អត្ថបទ

បោះពុម្ព
សន្ធិ​សញ្ញា​កំណត់​ព្រំដែន កម្ពុជា-វៀតណាម

 

សន្ធិសញ្ញាកំណត់ព្រំដែន

កម្ពុជា-វៀតណាម

******

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា

 

ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី

ថ្លែងក្នុង បទអន្ដរាគមន៍ស្ដីពីបញ្ហា សន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និង ជុំវិញបញ្ហាព្រំដែនទឹក រវាងកម្ពុជា-វៀតណាម

នៅរដ្ឋសភាជាតិ ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០០៥

 

ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
បំភ្លឺអំពីបញ្ហាព្រំដែននៅ រដ្ឋសភាជាតិ

 

ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
ថ្លៃងក្នុងបទអន្ដរាគមន៍ ស្ដីអំពី បញ្ហាសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ
ឆ្នាំ ១៩៨៥ និងជុំវិញបញ្ហាព្រំដែនទឹក រវាងកម្ពុជា-វៀតណាម

នៅស្ថានីយទូរទស្សន៍អប្សារា ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០០៥

 

          បទអន្ដរាគមន៍របស់ឯកឧត្ដម សុខ អាន
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពីបញ្ហាសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ
ឆ្នាំ ១៩៨៥ និងជុំវិញបញ្ហាព្រំដែនទឹក រវាងកម្ពុជា-វៀតណាម

សូមគោរពឯកឧត្ដម លោកជំទាវ ជាគណៈអចិន្ដ្រៃយ៍

- សូមគោរពឯកឧត្ដម អស់លោក លោកស្រីទាំងអស់ ដែលមានវត្ដមាននៅ ទីនេះ

ថ្ងៃនេះ ខ្ញុំមានកិត្ដិយស ដើម្បីជម្រាបជូនសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោកថា ប៉ុន្មានសបា្ដហ៍នេះ មានការទិតៀន មកលើរាជរដ្ឋាភិបាល ជាពិសេសការចោទប្រកាន់ មកលើសម្ដេច ហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលថាលក់ដីទៅឱ្យវៀតណាម។ នេះជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ដែលរហូតដល់ទៅ និយាយថា  ជាជនក្បត់ជាតិ។ ដូច្នេះជាជំហររបស់យើង យើងយល់ច្បាស់ថា អ្វីដែលយើងបានធ្វើ គឺជាគោលជំហរ ដ៏ត្រឹមត្រូវ យុត្ដិធម៌ និងការខិតខំអស់កម្លាំងកាយចិត្ដ ដើម្បីអនុវត្ដមាគ៌ា របស់គណបក្ស ក៏ដូចជាការអនុវត្ដ គោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការបម្រើ ដល់ប្រយោជន៍ប្រទេសជាតិ និង ប្រជាជនកម្ពុជា។ ដូច្នេះបើយើងខំធ្វើ ហើយបែរជាបានទទួលការចោទប្រកាន់ធ្ងន់ៗ បែបនេះទៅវិញ នេះជា ចំណុចដែលយើង មិនអាចនៅស្ងៀមបានទេ។ វាជាចំណុចដែលយើងត្រូវតែមាន ប្រតិកម្មយ៉ាងសកម្ម ច្បាស់លាស់ ហើយ បកស្រាយបំភ្លឺដល់ប្រជាពលរដ្ឋ ដើម្បីឱ្យយល់នូវបុព្វហេតុ ដ៏ត្រឹមត្រូវ និងយុត្ដិធម៌ របស់យើង ពីព្រោះ បើយើងខំកសាងអ្វីដែលជាគុណសម្បតិ្ត ហើយបែរជាទទួលបានទោសវិញ ដោយសារមូលហេតុ ណាមួយ នោះ គឺជាចំណុចដែលយើងមិនអាចទទួលយកបាននោះទេ។ យើងត្រូវបកស្រាយនូវការពិត នៃ ប្រវត្ដិសាស្ដ្រ ដែលទាក់ទងទៅនឹងអ្វី ដែលយើងខំប្រឹងអនុវត្ដ នូវគោលការណ៍ច្បាប់អន្ដរជាតិ និងស្មារតី នៃសន្ធិសញ្ញា ឬ កិច្ចព្រមព្រៀងទាំងឡាយ ដើម្បីជាបុព្វហេតុ ត្រឹមត្រូវយុត្ដិធម៌ បម្រើដល់ប្រជាពលរដ្ឋ កម្ពុជា។

 ដូច្នេះហើយបានជាយើងប្រកាន់យកជំហរយ៉ាងសកម្ម គឺយើងជម្រាបនូវការពិត ដើម្បី បកស្រាយ ការចោទ ប្រកាន់ដែលខុសឆ្គង របស់អ្នកទាំងនោះ ដោយប្រកាន់យកវិធានការស្របច្បាប់មួយចំនួនក្នុង ក្របខ័ណ្ឌនីតិរដ្ឋ ទប់ស្កាត់នូវការប៉ុនប៉ង ដែលមានពិសពុលមកលើ រាជរដ្ឋាភិបាល និងមកលើថ្នាក់ដឹកនាំ របស់យើង។

ចំណុចមួយដែលខ្ញុំនឹងជម្រាបជូននេះ គឺយើងផ្ដោតលើសំណួរថា តើហេតុអ្វីបានជាមានព្រឹត្ដិការណ៍ កើតឡើង ក្នុងប៉ុន្មានសបា្ដហ៍នេះ? បច្ចុប្បន្ននេះ អ្វីដែលគេចោទប្រកាន់ខ្លាំងគឺគេយកបញ្ហាសិទ្ធិសារព័ត៌មានសិទ្ធិសេរីភាព នៃការបញ្ចេញមតិមកនិយាយថា រាជរដ្ឋាភិបាលបានប្រគល់កោះត្រល់ទៅឱ្យវៀតណាម។ ការលើកឡើងនេះ យើង មើលឃើញច្បាស់ថា គេប៉ុនប៉ងយកសិទ្ធិនៃសារព័ត៌មាន និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ មកបិទបាំង ដើម្បីសម្រេចគោលបំណងរបស់គេ ដោយលើកយកបញ្ហាព្រំដែន មកវាយប្រហារយើង បង្កើតឱ្យមានភាពចលាចល និងច្របូកច្របល់។ នេះគឺជាគោលដៅពិត ដូច្នេះអ្វីដែល យើងនិយាយថ្ងៃនេះ គឺ បញ្ជាក់ឱ្យគេឃើញថា ហេតុផលនៃសិទ្ធិសេរីភាព នៃសារព័ត៌មាននោះ វាមិនមែន ជាការពិតទេ។

