បោះពុម្ព

សាលាស្រុកថ្ពងរៀបចំការប្រណាំងទូកអបអរសាទព្រះរាជពិធីអុំទូក

ការប្រកួតប្រណាំង​ទូកផ្កាចា នៅ​ទំនប់កអន្លងជ្រៃ ​រយៈពេល​០២​ថ្ងៃ​មកនេះ ក្រោម​វត្តមាន​ជា​អធិបតីភាព​របស់ លោក ឡាយ កង ប្រធានក្រុមប្រឹក្សាស្រុក លោក អេង ស៊្រុន អភិបាល​នៃ​គណៈ​អភិបាលស្រុក ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ តំណាងលោក​ឧកញ៉ា លោកជំទាវ ជា​សមាជិក​រដ្ឋសភា​ មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងបី​ អស់លោក លោកស្រី​ជា​ថ្នាក់ ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រីរាជការ អាជ្ញាធរ​ ស្រុក អង្គការ​សង្គម​ស៊ីវិល ភ្ញៀវ​ជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ​ចូលរួម យ៉ាងច្រើន​កុះករ ហើយក៏​ត្រូវបាន​បិទ​បញ្ចប់​ការប្រកួត​ដោយ​ជោគជ័យ​កាលពី​រសៀល​ថ្ងៃទី ០៧ខែវិច្ឆិកា ឆ្នាំ​២០១៤​។​​

​តាម​ការប្រកួត​ប្រ​ណាំង​រយៈពេល​០២​ថ្ងៃនេះ លោក យឹម គីមហាច ប្រធានរិយាល័យកាអប់រំយុវ និងកីឡាស្រុក អនុគណៈកម្មកា​រប​ច្ចេកទេស បានធ្វើការ​បូកសរុប​អំពី​លទ្ធផល​នៃ​ការ​ប្រណាំងទូក​ទៅតាម​ជុំ​និ​មួយៗ និង បានធ្វើ​ការប្រកាស​ចំណាត់ថ្នាក់​ដល់ ទូក​ដែល​ទទួលបាន​ជ័យលាភី​ឆ្នាំ​២០១៤ ក្នុងនោះ​ចំណាត់ថ្នាក់​លេខ​១ ផ្នែក​បុរស បាន​ទៅ​ទូក​ឈ្មោះ ហនុមាន មានជ័យ​បារមីក្តុម្ពី​(សឹករង PM) ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើទូក​ឈ្មោះ ព្រៃវែងសែនជ័យបារមីតេជោ(ភូមិ ព្រៃវែង) ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ទូក​ឈ្មោះ ត្រាញ់វែង​មាន​ជ័យ​បារមីក្តុម្ពី (ភូមិត្រាញ់វែង) ចំណាត់ថ្នាក់​លេខ​១ ផ្នែក​នារី បាន​ទៅ​ទូក​ឈ្មោះ ត្រាញវែងសែនជ័យអន្លង់ជ្រៃមានឫទ្ធិ(ភូមិត្រាញ់វែង) ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​ទូក​ឈ្មោះ​យុវជនសែនជ័យបារីស្រុកថ្ពង(យុវជនស្រុកថ្ពង)។

 ​មានប្រសាសន៍​បិទ​ការប្រកួត​ប្រណាំងទូក​ផ្កាចា ឆ្នាំ​២០១៤​នេះ លោក ឡាយ កង ប្រធាន​ក្រុមប្រឹក្សា​ស្រុក បាន​បញ្ជាក់ថា​  ការ ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​អ៊ុំ​ទូក​នេះ ជាការ​រំលឹក និង គោរព​ដល់​វីរៈភាព​នៃ​បុព្វបុរស​នៃ​ទាហានជើងទឹក កាលពី​ជំនាន់​ដើម ក្នុង ការធ្វើ​សឹកសង្គ្រាម​តាមផ្លូវ​ទឹក ហើយក៏​ជា​មធ្យោបាយ​មួយ ដើម្បី​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូលមក​ទស្សនា និង ស្វែងយល់​ពី​ប្រវត្តិ​នៃ​ការធ្វើ​សង្គ្រាម​តាមផ្លូវ​ទឹក ដែល​បុព្វបុរស​ខ្មែរ បាន​ចារឹក​ទុក នៅតាម​ជញ្ជាំង​ប្រាង្គ ប្រាសាទនានា ។ លោក ក៏បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ បងប្អូន​ក្រុម​កីឡាករ កីឡា​ការ​នី និង​ថ្នាក់ដឹកនាំ​កីឡា​ប្រណាំងទូក ដែល​បាន​យកចិត្តទុកដាក់ អស់ពី​កម្លាំងកាយ​ចិត្ត ដែល​ធ្វើ​ឲ្យ​ការប្រកួត​នេះ​ប្រព្រឹត្តទៅបាន​ជោគជ័យ ។

