បោះពុម្ព

តួនាទី និងភារកិច្ចរដ្ឋបាលស្រុក-ក្រុង

        ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុងត្រូវមាននាយករដ្ឋបាលមួយរូប ហៅថានាយករដ្ឋបាលសាលាស្រុក-ក្រុង។  នាយករដ្ឋបាលសាលាស្រុក-ក្រុងត្រូវមាន​នាយក​រងរដ្ឋបាលសាលាស្រុក-ក្រុងយ៉ាងច្រើនពីររូបជាជំនួយការ។ 

១.ការងារ និងភារកិច្ចរបស់នាយករដ្ឋបាលស្រុក-ក្រុង

  • ជាជំនួយការដល់ក្រុមប្រឹក្សាស្រុក-ក្រុង គណៈអភិបាលស្រុក-ក្រុង និងអភិបាល​ស្រុក-ក្រុងក្នុងការចាត់ចែងកិច្ចការរដ្ឋបាល និងការធានានិរន្ដរភាពកិច្ចការ​រដ្ឋបាលប្រចាំថ្ងៃក្នុងសាលាស្រុក-ក្រុង។ ក្នុងការអនុវត្ដតួនាទីនេះ នាយក​រដ្ឋបាលសាលាស្រុក-ក្រុងត្រូវ ៖

-  ធ្វើរបាយការណ៍ និងត្រូវមានគណនេយ្យភាពចំពោះគណៈអភិ​បាល​ស្រុក-ក្រុង អភិបាលស្រុក-ក្រុង និងក្រុមប្រឹក្សាស្រុក-ក្រុងរបស់ខ្លួន

-  រៀបចំ និងដាក់ជូនគណៈអភិបាលស្រុក-ក្រុងពិនិត្យ សម្រេចនូវកិច្ចការ​រដ្ឋបាលប្រចាំថ្ងៃក្នុងសាលាស្រុក-ក្រុង ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់​គណៈ​អភិបាលស្រុក-ក្រុង ហើយត្រូវធានាថា កិច្ចការទាំងនោះត្រូវបាន​រៀបចំឡើងស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងទម្រង់​បែបបទនៃលិខិតស្នាមរដ្ឋបាល

-  រៀបចំ និងដាក់ជូនគណៈអភិបាលស្រុក-ក្រុងនូវវិធានការ និងគោល​ការណ៍ក្នុងការអនុវត្ដដីកា និងសេចក្ដីសម្រេចនានារបស់ក្រុម​ប្រឹក្សាស្រុក-ក្រុង

-  ធ្វើជាសេនាធិការជូនអភិបាលស្រុក-ក្រុង និងប្រធានក្រុមប្រឹក្សាស្រុក-ក្រុង ក្នុងការត្រៀមរៀបចំសេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំទាំង​អស់​របស់ក្រុមប្រឹក្សាស្រុក-ក្រុង រួមទាំងការសម្របសម្រួលក្នុងការ​រៀបចំ​ឯកសារ និងខ្លឹមសារសម្រាប់របៀបវារៈនីមួយៗ​នៃកិច្ចប្រជុំទាំង​អស់របស់ក្រុមប្រឹក្សាស្រុក-ក្រុង ស្របតាមបទបញ្ជាផ្ទៃក្នុង​ក្រុមប្រឹក្សា​របស់ខ្លួន។ សេចក្ដីព្រាងរបៀបវារៈ ឯកសារ និងខ្លឹមសារ​ទាំង​អស់ ដែលនាយករដ្ឋបាលសាលាស្រុក-ក្រុងបានរៀបចំ សម្រាប់ដាក់ជូនកិច្ច​ប្រជុំក្រុមប្រឹក្សាស្រុក-ក្រុង ត្រូវដាក់ជូនគណៈអភិបាលស្រុក-ក្រុង ដើម្បី ពិនិត្យ និងផ្ដល់យោបល់ជាមុន លើកលែងតែមានការកំណត់​ផ្សេង​ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា

-  ធ្វើជាសេនាធិការជូនក្រុមប្រឹក្សាស្រុក-ក្រុងក្នុងការរៀបចំ និងបែងចែក​លិខិតអញ្ជើញប្រជុំ ការរៀបចំទីកន្លែងប្រជុំ និងកំណត់ហេតុ​គ្រប់​កិច្ចប្រជុំទាំងអស់របស់ក្រុមប្រឹក្សាស្រុក-ក្រុង