 ចំណុចច្បាស់លាស់មួយ ដែលយើងអាចយកមកបញ្ផាក់បាន គឺថាក្នុងដំណើរការ ប្រជាធិបតេយ្យ និងការកែ ទម្រង់រដ្ឋសព្វបែបយ៉ាង ដែលយើងបានធ្វើនេះ ត្រូវបានមតិសាធារណៈទទួល ស្គាល់ច្បាស់ថា មានដំណើរការ ទៅមុខ។ បើគិតពីរចនាសម្ព័ន្ធ ស្ថាប័នធម្មនុញ្ញ ដំណើរការបោះឆ្នោត និងសិទ្ធិ សេរីភាពសារព័ត៌មាននោះ យើងមានមោទនភាព ដោយសារតែយើងបានឈានទៅមុខ បើ ប្រៀបធៀបទៅ នឹងប្រទេសមួយចំនួន នៅក្នុងតំបន់។ យើងមានភស្ដុតាង ច្បាស់លាស់ណាស់ គឺនៅពេលថ្មីៗនេះ កាសែត Cambodge  Soir បានយកអត្ថបទ ខ្លីមួយដែលខ្ញុំយល់ថាមានសារៈសំខាន់យ៉ាងខ្លាំង ហើយខ្ញុំសូមលើកយក ខ្លឹមសារមក ជម្រាបជូនសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក ជ្រាបនោះ គឺបញ្ហាចោទ ប្រកាន់ពីការបិទសិទ្ធិប្រជាជន។ តាមមតិសាធារណៈគេថា យើងមិនបានបិទសិទ្ធិសេរីភាព ប្រជាពលរដ្ឋទេ យើងជាប្រទេសជួរមុខគេនៅ តំបន់អាស៊ីអាគ្នេយ៍ ជាប់លេខដំបូងគេនៅអាស៊ីអាគ្នេយ៍ បើគិតពីផ្នែកខាងសិទ្ធិ សេរីភាព សារព័ត៌មានរហូត ដល់អ្នកជំនាញការអង្គការមិនមែនរដ្ឋាភិបាលខ្លះនិយាយថាកម្ពុជា គឺជាឋានសួគ៌ នៃអង្គការមិនមែនរដ្ឋាភិបាល ពីព្រោះគេចង់បង្កើតអង្គការមិនមែន រដ្ឋាភិបាលប៉ុន្មានក៏បានដែរ។ នៅកម្ពុជា មានអង្គការមិនមែន រដ្ឋាភិបាល ជិត ២០០០ ដែលបានចុះបញ្ផី។ ដូច្នេះអង្គការមិនមែន រដ្ឋាភិបាលធ្វើអ្វីក៏បាន ដែរ រហូតដល់គេ មកពីបរទេស មកខិតខំធ្វើការទម្លាក់ រាជរដ្ឋាភិបាលក្នុងប្រទេស ក៏គេអាចធ្វើបានដែរ គឺយើងបើកទូលាយ និង ធូរអស់ ប៉ុណ្ណឹងហើយ។

កាលពីថ្ងៃទី ២១-២២ កន្លងមកនេះ មានអង្គការមិនមែនរដ្ឋាភិបាលមួយ ឈ្មោះថា Reporteur Sans Frontiĕre បានធ្វើការសិក្សាប្រៀបធៀបក្នុងចំណោមប្រទេសចំនួន ១៦៧ ដើម្បីរកចំណាត់ថ្នាក់ តើប្រទេស ណាមានការគោរពសិទ្ធិសេរីភាព ខាងសារព័ត៌មាន និងប្រទេសណាខ្លះមិនគោរព? ជាលទ្ធផល កម្ពុជាជាប់ ចំណាត់ថ្នាក់លេខ ៩១ ប្រទេសដាណឺម៉ាកជាប់ចំណាត់ថ្នាក់លេខ ១ ហើយប្រទេស ដែលនៅក្រោមគេជាប់ ចំណាត់ថ្នាក់លេខ ១៦៧ គឺប្រទេសកូរ៉េខាងជើង។ បើយើងមើល ប្រទេសនៅក្នុងតំបន់មាន ឥណ្ឌូណេស៊ី ជាប់លេខ ១០៥ ថៃឡង់ដិ៍ ជាប់លេខ ១០៧។ ដូច្នេះ ប្រទេសថៃ ក៏នៅចាញ់ប្រទេសកម្ពុជាដែរ ក្នុងរឿងសិទ្ធិសេរីភាពខាងសារព័ត៌មាន។ ប្រទេសម៉ាឡេស៊ី ជាប់លេខ ១១៣ ប្រទេសប្រ៊ុយណេ លេខ ១២៣ ហ្វីលីពីនលេខ ១៣៩ សាំងហ្គាពួរ លេខ ១៤០ ឡាវ លេខ ១៥៥ វៀតណាម លេខ ១៥៨ ចិន លេខ ១៥៩ និងភូមា ជាប់លេខ ១៦៣។ ដូច្នេះ យើងឃើញថា អង្គការ Reporteur Sans Frontiĕre បានសិក្សា យ៉ាងម៉ត់ចត់លើ ១៦៧ ប្រទេស ហើយអ្នកដែលចោទប្រកាន់ថា យើងមិនបានគោរពសិទ្ធិសេរីភាពសារព័ត៌ មាននោះ គឺជាការចោទប្រកាន់ខុសឆ្គង។ ដោយសារការបើកសិទ្ធិសេរីភាព របស់យើងទូលាយណាស់ យើងមិនខ្វល់នឹងការចោទប្រកាន់ខុសឆ្គងទាំងនោះទេ។ ផ្ទុយទៅវិញ បើការចោទប្រកាន់នោះ មានលក្ខណៈ ត្រឹមត្រូវ យើងយកចិត្ដទុកដាក់ តែបើមិនត្រឹមត្រូវទេ វាជារឿងមួយផ្សេងទៀត។

