បោះពុម្ព

ឯកឧត្តម អភិបាលខេត្ត និងពុទ្ធបរិស័ទដង្ហែបុណ្យកឋិនទានមហាសាមគ្គី ទៅវត្តព្រៃមិច និងវត្តសំរោង

បុណ្យកឋិន ទាន​មហា​សាមគ្គី គឺជា​បុណ្យ​ដ៏​ធំ​មួយ​នៅក្នុង​សង្គម​ខ្មែរ​ដែល​កាន់​ព្រះពុទ្ធសាសនា ហើយ​ដែលជា​បុណ្យប្រពៃណី​ដូនតា​តាំងពី​បុរាណកាល​មក គឺ​គេ​តម្រូវ​ប្រារព្ធ​ពិធី បុណ្យ​នេះ​នៅតាម​វត្ដ​អារាម​នានា​ទាំងអស់​មាន​រយៈពេល២៩ថ្ងៃ ចាប់ពី​ថ្ងៃ១រោជ​ខែអស្សុជ​ដល់​ថ្ងៃ១៥កើត​ខែ​ក​ក្តឹ​ក។

គោលបំណង​នៃ​បុណ្យ​នេះ​គឺ គេ​ហៅថា​បុណ្យ​កតញ្ញុតាធម៌​ដែល​ផុស​ចេញពី​សន្ដាន​ចិ​ត្ដនៃ​ពុទ្ធបរិស័ទ​ឬ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស។ ដូច្នេះ​ទើប ឯកឧត្តម អ៊ូ សំ​អួន អភិបាលខេត្ត កំពង់ស្ពឺ និង​លោកជំទាវ ព្រមទាំង​ឯកឧត្តម លោកជំទាវ​រង​ខេត្ត អភិបាល អភិបាលរងក្រុង​ច្បារមន លោក​មេបញ្ជាការ បញ្ជា​ការរង​អាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព និង​មន្ត្រីរាជការ ព្រមទាំង​ពុទ្ធបរិស័ទ​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​ទៀតផង​ដែរ។ ក៏បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ ប្រារព្ធ​ធ្វើបុណ្យ​អង្គ​កឋិន​មហា​សាមគ្គី​នេះ​ឡើង ដើម្បី​ដង្ហែ​មក​វេរ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​ចំនួន២វត្ត គឺ​វត្ត​បឋម​រង្សី ហៅ​វត្ត​ព្រៃ​មិច​នៅ​ស្រុក​ថ្ពង និង​វត្ត​សំរោង នៅ​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​អនុមោទនា និង​ក្រាល​គ្រង​តាម​ពុទ្ធានុញ្ញាត និង​ប្រមូល​បច្ច័យ​ជួយ​កសាង​សមិទ្ធិផល​នានា​នៅក្នុង​វត្ត។

ព្រះគ្រូ មនី​កោសល្យ ស៊ីវ គីម​សន ព្រះ​រាជាគណៈ​ថ្នាក់​កិ​តិ​យស ទីប្រឹក្សា​សម្តេចព្រះ​មេធា​ធិបតី ទេព វង្ស និង​ជា​ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ មាន​សង្ឃដីកា​រថា៖ ព្រះសង្ឃ​ជា​ស្រែបុណ្យ​របស់​ពុទ្ធបរិស័ទ​ដោយបាន​ទទួលផល​បុណ្យ​មួយចំណែក បាន​ឧទ្ទិស​ទៅដល់​មាតាបិតា និង​អ្នក​ដ៏​មានគុណ​របស់ខ្លួន ឯ​មួយចំណែក​ទៀត​ជា​បុណ្យ​ដែល​ខ្លួន​ជា​អ្នកធ្វើ​ត្រូវបាន​ទទួល​មក​ខ្លួនឯង ។ ពិធីបុណ្យ​នេះ​ចាប់ពី​ថ្ងៃ សុក្រ២រោជ​ខែអស្សុជ ត្រូវ​នឹង​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ម៉ោង៣ និង៣០នាទី ជួបជុំ​ម្ចាស់​ផ្តើមបុណ្យ នៅ មណ្ឌល​កីឡាដ្ឋាន​ខេត្ត លុះ​ព្រឹក​ថ្ងៃទី១១ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​ឆ្ពោះទៅ​វត្ត​តាម​ការគ្រោងទុក និង​បាន​ដង្ហែ​ប្រទក្សិណ ព្រះវិហារ៣ជុំ​រួច​វេរ​សំពត់​កឋិនទាន​ប្រគេន​ព្រះសង្ឃ​ក្រាល​គ្រង​រួច​ព​ហូ ទេវា​ឆ្លង​ជា​កិច្ចបញ្ចប់​បុណ្យ។

គួរបញ្ជាក់ ដែរ​ថា ឯកឧត្តម អ៊ូ សំ​អួន អភិបាលខេត្ត និង​លោកជំទាវ ដង្ហែ​អង្គ​កឋិន​ទៅ​វត្ត បឋម​រង្សី ហៅ វត្ត​ព្រៃ​មិច ស្ថិតនៅ​ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​ដែលមាន​កត់​ត្រៃ និង​ទឹកប្រាក់​ចំនួន ៣១លាន ២ម៉ឺន ១៥០០រៀល​សំរាប់​កសាង​សមិទ្ធិ​នានា​នៅក្នុង​វត្ត​វត្ត។

ដោយឡែក​ឯកឧត្តម ប៉ែន សំបូរ អភិបាលរង​ខេត្ត និង​មន្ត្រីរាជកា ដ៏ទៃទៀត បាន​នាំ​កឋិនទាន​ទៅ​វត្ត​សំរោង ស្ថិតនៅ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែលមាន​កត់​ត្រៃ និង​ទឹកប្រាក់​ចំនួន ៣០លាន ០២៩ពាន់​រៀល សំរាប់​កសាង​សមិទ្ធិផល​នានា​នៅក្នុង​វត្ត។

ព្រះចៅអធិការ​វត្តមាន​សង្ឃដីកា​ថា៖ ដើម្បី​ឧទ្ទិស​កុសល​នៃ​បុណ្យ​នេះ​ជូន​វិញ្ញាណក្ខន្ធ​មាតាបិតា​ជីដូន​ជីតា និង​ក្រុម​ញាតិ​សាច់សាលោហិត​របស់គេ​ដែល​បាន​ចែក​ឋាន​ទៅនោះ​ឲ្យ​បានទទួល កុំបី​ខកខាន​ឡើយ។ បានសេចក្ដីថា ព្រះសង្ឃ​ជា​ស្រែបុណ្យ​ហើយ​អ្នកធ្វើ​បុណ្យ​ក៏បាន​បុណ្យ ហើយ​បុណ្យ​នោះបាន​ទៅដល់​អ្នក​ដ៏​មានគុណ​របស់គេ​ពិតប្រាកដ​ផងដែរ៕

អានព័ត៌មានបន្ថែមស្តីពី៖ ឯកឧត្តម សឿ សុខណាល់ អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសតែងតាំងអភិបាលរងក្រុងច្បារមនថ្មី និង ពិធីបិទធ្វើអធិការកិច្ចលើកិច្ចការនយោបាយផ្នែករដ្ឋបាលស៊ីវិល និងផ្នែកនគរបាល នៅខេត្តកំពង់ស្ពឺ

Share on Facebook