បោះពុម្ព

ឯកឧត្តម អ៊ូ សំអួន ចុះសំណេះសំណាល់ប្រជាកសិករ និងចែកពួជស្រូវ

ប្រជាកសិករ ចំនួន៤៣៩គ្រួសារ​ក្នុង​ឃុំ​ភក្តី និង​ឃុំ​និទាន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​ទទួលបាន​គ្រាប់​ពូជស្រូវ២ប្រភេទ​សម្រាប់​យកទៅ​សាប ព្រួស​ដើម្បី​ធ្វើ​ការដក​ស្ទូង ពី​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ។ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​បាន​ចុះ​បូមទឹក​ពី​ប្រឡាយ​រលាំង​ជ្រៃ​ទាំង២ នៅ​ស្រុក​សំរោង​ទង និង​នៅ​ទំនប់​តា​ស៊ុយ ស្រុក​បរសេដ្ឋ ដាក់​តាម​ប្រឡាយ​រង​សម្រាប់​ដាក់​ឲ្យ​កសិករ​ធ្វើ​ការដក​ស្ទូង​តាម​លទ្ធភាព​ជាក់ស្តែង។

ឯក​ឧ​ត្ត អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ទៅកាន់​ប្រជាកសិករ ក្នុងស្រុក​សំរោង​ទង និង​ស្រុក​បរសេដ្ឋ កាលពី​ព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤  ថា៖ ទោះបីជា​ឆ្នាំនេះ​ទូទាំង​ខេត្ត​ជួបប្រទះ​រាំងស្ងួត​អស់​រយៈពេល​ជាច្រើន​ខែ។ ក៏ប៉ុន្តែ​យើង​មិនត្រូវ​អស់សង្ឃឹម​ទេ គឺ​ត្រូវតែ​ខិតខំ​បង្កបង្កើត​ផល ឲ្យ​អស់​លទ្ធភាព។ ឯកឧត្តម​បាន​បន្តថា៖ ក្រៅពី​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​យើង​អាចធ្វើ​ការដាំដុះ ដំណាំ​រួមផ្សំផ្សេងៗ និង​ចិញ្ចឹមសត្វ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ។

ឯកឧត្តម បន្តថា៖ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ដើម្បី​ធ្វើការ​តាមដាន និង​ឆ្លើយតប​តម្រូវការ​ចាំបាច់​របស់​ពួកគាត់។ ពូជស្រូវ​ដែល​បាន​ចែក​ជួន​នាពេលនេះ​មាន២ប្រភេទ​គឺ ពូជស្រូវ​ជលសារ និង​ARដែលជា​ពូជស្រូវ​រយៈពេល​ខ្លី​ត្រឹមតែ​ជាង៩០ថ្ងៃ​អាច​ទទួលបាន​ផល។

សូម រំលឹកថា ក្នុង​រដូវវស្សា​ឆ្នាំនេះ​ទូទាំង​ខេត្តកំពង់ស្ពឺ​ជួបប្រទះ​ភាពរាំងស្ងួត តាំងពី​ដើមរដូវ​រហូត​មកដល់ពេលនេះ​ទើប មេឃ​បង្អោ​ទឹកភ្លៀង​តាម​តំបន់​មួយចំនួន ប៉ុន្តែ​វា​មិនទាន់​មានទឹក​គ្រប់គ្រាន់​សម្រាប់ធ្វើ​សាប ព្រួស ដក​ស្ទូង នៅឡើយ​ទេ។ ដោយសារតែ​គ្រោះរាំងស្ងួត​បែបនេះ​បានធ្វើ​ឲ្យ​សំណាប​បាន​ងាប់ និង​ខ្លះទៀត​មិនបាន​សាប​នៅឡើយ។ ស្រប​ពេលនេះ ស្ថិត​ចុងរដូវ​វស្សា ហើយ​លទ្ធភាព​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​ស្ទើរតែ​ហួសពេល ដូច្នេះ​ប្រជាកសិករ​គួរតែ​ជ្រើសរើស​ពូជស្រូវ​ដែលមាន​រយៈពេល​ខ្លី និង​មិន​ប្រកាន់​រដូវ​សម្រាប់ ដក ស្ទូង​ជំនួស​ស្រូវវស្សា។
ឯកឧត្តម​ផ្តាំផ្ញើ​ដល់​ប្រជាកសិករ ជាពិសេស​ត្រូវ​បង្កើន​ការដាំដុះ​ដំណាំ​ផ្គួប​ផ្សំផ្សេងៗ និង​ចិញ្ចឹមសត្វ​បន្ថែម​ទុក​គ្រាន់​ដោះស្រាយ​ជីវភាព។

បញ្ជាក់ ថា ប្រជាកសិករ​ដែល​បានមក​ទទួល​ពូជស្រូវ​ពី​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​មាន ចំនួន៤៣៩គ្រួសារ មកពី​ឃុំ​ភក្តី និង​ឃុំ​និទាន ស្រុក​បរសេដ្ឋ ក្នុង​មួយគ្រួសារៗទទួលបាន​ចំនួន១០គីឡូក្រាម ក្រៅពី​ស្រុក​បរសេដ្ឋ និង​តាម​ស្រុកផ្សេងៗទៀត​ក៏​ទទួលបាន​គ្រាប់ពូជ ស្រូវ​អា​អ៊ែ  និង​បាន​សាប​ថ្នាល​រួម បាន​ចំនួន៤ហិកតា នៅ​ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង​ផងដែរ។ ហើយ​ដី​បង្ករ​បង្កើន​ផល​ទូទាំង​ខេត្ត​មាន​ចំនួន១១៣ ៦០០ហិកតា សាបព្រោះ​បុក​ដាំ​ទើប​បានតែ២៥ ៥០០ហិកតា​ប៉ុណ្ណោះ៕

អានព័ត៌មានបន្ថែមស្តីពី៖ សាខាកាកបាទក្រហមខេត្តចុះចែកអំណោយ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១២គ្រួសារ និង ប្រជាពលរដ្ឋស្រុកឱរ៉ាល់ចំនួន៩២៥គ្រួសារទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

Share on Facebook