ហេតុដូចម្ដេចបានជាគេខំប្រឹងលើករឿងព្រំដែនមកនិយាយនៅពេលនេះ? កាលពីថ្ងៃម្សិលមិញ នៅក្នុងអង្គ ប្រជុំ សម្ដេចនាយករដ្ឋមន្ដ្រីបានលើកយកព័ត៌មានមួយថា តាំងពីខែ ០៥ សម្ដេចបានទទួល ព័ត៌មានរួច មកហើយថា នៅប៉ុន្មាន ខែ ខាងមុខ នឹងមានកើតចលាចលនៅក្នុងប្រទេស មូលហេតុលេចចេញ ពីការចោទ ប្រកាន់រឿងព្រំដែន។ ដូច្នេះ យើងឃើញជាក់ស្ដែងមែន ព័ត៌មានដែលយើងបានទទួលតាំងពីខែ ០៥ គឺពិតមែនហើយ មុខសញ្ញានោះ លេចចេញពីមុខសញ្ញា ដែលគេបានប្រាប់មែន។ នេះជាចំណុចសំខាន់ ដែលថា ហេតុដូចម្ដេចបានជារឿងព្រំដែនកើតឡើង? វាកើតឡើងប៉ុន្មានសបា្ដហ៍ នេះខ្លាំងក្លាណាស់ ចាប់ផ្ដើមចេញពី បទសម្ភាសន៍របស់លោក ស៊ាន ប៉េងសែ ជាមួយវិទ្យុសំបុកឃ្មុំ។ ក្រោយមកទៀតមាន អត្ថបទ សេចក្ដីថ្លែងការណ៍ជាហូរហែ មានបាតុកម្មនៅអាមេរិក នៅអឺរ៉ុប ហើយនៅអាមេរិក កំពុងលេច ឮបញ្ហាធ្វើបាតុកម្ម រឿងព្រំដែននេះនៅមានតទៅទៀត។ ដូច្នេះ វាហាក់ដូចជាការងារដែលមានផែនការគ្រោងទុក ហើយប្រើប្រាស់បញ្ហាព្រំដែន ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាល។ វាជាការជ្រើសរើស ប្រធានបទ ដែលជាបញ្ហាសំខាន់ ហើយបញ្ហាព្រំដែននេះ វាធ្លាប់ជាបញ្ហាស្រួចស្រាវនៅក្នុងប្រវត្ដិសាស្ដ្រ របស់យើង ក៏ដូចជានៅក្នុងប្រវត្ដិសាស្ដ្រប្រទេសផ្សេងៗ។ នៅលើសកលលោក ជាការពិត វាមិនមែនមានតែ បញ្ហាព្រំដែន ទេ ចំពោះប្រទេសជាង ២០០ នោះ។

រឿងរសើបនោះ គឺខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ខុសគ្នាពីពេលមួយទៅពេលមួយ។ ឥឡូវដូច នៅប្រទេសអាមេរិក គេលើកឡើងថា តើមានរឿងអ្វីរសើបជាងគេ ក្រោយព្រឹត្ដិការណ៍ថ្ងៃទី ១១ កញ្ញា ២០០១ មក គឹរឿងភេរវកម្ម។ បើគេសង្ស័យអ្វីជាភេរវកម្ម គឺរដ្ឋាភិបាលគេមានវិធានការសកម្ម ណាស់។ ដូច្នេះ ខ្ញុំលើកនេះគ្រាន់តែចង់ជម្រាបជូនថា បញ្ហាអ្វីដែលជាចំណុចរសើប វាមានខុសៗ គ្នា ចំពោះ ពេលវេលា កំណត់ណាមួយ។ ឧទាហរណ៍ នៅអាមេរិកក្រោយថ្ងៃ ១១ កញ្ញា ២០០១ មានជនជាតិបារាំង ម្នាក់់ បានជិះយន្ដហោះអាមេរិក ហើយបានទៅនិយាយកំប្លែងលេងជាមួយនារី អូតែសម្នាក់ថាមានគ្រាប់បែក នៅក្នុងយន្ដហោះ ដើម្បីបំភ័យនាង។ លុះដល់ពេលគេចុះមកវិញ នារីនោះបានទៅប្ដឹងប៉ូលីស គេក៏ចាប់ ជនជាតិបារាំងនោះកាត់ទោសឱ្យជាប់គុក។ ដូច្នេះ បញ្ផាក់ថានេះជាចំណុចរសើបខ្លាំងណាស់។ នៅអាមេរិក គេបានយកវិធានការតឹងរ៉ឹង ទោះបីជាវិធានការនោះ ប៉ះពាល់ទៅលើសិទ្ធិសេរីភាពរបស់បុគ្គល ក៏ដោយ ព្រោះថា ទោះបីអាមេរិកជា ប្រទេសជើងឯកខាងសិទ្ធិសេរីភាព ប៉ុន្ដែមានច្បាប់ថ្មីៗច្រើនណាស់ ដែលអាច ឱ្យឆែកឆេរ ព័ត៌មានឆ្លងឆ្លើយ ប្រើប្រាស់វិធានការជាក់ស្ដែង ដើម្បីទប់ស្កាត់ភេរវកម្ម ព្រោះវាជាបញ្ហា អាយុជីវិតរបស់ប្រទេសគេ។ ឧទាហរណ៍នេះ ខ្ញុំគ្រាន់តែចង់លើកឡើងថា ប្រទេសមួយ គេមានចំណុច រសើបមួយ ក្នុងពេលវេលាកំណត់ណាមួយ។ ដូចជានៅអឺរ៉ុប គេក៏មានបញ្ហារសើប របស់គេដែរ។ បញ្ហា សំខាន់របស់ទ្វីបអឺរ៉ុប គឺរឿងទប់ស្កាត់ការសម្លាប់រង្គាល ព្រោះអឺរ៉ុបបានឆ្លងកាត់ប្រវត្ដិសាស្ដ្រ យ៉ាង ជូរចត់ក្នុងសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២ ដែលមានមនុស្សស្លាប់រាប់ សិបលាននាក់។ ក្នុងរបបប្រល័យ ពូជសាសន៍នៅកម្ពុជាវិញ មានមនុស្សស្លាប់ជាង៣លាននាក់ តែសង្គ្រាម លោកលើកទី២ នៅអឺរ៉ុប ស្លាប់រាប់សិបលាន ហើយ ក្នុងនោះ វាកើតឡើងដោយហេតុផលប្រកាន់ពូជសាសន៍ គឺ អ៊ីត្លែរ បាន បញ្ចេញទ្រឹស្ដីអំពីបញ្ហាពូជសាសន៍ ខ្ពង់ខ្ពស់ជាង និងខ្លាំងជាងជាតិសាសន៍ដទៃ ហើយក៏ អនុវត្ដនូវទ្រឹស្ដី នោះ ដើម្បីសម្លាប់ជនជាតិជ្វីហ្វ ដែលគេហៅថា Holocauste បានន័យថាសម្លាប់ជនជាតិ ជ្វីហ្វឱ្យអស់។ ដូច្នេះ វាជាចលនាមួយដែលគេខ្លាចណាស់ គេខ្លាចចលនានេះវា វិលត្រឡប់មកវិញ នឹងកើតជាបញ្ហារសើប របស់គេ។ ជាក់ស្ដែងនៅឆ្នាំ ១៩៩០ នៅប្រទេសបារាំងគេធ្វើច្បាប់ ហៅថា ច្បាប់ហ្កិចសូ បានន័យថា ដាក់ទោសទៅលើនរណាដែល និយាយឆ្កឹះឆ្កៀលពី រឿងប្រល័យពូជសាសន៍ឡើងវិញ គឺពួកសើរើនិយម (Révisionniste) ពីព្រោះថា ជនមួយក្ដាប់តូចនៅតែមាននិន្នាការនយោបាយការពាររឿងសម្លាប់មនុស្សនេះ ចង់ធ្វើជាចលនាស្នេហាជាតិហួសហេតុ ដើម្បីភាពឧត្ដុង្គឧត្ដម របស់ក្រុមគេ និងរបស់ទ្វីបគេ។ ដូច្នេះគេ បង្កើតច្បាប់ហ្កិចសូ ក្នុងគោលបំណងចាប់ អ្នកសើរើរឿង ប្រវត្ដិសាស្ដ្រនេះ ដាក់ទោសដោយផ្អែកតាម ច្បាប់ព្រហ្មទណ្ឌពិសេស។

