីពី​កិច្ចប្រជុំ​ចូលកាន់​តំណែង កិច្ចប្រជុំ​សាមញ្ញ​លើក​ទី១ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២របស់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង  ស្រុក ខណ្ឌ។

        ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានធ្វើ​របាយការណ៍​ស​ង្ខេ​ប អំពី​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត ដែល​បានសម្រេច​នូវ​ស្នាដៃ​ក្នុង​រយៈពេល៥ឆ្នាំ​កន្លងទៅ ដោយ​ជម្រាបជូន​អង្គពិធី​នូវ​លទ្ធផល​សម្រេចបាន​គួរ​ជាទី​មោទន​ដូចខាងក្រោម៖

        ១-រក្សាបាន​ស្ថេរភាព​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ រក្សា​សុវត្ថិភាព​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ការពារ​បាន​នូវ​ព្រះ​សុវត្ថិភាព នៃ​ដំណើរ​យាង​ព្រះរាជ​បេសកម្ម​របស់​ព្រះមហាក្សត្រ​ក្នុងភូមិ​សាស្ត្រ​ខេត្ត ការពារ​សុវត្ថិភាព​ប្រមុខ​រាជរដ្ឋាភិបាល ឥស្សរជន​ជាន់ខ្ពស់ គណបក្សនយោបាយ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង​ពិសេស​ការពារ​សុវត្ថិភាព​ក្នុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត ក្នុងពេល​បោះឆ្នោត ទាំង​ការបោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី៣ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី៥ ធ្វើ​ឲ​ដំណើរការ នៃ​ការបោះឆ្នោត ប្រព្រឹត្តិ ទៅដោយ​រលូន គ្មាន​អំពើហិង្សា សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

           ២-លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការអភិវឌ្ឍន៍​ផលិតកម្ម​កសិកម្ម ក​សិ​ឧស្សា ហក​ម្ម ឧស្សាហកម្ម សិប្បកម្ម និង​សហគ្រាស​ផលិតកម្មផ្សេងៗទៀត ដែល​បាន​ស្រូបយក​ពលកម្ម និង​ផ្តល់ប្រាក់ ចំណូល​ជា​អចិន្ត្រៃយ៍​ជូន​ប្រជាពលរដ្ឋ។

           ៣-ការ​អភិ​វ្ឍ​ន៍​យ៉ាង​ឆាប់រហ័ស លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដូចជា​ប្រព័ន្ធ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវលំ​ជនបទ ដែលជា​កាលានុវត្តភាព នៃ​ការអភិវឌ្ឍន៍​លើ​វិស័យសេដ្ឋកិច្ច និង​សង្គម។

          ៤-ការផ្គត់ផ្គង់​ប្រព័ន្ធ​អគ្គីសនី និង​ប្រព័ន្ធ​ទឹកស្អាត ទាំង​នៅ​ទីប្រជុំជន និង​ទីជនបទ។

           ៥-ការកែលម្អ​សោ​ភ័​ណ្ឌ​ភាព​នៅតាម​ទីប្រជុំជន តាម​គោលនយោបាយ​ទីក្រុង​ស្អាត និង​បានទទួល​ជ័យ លា​ភី​ពី​ថ្នាក់ជាតិ។

           ៦-ការងារ​គ្រប់​គ្រង់​គ្រោះមហន្តរាយ គឺ​បាន​ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា ចំពោះ​ប្រជាជន​រងគ្រោះ ដោយ​គ្រោះមហន្តរាយផ្សេងៗនិង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ។

             ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន      ផ្តល់​អនុសាសន៍​ជូន​គណៈ​អភិបាល ឱ្យ​ចាប់អារម្មណ៍​បន្ថែម​លើ​បញ្ហា​មួយចំនួនទៀត​ដូចជា៖ គ្រោះថ្នាក់​ចរាចរ ការផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ បញ្ហា​អគ្គីសនី បញ្ហា​បង្កបង្កើនផល និង​គ្រឿងញៀន និង​បាន​អនុញ្ញាតឱ្យ​មានការ​ចូលរួម​មតិផ្សេងៗរបស់​អ្នកពាក់ព័ន្ធ ក្នុងនោះ​មានមតិ​របស់​ទីប្រឹក្សា​គ្រប់គ្រង​កម្មវិធី​ជាតិ​ថ្នាក់​ខេត្ត ដែល​ជម្រាបជូន​អង្គប្រជុំ​អំពី​កា​រវិ​ឌ្ឍ​ន៍ថ្មីៗរបស់​ផ.អ.៣ និង​ដំណើរការ​របស់​រដ្ឋបាល​ក្រុង ស្រុក។

                    កិច្ច​ប្រជុំបាន​ឈានដល់​របៀបវារៈ​ចុងក្រោយ​គឺ ការផ្សព្វផ្សាយ​ប្រកា​សលេខ ១៦២៣ ប្រ.ក ពី​កិច្ចប្រជុំ​ចូលកាន់​តំណែង កិច្ចប្រជុំ​សាមញ្ញ​លើក​ទី១ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២របស់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង  ស្រុក ខណ្ឌ។

            តាម​ប្រកា​សលេខ១៦២៣ប្រ.ក បាន​កំណត់ថា​ក្រុមប្រឹក្សា​មិនត្រូវ​អនុម័ត​បញ្ហា​ណាមួយ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី១ នេះឡើយ ដូចនេះ​ក្រុមប្រឹក្សា​អាណត្តិ​ទី២ បាន​បិទ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី១ របស់ខ្លួន​នៅវេលា​ម៉ោង ១០ :១០ នាទី​ព្រឹក នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​បរិយាកាស​ស្និទ្ធស្នាល   និង​យោគយល់    និង​បានកំណត់​យក​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ ជា​ថ្ងៃ​ប្រជុំ​សាមញ្ញ​លើក​ទី២របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ។

អត្ត​ប​ទៈ ហ៊ុន ប៊ុន​រ៉ា មន្ត្រី​សម្របសម្រួល​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ

អានព័ត៌មានបន្ថែមស្តីពី៖ ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺអាណត្តិទី២០១៤-២០១៩ និង ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកសំរោងទងអាណត្តិទី២ (២០១៤ និង២០១៩)

Share on Facebook