បោះពុម្ព

បញ្ជូនខ្លួនមេកន្ទុយ​លេខដុះស្លែទៅតុលាកាដើម្បីចាត់ការតាមផ្លូវច្បាប់

កំពង់ស្ពឺ ៖ មេ​កន្ទុយ​លេខដុះស្លែ និងអ្នកកត់ចំនួន៣នាក់ ត្រូវសមត្ថកិច្ចប៉ូ​លិសព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន ខេត្ត​កំពង់ស្ពឺ បញ្ជូនខ្លួនទៅកាន់​ សាលាដំ​បូង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤នេះ ដើម្បី​ចាត់​ការ​តាម​​និ​តិវិធីច្បាប់ ។ ដោយឡែកមេកន្ទុយលេខម្នាក់ទៀត មាន​​ជម្ងឺ​ខ្សោយ​បេះ​ដូង ត្រូវបាន​ក្រុម​គ្រួសារ​សុំធានា​យក​ទៅ​ព្យាបាលជម្ងឺ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ ព្រោះ​មាន​សភាពមិនប្រក្រតិនៅក្រោយពេលសមត្ថកិច្ចចាប់ខ្លួន ។

លោកវរៈសេនីយ៍សម សាក់ នាយការិយាល័យ ព្រហ្ម​ទណ្ឌ​កំរិតធ្ងន់ បាន​ប្រាប់​​ឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៣ ខែ​ឧសភា ឆ្នាំ២០១៤កន្លងមក​នេះ​​កំលាំង​សមត្ថ​​​​​កិច្ច​ដែល​ដឹកនាំ​ដោយ លោកម៉ុត ដារា ព្រះរាជអាជ្ញារង អមសាលា​ដំបូង ខេត្តកំ​ពង់​ស្ពឺ បាន​ចុះបង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​កន្ទុយ​លេខ​ចំនួន២កន្លែង ស្ថិត​ក្នុង​ផ្សារសំរោង(ភូមិមនោរម្យ) ឃុំមនោរម្យ ស្រុកថ្ពង ។ លោកបានបន្តថា ក្នុងពេលចុះ​ប្រ​តិបត្តិការនោះ ​ស្រាប់​តែមាន​អ្នកចេញ​មុខ​អ្នក​សុំអត្តរាគមន៏ ដើម្បី​ដោះលែងបង្ករជាភាព​រញ៉េរញ៉ៃ ប៉ុន្តែសមត្ថកិច្ចក៍ប្រញ៉ាប់នាំអ្នកពាក់ព័ន្ធមកកាន់ស្នងការដ្ឋានខេត្តតែម្តង ។

លោកសម សាក់បានបន្តថា មេកន្ទុយលេខដុះស្លែរ ដែលបង្ក្រាបបាននោះ មានឈ្មោះលី អ៊ូ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ​មានកូនកញ្ច្រែងចំនួន៦នាក់ដើរប្រមូលតាមភូមិ ក្នុងនោះឃាត់ខ្លួនអ្នកកត់បានចំនួន​២​នាក់ទៀតមានឈ្មោះម៉ៅ ឃីម ភេទស្រី អាយុ៣២ឆ្នាំ និងឈ្មោះឈៀង ឡេង ភេទ​ស្រី៥៣ឆ្នាំ ។ លោកបន្តថាសកម្មភាពលេងល្បែងស៊ីសង ប្រភេទកន្ទុយលេខនេះ កំ​ពុង​តែរីដុះដាលទូទាំងខេត្ត ដោយ​សារតែ​មានការ​លួច​លាក់​ពី​ភ្នែក​សមត្ថកិច្ច ទោះបី​ជាមានបង្ក្រាបជាបន្តបន្ទាប់ក៍ពួកគាត់មិនរៀងចាល់ឡើយ ដែលបញ្ហានេះវានាំឱ្យផ​ល​​ប៉ះ​ពាល់​ដល់​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់់​ប្រមុខ​រាជរដ្ឋាភិបាល ។

លោកសម សាក់បានបញ្ជាក់ថា ឈ្មោះលី អ៊ូ បើករកស៊ីមេកន្ទុយលេខជា​ង​មួយឆ្នាំហើយក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនមកដល់ស្នាក់ការប៉ូលិស​ នៅល្ងាចថ្ងៃទី​០៤ ខែឧសភា ស្រាប់តែកើតមានជម្ងឺខ្សោយបេះ បន្ទាប់មកទើបក្រុមគ្រួសារសុំធានា​យកទៅព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែត ។ ចំពោះមេកន្ទុយ​លេខ​ម្នាក់​ទៀត​ឈ្មោះ​​ទូច ឡន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើត្រូវបានឃាត់ខ្លួនផង​ដែរ ។

សមត្ថកិច្ចដកហូតវត្ថុតាង មានប្រាក់ទិញ​កន្ទុយលេខ ទូរស័ព្ឌដៃម៉ាកសាំ​សុង​​ម៉ាស៊ិនកុំព្យូទ័រ ម៉ាស៊ិនព្រីន សម្រាប់ផ្ញើរអ៊ីម៉ែល និងTango ទៅឱ្យមេធំនៅភ្នំពេញ​​ប៉ុន្តែពួកគាត់មិនបានប្រាប់ពីឈ្មោះ និងអាស្រ័យដ្ឋានរបស់មេកន្ទុយលេខធំឱ្យស្គាល់​ទេ គ្រាន់តែប្រាប់ថា រាល់សម្ភារៈ​សម្រាប់​ប្រើការងារ​ទាក់ទង​ជាមួយ​កន្ទុយ​លេខ​គឺ​​មេ​នៅភ្នំពេញជាអ្នកទិញដាក់ឱ្យប្រើ ហើយលុយកាក់ត្រូវទូរទាត់តាមរយៈធានាគា ។

សូមបញ្ជាក់ថា សកម្មភាពលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងស្រុកថ្ពង​កើតមានយ៉ាងពេញបន្ទុក ជាពិសេសនៅតំបន់ថ្នល់បំបែកអមលាំង ឃុំអមលាំងមាន​បៀរ ខ្លាឃោក ជន់មាន់ ប្រដាល់ និងកន្ទុយលេខជាដើម ប៉ុន្តែលោកហ៊ុន សុខហុន អ​ធិការប៉ូលិសទើបឡើងថ្មី គ្មានសមត្ថភាពបង្ក្រាបទាល់តែសោះ ព្រោះ​គាត់​រវល់​ច្រើន​ពី​ការងាររកស៊ីខាង​ក្រៅដូចជាស៊ីឈ្នួល​យាមដីក្រុមហ៊ុនតែម្តង ។

បច្ចុប្បន្នជនដែលមានការពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅកាន់តុលាកា នៅព្រឹក​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់ ៕

អានព័ត៌មានបន្ថែមស្តីពី៖ សមត្ថកិច្ចរដ្ឋបាលព្រៃឈើឃាត់រថយ្តកុងតឺន័រចំនួន៣គ្រឿងសង្ស័យមានដឹកជញ្ជូន ឈើដោយខុសច្បាប់ , ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន២នាក់ដកហូតម៉ូតូ៥គ្រឿងនៅស្រុកឧដុង្គ និងទីតាំងបំរើសេវាផ្លូវភេទចំនួន២កន្លែងត្រូវបានសមត្ថកិច្ចខេត្ត​កំពង់ស្ពឺបង្ក្រាប

Share on Facebook