ក្នុងពេលបោះឆ្នោតកន្លងមក នៅឆ្នាំ ១៩៨៧ លោក LE PEN ប្រធានគណបក្សប្រឆាំងមួយ ដ៏ល្បីល្បាញ នៅបារាំង បានឈ្នះឆ្នោតទាំងអតីតនាយករដ្ឋមន្ដ្រីបារាំងទៀត បាននិយាយនៅក្នុងការសម្ភាសន៍ មួយថា បន្ទប់ដែលគេបានដាក់ឧស្ម័នសម្រាប់សម្លាប់មនុស្ស របស់អ៊ីត្លែរកាលពីសង្គ្រាមលោក លើកទី២ នោះមាន ច្រើនកន្លែង ប៉ុន្ដែលោក LE PEN បាននិយាយពីរឿងបន្ទប់មួយនៅអូស្វីត ដូចយើងនិយាយអំពី ទួលស្លែង អញ្ចឹងដែល គ្រាន់តែជាចំណុចលំអិតមួយ នៃប្រវត្ដិសាស្ដ្រ។ គ្រាន់តែប្រើពាក្យប៉ុណ្ណឹង សមាគម អ្នកការពារ សិទ្ធិមនុស្សបានប្ដឹងលោកទៅតុលាការ ហើយតុលាការកោះហៅ LE PEN ។ ដោយលោកមិនអាច ការពារខ្លួនបាន តុលាការបានកាត់ទោស LE PEN ដោយដកសិទ្ធិនយោបាយមួយរយៈ។ ដូច្នេះ LE PEN ត្រូវ រង់ចាំទាល់តែចប់ទោសនោះទើបអាចធ្វើនយោបាយបានវិញ។ នេះគ្រាន់តែជាពាក្យមួយ និយាយចង់ការពារ របបហ្វាស៊ីសដូចយើងចង់និយាយពីទួលស្លែង គឺត្រូវជាប់ទោស ហើយគាត់ជាប្រធានគណបក្ស ជាមនុស្ស ម្នាក់ល្បីឈ្មោះនៅប្រទេសបារាំង។ សម រង្ស៊ី និយាយស្ដីអ្វី ច្រើនតែរៀនសូត្រពី LE PEN លោកច្រើនតែ និយាយអំពីបញ្ហាបាត់ទឹកដី ការរើសអើងពូជសាសន៍។ គ្មានអ្នកណាចូលចិត្ដ អំពីការប្រកាន់ពូជសាសន៍ នេះជាចំណុចរសើបណាស់។ ការចាក់រុកឱ្យស្អប់ពួកបរទេស គេចាត់ទុកថាមាន ទោសតែម្ដង។ សង្គ្រាមលោក លើកទី២ គឺកើតឡើងដោយការដុតកំហឹងពូជសាសន៍។ មានឧទាហរណ៍ច្រើន ណាស់តែខ្ញុំសូមលើក ឧទាហរណ៍មួយទៀត គឺនៅអង់គ្លេសមានអ្នកនិពន្ធល្បីឈ្មោះ ម្នាក់ឈ្មោះ ឆាល់មែន រ៉ាសាឌី ជនជាតិដើម ឥណ្ឌា បានសរសេរសៀវភៅមួយ រិះគន់ទៅលើសាសនាអ៊‌ិស្លាម គម្ពីរគូរ៉ាន់ តើមានប្រតិកម្ម យ៉ាងដូចម្ដេច? នេះជាបញ្ហារសើបណាស់នៅមជ្ឈិមបូព៌ា។ នៅពេលនោះ អាញាត់តេល ឡា ឃុំមេនី មេដឹកនាំប្រទេស អ៊ីរ៉ង់បានប្រកាន់យកវិធានការសាសនាមួយហើយប្រជុំសាសនា បន្ទាប់មកបានចេញបទ បញ្ផាខាងសាសនា ដោយហៅថា “ ហ្វាត់វ៉ា ” គឺដាក់បញ្ជាជាផ្លូវការឱ្យជនជាតិអ៊‌ិស្លាម ដែលកាន់សាសនា អ៊‌ិស្លាមទៅសម្លាប់ លោក ឆាល់មែន រ៉ាសាឌី ឱ្យបានហើយនរណាសម្លាប់បានឱ្យរង្វាន់ ៣លានដុល្លារ ព្រោះជាមនុស្សប្រឆាំង សាសនាជាចំហទិតៀន គម្ពីរគូរ៉ាន់ រហូតទាល់តែលោក ឆាល់មែន រ៉ាសាឌី រត់គេចខ្លួន សុំកិច្ចការពារ ជីវិតជាហូរហែច្រើនឆ្នាំណាស់ ទំរាំហ៊ានចេញមុខវិញ ហើយត្រូវទាមទារឱ្យធ្វើការ សុំទោសជាផ្លូវការ សំដែងការ គោរព សាសនាអ៊‌ិស្លាមនោះឡើងវិញ។ ឧទាហរណ៍ ទាំងនេះជាចំណុចសំខាន់ណាស់ ដែលខ្ញុំចង់ជម្រាបថា ប្រទេសនីមួយៗមានចំណុចរសើបរៀងៗ ខ្លួន ដើម្បីការពារអាយុជីវិត របស់ ប្រជាពល រដ្ឋគេ ការពារអត្ថិភាព ប្រទេសគេ ការពារភាពគង់វង្ស របស់ប្រទេសគេ ការពារសុវត្ថិភាព របស់ប្រទេស ជាតិគេនិងប្រជាពលរដ្ឋគេ។ ការលើកឡើងទាំងអស់នេះ គឺចង់បកស្រាយថា កម្ពុជាយើងក៏ មានចំណុច រសើបរបស់យើង គឺរឿង ទឹកដីនេះតែម្ដង ព្រោះថាកម្ពុជាធ្លាប់ជាមហានគរ យើងក៏មានផែនទី ដែរ គឺផែនទីអធិរាជាណាចក្រកម្ពុជា តាំងពីសតវត្សទី ១០ មកម្ល៉េះ។ យើងមានផែនទី៣ គឺផែនទីសម័យ សតវត្សទី ១០ ទី ១៣ និងក្រោយមក ទៀត ទឹកដីយើងរួញបន្ដិចម្ដងៗ រហូតដល់អ្នកស្រាវជ្រាវវៀតណាម ក្នុងនិក្ខេបបទ របស់គេ បានសរសេរ ច្បាស់ថា កាលណាមានជម្លោះដណ្ដើមអំណាចរវាងរាជវង្សខ្មែរ ស្ដេចម្ខាងពឹង វៀតណាម ម្ខាងពឹងថៃ ដោយ សន្យាកាត់ដីម្ដុំឱ្យជាសគុណនៅពេលដណ្ដើមអំណាចបាន។ នេះជាចំណុចរសើប របស់ប្រជាពលរដ្ឋយើង អំពីរឿងបាត់ទឹកដី។

