បោះពុម្ព

មានជីវិត ដោយគ្រាន់តែផឹកទឹកប៉ុណ្ណោះ

តាមប្រភពព័ត៌មាន Globaltimes របស់ចិន កំលោះ Ning Xuefa អាយុ ២២ ឆ្នាំនៅខេត្ត ហឺណាន ប្រទេសចិនបានអះអាងថា គាត់មិនបាន​បរិភោគ​អាហារ​អ្វីទាំងអស់ចំនួន ១២ ឆ្នាំមក​ហើយ ហើយរស់​ដោយ​សារតែ​ការផឹកទឹក ក្នុង ១ ថ្ងៃ ១៥ លីត។ លោក Ning Xuefa ដែលមានទម្ងន់តែ ៤០ គីឡូក្រាម និង កម្ពស់ ១៥០ សង់ទីម៉ែត្រ បានប្រាប់​ព័ត៌មានចិន ថានៅពេលគាត់មានអាយុ ១០ ឆ្នាំគាត់ចាប់ផ្ដើមខ្ពើមម្ហូប ចេះតែចង់ក្អួតវិលមុខ ពេល​ឃើញ​ម្ហូបម្ដងៗ ។ ឪពុករបស់គាត់ក៏បានអះអាងបែបនេះដែរ ហើយ​ប្រាប់ថា ក្រៅពីទឹក អ្វីដែល Ning Xuefa អាចញ៉ាំបានគឺ ទឹកដោះគោ ប៉ុន្ដែគ្រួសាររបស់គាត់ក្រពេក មិនមាន​លទ្ធភាពទិញទឹកដោះគោ ឲ្យកូនបាន ។

Ning Xuefa បានធ្លាប់ចូលធ្វើការជាជាងសំណង់ ប៉ុន្ដែ​ដោយ​សារមានរាងកាយតូច និង កម្លាំងខ្សោយ ហើយឧស្សាហ៍ទៅបន្ទប់ពេក  Ning Xuefa ត្រូវបានគេបណ្ដេញពីការងារជាច្រើនកន្លែង ។  អាណាព្យាបាល លោក Ning Xuefa មិនមានកង្វល់ក្នុងការចិញ្ចឹម កូនរបស់ពួកគាត់ទេ ព្រោះថា Ning Xuefa ត្រូវការតែទឹកប៉ុណ្ណោះ។

Ning Xuefa ធ្លាប់ឲ្យវេជ្ជបណ្ឌិតសិក្សាមើលពីអាការៈ របស់ខ្លួន ។ លោកវេជ្ជបណ្ឌិតបានរកឃើញថា លោក Ning Xuefa មានជំងឺស្រែកទឹកម្យ៉ាងដ៏កម្រ ប៉ុន្ដែនៅ​មិនអាច​​ពន្យល់បានថា តើលោក Ning Xuefa អាចរស់នៅដោយសារតែទឹកមួយមុខ ក្នុងរយៈពេល ១២ ឆ្នាំតាមបែបណា។

តើប្រិយមិត្តជឿថាមនុស្សម្នាក់អាចរស់នៅដោយគ្មានអាហារបានយូរបែបនេះដែរ ឬទេ? ជាធម្មតាមនុស្សម្នាក់អាចរស់នៅដោយគ្មានអាហារបានតែ ៣ សប្ដាហ៍ប៉ុណ្ណោះយ៉ាងយូរ។