-  ត្រៀមរៀបចំកិច្ចការនានា សម្រាប់បម្រើឱ្យកិច្ចប្រជុំទាំងអស់​របស់គណៈអភិបាលស្រុក-ក្រុង តាមការណែនាំរបស់អភិបាលស្រុក-ក្រុង

-  ធានាក្នុងការទទួល និងបែងចែកលិខិតស្នាម ឯកសារនានាឱ្យ​បាន​ត្រឹមត្រូវដល់សមាជិកក្រុមប្រឹក្សាស្រុក-ក្រុង អភិបាលស្រុក-ក្រុង និងអភិ​បាល​រងស្រុក-ក្រុង ព្រមទាំងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ការិយា​ល័យ និងអ្នកពាក់ព័ន្ធនានា

-  គ្រប់គ្រង និងប្រើប្រាស់ត្រារដ្ឋបាលស្រុក-ក្រុងឱ្យបានត្រឹមត្រូវតាម​ការ​កំណត់

-  ធានារក្សាទុកដាក់ឱ្យបានត្រឹមត្រូវ និងគង់វង្សនូវឯកសារ លិខិត​បទដ្ឋានទាំងអស់របស់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុង និងរដ្ឋបាលរបស់ខ្លួន

-  បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ភារកិច្ចពីក្រុមប្រឹក្សា​ស្រុក-ក្រុង គណៈអភិបាលស្រុក-ក្រុង អភិបាលស្រុក-ក្រុង ឬដែលតម្រូវដោយ​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា។

  • មានសិទ្ធិចូលរួម និងបញ្ចេញយោបល់ក្នុងគ្រប់កិច្ចប្រជុំក្រុមប្រឹក្សា​ស្រុក-ក្រុង កិច្ចប្រជុំគណៈកម្មាធិការ អនុគណៈកម្មាធិការ និងក្រុមការ​ងារ​នានារបស់ក្រុមប្រឹក្សាស្រុក-ក្រុង និងក្នុងកិច្ចប្រជុំគណៈអភិបាលស្រុក-ក្រុង ប៉ុន្ដែ​ពុំមានសិទ្ធិបោះឆ្នោតអនុម័តឡើយ លើកលែងតែនាយករដ្ឋបាល​សាលាស្រុក-ក្រុងជាសមាជិកគណកម្មាធិការ ឬអនុគណៈកម្មាធិការ ឬ ក្រុមការងារណាមួយនោះ
  • ក្នុងការចូលរួមក្នុងកិច្ចប្រជុំ និងការអនុវត្ដការងារប្រចាំថ្ងៃ នាយក​រដ្ឋបាលសាលាស្រុក-ក្រុងអាចផ្ដល់យោបល់ដល់ក្រុមប្រឹក្សាស្រុក-ក្រុង គណៈ​កម្មាធិការ អនុគណៈកម្មាធិការ និងក្រុមការងារនានារបស់ក្រុម​ប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុងរបស់ខ្លួន អំពីបញ្ហាច្បាប់ និង​បច្ចេកទេស ដើម្បីធានាថាសេចក្ដីសម្រេច និងសកម្មភាពនានា​របស់​ក្រុមប្រឹក្សាស្រុក-ក្រុង គណៈអភិបាលស្រុក-ក្រុង និងអភិបាលស្រុក-ក្រុងមានលក្ខណៈ​សមស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ព្រមទាំង​បទដ្ឋានជាតិ សម្រាប់សុវត្ថិភាព និងគុណភាពដែលបានកំណត់ ព្រម​ទាំងការលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងសាលាស្រុក-ក្រុង
  • ត្រូវធានាឱ្យការិយាល័យ មន្ដ្រី បុគ្គលិកទាំងអស់អនុវត្ដការងារបាន​ត្រឹមត្រូវទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ដ នីតិវិធីនានា និងតាម​ការសម្រេចរបស់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុងរបស់​ខ្លួន។

គណៈអភិបាលស្រុក-ក្រុង និងអភិបាលស្រុក-ក្រុង អាចធ្វើប្រតិភូកម្មដល់ នាយក​រដ្ឋបាលសាលាស្រុក-ក្រុងឱ្យលើកយោបល់លើកិច្ចការណាមួយ ដែលស្ថិតក្នុង​វិសាល​ភាពនៃតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីគណៈអភិបាលស្រុក-ក្រុង ឬអភិបាលស្រុក-ក្រុង  ​ពិនិត្យ សម្រេចតាមការចាំបាច់។