យើងក៏ធ្លាប់ឃើញជាក់ស្ដែងដែរនៅក្នុងប្រវត្ដិសាស្ដ្ររបស់យើង កាលក្នុងទសវត្ស ឆ្នាំ៧០ ក្រុម លន់ នល់ បានប្រើប្រធានបទបាត់ទឹកដីនេះ ដើម្បីធ្វើរដ្ឋប្រហារប្រឆាំងនឹងព្រះករុណានៅឆ្នាំ ១៩៧០ ហើយ ត្រូវបាន តុលាការពិសេសកាត់ទោសប្រហារជីវិត ព្រះករុណាផងដែរ។ ជាមួយគ្នានេះដែរ ក៏មានបទ ចម្រៀង មួយចំនួន ស្ដីពីបញ្ហាលក់ទឹកដី ឱ្យយៀកកុង ដូចជាបទ “លាម៉ែចូលធ្វើទាហាន” ដែលច្រៀងដោយ លោក ស៊ិន ស៊ីសាមុត។ នេះជាឧទាហរណ៍មួយច្បាស់លាស់ណាស់ថា គេប្រើបញ្ហាទឹកដីដើម្បី ធ្វើការងារ ធំៗ ដើម្បីផ្ដួល រំលំ ព្រះករុណានៅសម័យនោះហើយដើម្បីបង្កើតតុលាការកាត់ទោសប្រហារជីវិត ព្រះករុណា ពីបទក្បត់ជាតិ លក់ទឹកដី។ ដូច្នេះវាជាបញ្ហារសើបដែលធ្លាប់មាន និងជាប្រធានបទដែលគេប្រើសម្រាប់ ធ្វើការងារធំៗ។ ខ្ញុំបានលើកឡើងអម្បាញ់មិញថា សម្ដេចនាយករដ្ឋមន្ដ្រី លោកបានដឹងតាំងពីខែ ០៥ មក ហើយថា ប៉ុន្មានខែទៅមុខទៀត វានឹងកើតមានកោលាហលហើយ ហើយប្រធានបទនេះ គឺចេញពីរឿងទឹកដី នេះមែន។ នេះជាចំណុចមួយដែលត្រូវសួរថា តើហេតុដូចម្ដេច បានជាយើងមិនអាចនៅស្ងៀមបាន? រាជរដ្ឋាភិបាល យកភាពសកម្មហ្មត់ចត់ ដោយផ្អែក លើគោលការណ៍នីតិរដ្ឋ ត្រឹមត្រូវ សុចរិត និងយុត្ដិធម៌។ ទាំងអស់នេះ ជាសេចក្ដីផ្ដើមដែលខ្ញុំសូមលើកឡើង ហើយក៏ចង់បញ្ផាក់ដែរថា បញ្ហាព្រំដែននៅតែជាបញ្ហា រសើប ដែល យើងត្រូវតែធ្វើឱ្យបានច្បាស់លាស់ ត្រូវតែបកស្រាយឱ្យបាន ច្បាស់លាស់ជូនប្រជាពលរដ្ឋ ជូន សាធារណជនឱ្យបានយល់ថា គេនិយាយកុហក។ ហេតុដូចម្ដេចបានជាយើងដឹងថា គេនិយាយកុហក ?

ដូចនេះយើងចូលទៅបញ្ហាជំនាញ ដើម្បីលើកឡើងសម្រាប់បកស្រាយឱ្យឃើញច្បាស់ថា អ្នកដែល ចោទប្រកាន់ យើងនេះ គ្មានអ្វីរឹងមាំ គ្មានអ្វីច្បាស់លាស់ទេ គីជាការប្រឌិតរឿង គេនិយាយតាមតែអ្វីដែល គេនឹកឃើញ ដូចជាបញ្ហា កោះត្រល់ បញ្ហាព្រែកជីកវិញតេ ជាដើម ដែលខ្ញុំនឹងបង្ហាញជូននៅលើផែនទី អំពីចំណុចជាក់ស្ដែងទាំងនេះ។

សំណួរ ៖ ហេតុអ្វីបានជាយើងធ្វើកិច្ចព្រមព្រៀងបន្ថែម? តើកិច្ចព្រមព្រៀងឆ្នាំ ១៩៨២ សន្ធិសញ្ញា ឆ្នាំ១៩៨៣ និង សន្ធិសញ្ញាឆ្នាំ ១៩៨៥ ដែលសុទ្ធតែជាកិច្ចព្រមព្រៀង និង សន្ធិសញ្ញានិយាយអំពីការកំណត់ ព្រំដែន តើខុសច្បាប់ដែរឬទេ? បច្ចុប្បន្នគេកំពុងតែចោទថា កិច្ចព្រមព្រៀង និងសទ្ធិសញ្ញាទាំងទាំងអស់ នោះខុសច្បាប់។ ដូច្នេះ សន្ធិសញ្ញាបំពេញបន្ថែម របស់យើង ដែលនឹងត្រូវដាក់ជូនរដ្ឋសភា ដើមី្បសុំសច្ចាប័ន ក្នុងពេលឆាប់ៗនេះ វាខុសច្បាប់ដែរឬទេ? តើការពិតវាយ៉ាងណា? តើវាខុសច្បាប់មែនឬទេ?