លោក ឡាយ កង បាន​បន្តទៀតថា ការប្រកួត​ប្រ​ជែ​ញ​តែងតែ មាន​អ្នកឈ្នះ និង អ្នកចាញ់ ដូច្នេះ​ក្រុម​អ្នកចាញ់​ត្រូវខិតខំ ហ្វឹកហាត់​បន្ថែមទៀត ឲ្យ​កាន់​តែមាន​បច្ចេកទេស​ល្អ​ជាង​មុន ដើម្បី​ត្រៀម​ក្នុងការ​ដណ្តើម​នូវ​ជ័យជំនះ​នៃ​ការប្រកួត​នា​ឆ្នាំក្រោយៗ​ទៀត ។ ម្យ៉ាងទៀត​ចំពោះ​កីឡាករ កីឡា​ការ​នី​ដែល ជា​អ្នកឈ្នះ​វិញ មិន​ត្រូវមាន​មោទនៈភាព នឹង​ជ័យជំនះ​របស់ខ្លួន គឺ​ត្រូវ​ពង្រឹង​ការហ្វឹកហាត់​បន្ថែម ក្នុងការ​បង្កើន​នូវ បច្ចេក ទេស​របស់ខ្លួន ក្នុង​ការទទួល​ជ័យជំនះ​បន្តទៀត ។ លោកបានលើកឡើង​ថា​  ព្រះរាជ​ពិធីបុណ្យ​នេះ គឺជា​តម្លៃ នៃ​ទស្សនវិជ្ជា​របស់​បុព្វបុរស​ខ្មែរ ដែលមាន​គតិបណ្ឌិត ក្នុងការ​សំយោគ​ចូលគ្នា​រវាង​ជំនឿ​សាសនា និង​ទំ​លៀម ទំលាប់​បង្កើតបានជា​ពិធីបុណ្យ​មួយ​ប្រកបដោយ​ស​ភាពរស់រវើក ទន់ភ្លន់ និង មាន​លក្ខណៈ​សកល​ភាព​ឲ្យ​ទៅជា អត្តសញ្ញាណ​ជា​ព្រលឹង​ជាតិ ក្នុង​ស្មារតី នៃ​ការរួបរួម​សាមគ្គី កិច្ចសហប្រតិបត្តិការ និង ការយោគយល់​អា​ធ្យា​ស្រ័យ​គ្នា ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ។ ស្ថិត​លើ​ហេតុផល​ទាំងអស់នេះ សក្ខីកម្ម​បញ្ជាក់​ឲ្យ​ឃើញថា បុព្វបុរស​ខ្មែរ​បាន​បង្កើត​ពូជពង្ស​ជាតិ​សាសន៍​ខ្មែរ​យើង ដែលជា​និច្ចកាល​មាន​សីលធម៌ មាន​អរិយធម៌ និង​អត្តសញ្ញាណ​ខ្ពង់ខ្ពស់​ឧត្តុង្គឧត្តម ល្បីល្បាញ​តាំងពីដើម​រៀងមក៕

អានព័ត៌មានបន្ថែមស្តីពី៖ ឯកឧត្តម អ៊ូ សំអួន សំណេះសំណាលកីឡាករទូកងរក្រោយបញ្ចប់ព្រះរាជពិធីអុំទូក អកអំបុកសំពះព្រះខែ និងលយប្រទីប និង​ប្រជាពលរដ្ឋចំនួន១១៤គ្រួសារទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

 

Share on Facebook