ចម្លើយ ៖ សន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ បានចែកជូនហើយ។ តាមពិតវាមានឯកសារបី គឺកិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ១៩៨៣ និង ១៩៨៥ ហើយឆ្នាំ ១៩៨៣ មានពីរទៀត ទី១- និយាយអំពីការឆ្លងដែន របស់ប្រជាពលរដ្ឋ ដែលគេហៅថា លក្ខន្ដិកៈព្រំដែន និង ទី២- និយាយ អំពីគោលការណ៍ដើម្បីដោះស្រាយព្រំដែន។ សន្ធិសញ្ញាឆ្នាំ ១៩៨៥ មានតែមួយទេ តែបើយើង និយាយទៅវា មានសារៈសំខាន់ជាងគេ គឺការកំណត់ព្រំដែនរវាងរដ្ឋ និង រដ្ឋ។ ខ្ញុំសូមបកស្រាយមុន នូវសន្ធិសញ្ញាឆ្នាំ ១៩៨២ ១៩៨៣ និង ១៩៨៥ រួចហើយទើបខ្ញុំសូមទៅបកស្រាយ អំពីសន្ធិសញ្ញា បំពេញ បន្ថែម។

កិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ៖ កិច្ចព្រមព្រៀងនេះ គេលើកឡើងថាខុសច្បាប់ តើវាខុសច្បាប់ ដោយ សារអ្វី? ដោយសារគេយោងទៅលើមាត្រាមួយនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីសឆ្នាំ ១៩៩១។ កិច្ចព្រមព្រៀង ទីក្រុងប៉ារីស មានបួន ផ្នែក (បើតាមអត្ថបទ ភាសាអង់គ្លេស និងបារាំង ឯអត្ថបទភាសាខ្មែរមានតែ ៣ផ្នែក) ហើយផ្នែកទី៣ ឬ ផ្នែកទី២ ភាសាខ្មែរ តាមមាត្រា ១ ចែងថា កម្ពុជាសន្យាថា ៖ “បញ្ចប់សន្ធិសញ្ញា និងកិច្ច ព្រមព្រៀងទាំងឡាយណា ដែលមិន សមស្របទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាព មិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាព ជាតិរបស់ខ្លួន”។ ដូច្នេះ សួរថា ផ្អែកលើមាត្រានេះ មកអះអាងថា កិច្ចព្រមព្រៀងរបស់យើងខុសច្បាប់បានដែរ ឬទេ? ឆ្លើយថា នេះវាមិនមែនជាការពិតទេ។ ឥឡូវបើយើងពិនិត្យពាក្យដែលនៅក្នុងនោះថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ទាំងឡាយណា ដែលប៉ះពាល់ ទៅលើឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី បានន័យថា កិច្ចព្រមព្រៀងនោះ បានធ្វើឱ្យបាត់ដី ជាកិច្ច ព្រមព្រៀងដែលយើងយកដីយើងទៅឱ្យគេ អាហ្នឹងវាប៉ះពាល់ទៅនឹងបូរណភាពទឹកដី។ បើយើងគិតពី ខ្លឹមសារ សួរថា តើកិច្ចព្រមព្រៀងរបស់យើងខាងលើមានយកដី យើងឱ្យវៀតណាមដែរ ឬទេ? នេះជាចំណុច ដែលយើងស្វែងយល់។ តាមពិតខ្លឹមសារ ច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ១៩៨៣ និងឆ្នាំ ១៩៨៥ ដែលបានចែកជូន នៅពេលនេះ នៅរដ្ឋសភា និងនៅព្រឹទ្ធសភា ខ្ញុំបានជម្រាបជូនហើយ មានតម្លាភាព គ្មានអ្វីលាក់លៀមទេ។ កិច្ចព្រមព្រៀង ឆ្នាំ ១៩៨២ និយាយអំពីតំបន់ទឹក ប្រវត្ដិសាស្ដ្រ ក្នុងនោះវាមាន ចំណុចពីរសំខាន់គឺ ទី១ បញ្ផាក់ថាកោះពូលូវ៉ៃ ជារបស់កម្ពុជា។ ហេតុដូចម្ដេចបានជាត្រូវ បញ្ជាក់ថា កោះពូលូវ៉ៃជារបស់កម្ពុជា? ពីព្រោះថា កាលពីឆ្នាំ ១៩៧៤ កម្លាំងពួកធីវគី (កម្លាំង វៀតណាម ខាងត្បូង) បានមកប្រកាសកាន់កាប់យកកោះនេះ ដោយដាក់ទ័ពនៅលើកោះតែម្ដង ហើយដេញកប៉ាល់ស្វែងរក ប្រេងកាត ចេញពីកោះ ដោយកំណត់រយៈពេល ១៥ថ្ងៃតែប៉ុណ្ណោះ ឱ្យចេញផុតពីដែនទឹកនោះ បើមិនចេញ ទេនឹងមានរឿង។ គ្រាន់តែឮពួកធីវគីប្រកាសបែបនេះ កប៉ាល់នោះក៏ចេញបាត់ ឈប់បន្ដរកប្រេងកាតទៀត។ ដូច្នេះ សន្ធិសញ្ញាឆ្នាំ ១៩៨២ បញ្ផាក់ថា ទី១ កោះពូលូវ៉ៃ ជារបស់កម្ពុជា ទី២ កំណត់តំបន់ទឹក ប្រវត្ដិសាស្ដ្រ។ ហេតុអ្វីបានជាត្រូវកំណត់តំបន់ទឹក ប្រវត្ដិសាស្ដ្រ? ដោយសារយើងទាមទារយកខ្សែប្រេវីយេ ចំណែកខាង វៀតណាម ពុំព្រមទេ។ វៀតណាមទាមទារយក ខ្សែសមចម្ងាយ។ យើងនិយាយអត់ត្រូវគ្នាកន្លែង នេះហើយ ដែលអ្នកសិក្សាអត្ថបទបរទេសខ្លះ គាត់បានកត់សំគាល់ថា នេះមិនមែនជា កិច្ចព្រមព្រៀងដែល វៀតណាម មកសង្កត់កម្ពុជាឱ្យថាតាមឯណា។ ការចរចានោះទៀតសោត ល្អណាស់ ដូចជានៅឆ្នាំ១៩៨៣ បានបញ្ផាក់ ទៀតថា មិនឱ្យមានមនុស្សលើសគ្នាទៀត។ ឧទាហរណ៍ បើយើង ១០នាក់ វៀតណាម ក៏ត្រូវតែ ១០នាក់ដែរ នេះជាចំណុចវិជ្ផមានដែលយើងបានធ្វើនៅពេលនោះ។ ចំណែកការចរចាជាមួយថៃវិញ នៅពេល ខ្លះយើងទៅ ៨ ឬ ៩ នាក់ គណៈប្រតិភូថៃមាន ៣០នាក់ឯណោះ។ ដូច្នេះ បើមើលទៅយើងជា ក្រុមតូច ហើយគាត់ជាក្រុមធំ ព្រោះគេមានលទ្ធភាពជាងយើង គេមានធនធានមនុស្សច្រើនជាងយើង។ ការប្រជុំ នៅឆ្នាំ ១៩៨៣ កាលនោះ យើងសរសេរ ថាអត់មានគ្នាច្រើនទេ បើយើងទៅ ៥ នាក់ វៀតណាមត្រូវមានគ្នា ៥ នាក់ដែរ យើង ១០ នាក់ វៀតណាមត្រូវ ១០នាក់ដែរ នេះជាការបង្ហាញពី ភាពស្មើភាព។ ដូច្នេះទើបមាន អ្នកកត់សំគាល់ខ្លះថា មិនអាចនិយាយថា កិច្ចព្រមព្រៀង ឆ្នាំ ១៩៨២ ១៩៨៣ និង ១៩៨៥ ជាការកៀប សង្កត់របស់វៀតណាមទេ ព្រោះការចរចានោះវាអត់ត្រូវគ្នាច្រើនចំណុចណាស់។ បើទទួលការកៀបសង្កត់ពី វៀតណាម យើងទទួល យល់ព្រម តាមគេបាត់ទៅហើយ ពុំអាចមានកិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ឡើយ។ កិច្ចព្រមព្រៀងឆ្នាំ ១៩៨២ គ្រាន់តែថា កោះពូលូវ៉ៃ ជារបស់កម្ពុជា ដូច្នេះបានន័យថា អ្វីៗនៅជុំវិញកោះហ្នឹង តាមច្បាប់អន្ដរជាតិ មានខ្ពង់រាប បាតសមុទ្រប៉ុន្មាន គឺយើងត្រូវទទួលតាមហ្នឹង ត្រូវទទួលតាមគោលការណ៍ ដែលកំណត់តាមច្បាប់ សមុទ្រអន្ដរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ដែលគេហៅថា ច្បាប់សមុទ្រ អន្ដរជាតិ។ ទី២ ទៀត ដោយការចរចាខ្សែហ្នឹង វាអត់ត្រូវគ្នា យើងទារយកខ្សែប្រេវីយេ គេទារយកខ្សែសមចម្ងាយ។ ហេតុនេះហើយបានជាគេគូសតំបន់ហ្នឹង ឱ្យឈ្មោះថា តំបន់ទឹកប្រវត្ដិសាស្ដ្រ ហើយតំបន់ទឹកប្រវត្ដិសាស្ដ្រ នេះតាមការស្រាវជ្រាវមិនមែនមានតែស្រុកខ្មែរ និង វៀតណាមទេ គឺមាន ច្រើនណាស់ នៅកន្លែងផ្សេងៗ លើសកលលោក។

កាលខ្ញុំនៅក្រសួងការបរទេស ខ្ញុំនៅចាំថា យើងមានការប្រជុំអ្នកកាសែត ហើយយើងមានលក្ខណៈត្រៀម ឯកសារបានហ្មត់ចត់ គឺមានច្រើនប្រទេសណាស់ ខ្ញុំមិនចាំថានៅកន្លែងណាខ្លះទេ។ ចំពោះឈ្មោះប្រទេស ដែលគេបានអនុវត្ដតំបន់ទឹកប្រវត្ដិសាស្ដ្រ គេហៅថា ឈូងសមុទ្រប្រវត្ដិសាស្ដ្រ ដោយគេបែងចែក អត់ដាច់ ដូចយើងដែរ។ យើងបាន ចែងហើយ ក្នុងកិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ថាអាចរួមគ្នាការពារសន្ដិសុខ ហើយ ប្រជាជននៅជិតហ្នឹង អាចរកស៊ីលើដែនសមុទ្រហ្នឹងបាន ប៉ុន្ដែបើរកប្រេងកាត រកឧស្ម័ន អត់បានទេ។ ចំណុច ស្មើភាពនោះ វាច្រើនណាស់ កាលណាចង់រកប្រេងកាត ទាល់តែកម្ពុជា យើងអនុញ្ញាតឱ្យ។ យើងមិនទាន់បាន ធ្វើអ្វីទេ វៀតណាមក៏គេមិនទាន់ហ៊ានប៉ះពាល់ យើងក៏មិនទាន់ហ៊ានប៉ះពាល់អ្វី ដែរនៅក្នុងតំបន់ទឹក ប្រវត្ដិសាស្ដ្រហ្នឹង។ នេះជាខ្លឹមសារ ឆ្នាំ ១៩៨២ មានតែប៉ុណ្ណឹងទេ ហើយមានបញ្ផាក់ទៀតថា ប្រទេស ទាំងពីរត្រូវចរចា ដើម្បីកំណត់ចំណុចប្រសព្វសូន្យ នៅចន្លោះកោះវ៉ៃ និងកោះថូជូ សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការកំណត់ព្រំដែនសមុទ្រក្នុងតំបន់ទឹកប្រវត្ដិសាស្ដ្រ។

សន្ធិសញ្ញាឆ្នាំ១៩៨៣ ៖ សន្ធិសញ្ញានេះខ្លីទេ គឺគ្រាន់តែបញ្ផាក់ថាយកផែនទីអ្វី ដើម្បីចរចាកំណត់ ព្រំដែន។ នៅឆ្នាំ ១៩៨៣ យើងកំណត់ថា ត្រូវយកផែនទីដែលបារាំងបន្សល់ទុកមកលើខ្នាត ១/១០០.០០០ ដែលខាង ភូមិសាស្ដ្រ ឥណ្ឌូចិនបានបោះពុម្ព នៅក្នុងកាលបរិច្ឆេទជិតឆ្នាំ ១៩៥៤ ពីព្រោះបារាំងគាត់ចាប់ ផ្ដើមបោះពុម្ព តាំងពីឆ្នាំ១៩២០។ តាមការពិតមានតាំងពីឆ្នាំ១៨៧៣ ដែល ហ្លួងនរោត្ដម បានឡាយព្រះហស្ដលេខា លើ អនុសញ្ញាជាមួយនឹងភាគីបារាំង កំណត់ព្រំដែន រវាងកម្ពុជា និងកូសាំងស៊ីន ហើយយប់មិញ ទូរទស្សន៍ បានផ្សាយជូនហើយ។ ដូច្នេះវាមានការកំណត់តាំងពីពេលនោះមក បារាំងគាត់បោះពុម្ព ប៉ុន្ដែវាមាន ជាសេវា ឥណ្ឌូចិន ខាងភូមិសាស្ដ្រត្រឹមត្រូវគឺអាចត្រឹមឆ្នាំ ១៩២០ ដែលបានបោះចេញជាច្រើន Edition។ ឆ្នាំ ១៩៨៣ កំណត់ថាយើងត្រូវយកផែនទីនោះ មកធ្វើព្រំដែន មានន័យថាយើងទទួលយក គោលការណ៍ ច្បាប់អន្ដរជាតិ មួយ ដែលហៅថា គោលការណ៍ខ្សែព្រំដែនមិនកែប្រែនៅពេលដែលបានឯករាជ្យ (Uti Possidetis) នេះ យើងយកផែនទី ដែលបានបោះមុនឆ្នាំ ១៩៥៤ គឺផែនទីបោះតាំងពីឆ្នាំ ១៩២០ គេឱ្យ ឈ្មោះថា ក្រុមភូមិសាស្ដ្រឥណ្ឌូចិន។ គេមានវិទ្យាសាស្ដ្រ មើលភូមិសាស្ដ្រត្រឹមត្រូវ ហើយគេបានបោះ ផែនទីនេះ។ សន្ធិសញ្ញាឆ្នាំ ១៩៨៣ មានតែ ៤ មាត្រាទេ និយាយថា ភាគីទាំងពីរចាត់ទុកព្រំដែន ដែលមានរួចមកហើយ នៅលើផែនទីខ្នាត ១/១០០.០០០ ថាជាព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ។ សន្ធិសញ្ញា នេះ នឹងអស់ប្រសិទ្ធភាព បន្ទាប់ពីការចូលជាធរមាននៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ។

សន្ធិសញ្ញាឆ្នាំ១៩៨៥ ដូចខ្ញុំបានជម្រាបថា សន្ធិសញ្ញា ឆ្នាំ ១៩៨៣ មានពីរ ទី១- ហៅថាលក្ខន្ដិកៈព្រំដែន គេគ្រាន់តែកំណត់អំពីសិទ្ធិរបស់ពលរដ្ឋ ដែលរស់នៅតំបន់ព្រំដែន ដែលមានបណ្ដាឃុំ ឫអង្គភាពរដ្ឋបាលថ្នាក់ ស្មើនឹងឃុំ ក្នុងគោលបំណងសម្រួល ការឆ្លងកាត់ព្រំដែនរបស់ពលរដ្ឋទាំងនេះ។ យើងកំណត់មាន គោលការណ៍ ហ្មត់ចត់ណាស់ ការឆ្លងព្រំដែន គឺប្រជាជននៅក្នុងឃុំជាប់ព្រំដែននោះ អាចចេញចូលបានទៅ ឃុំមួយទៀត ដែលនៅជាប់ព្រំដែននោះ។ គោលការណ៍នេះ ក្រោយមកយើងធ្វើថ្មីៗ ជាមួយនឹងថៃ ទូលាយជាងហ្នឹង ធូរជាងហ្នឹងទៅទៀត ឧទាហរណ៍ ខេត្ដនៅជាប់ព្រំដែន យើងចេញឱ្យឆ្លង ២ ខេត្ដ ហើយបើ ចង់ឆ្លងប្រទេស យើងត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ។ នៅឆ្នាំ ១៩៨៥ យើងធ្វើ សន្ធិសញ្ញាកំណត់ព្រំដែន។ សន្ធិសញ្ញាឆ្នាំ ១៩៨៥ មានលក្ខណៈជំនាញ សរសេរភ្ផាប់ថា តើពីចំណុចណា ទៅចំណុចណា ត្រឹមត្រូវ។ ដូច្នេះសួរថា តើសន្ធិសញ្ញាឆ្នាំ ១៩៨២ ១៩៨៣ ១៩៨៥ យើងមានឱ្យដីទៅគេទេ? អត់មានឱ្យផង។ ដូចជាឆ្នាំ ១៩៨២ និយាយគ្នាអត់ត្រូវចែកគ្នាអត់ដាច់ ទុកជជែកគ្នាបន្ដទៀត តើមានបានចែកទឹកដីអ្វីឱ្យ? មានបាន កំណត់ថា ទឹកដីណា ខាងវៀតណាម ទឹកដីណាខាងយើងឯណា? គឺគូសអត់ចេញ បានជាទៅបង្កើតជាតំបន់ទឹក ប្រវត្ដិសាស្ដ្រ។ បើយើងពិនិត្យ លើខ្លឹមសារ យើងអត់ឃើញមានកន្លែងអ្វី ដែលត្រូវលុបសន្ធិសញ្ញា ចោលនោះទេ ហើយបើលុបចោលត្រូវសួរថា តើយើង មានព្រំដែនច្បាស់លាស់ រវាងយើង និងវៀតណាម រវាងយើង និងថៃ រវាងយើង និងឡាវទេ តទៅអនាគត? ត្រូវតែមាន ហើយយើងត្រូវកំណត់ដូចឆ្នាំ ១៩៨៣ គឺត្រូវយកផែនទីដែលបារាំងទុកមក ផែនទី ១/១០០.០០០។ យើងមានផែនទី ព្រំដែនជាមួយ វៀតណាម ឡាវ ថៃ។ យើងមានផែនទី ២ សំខាន់ ទី១- ផែនទីដែលបារាំងទុកមកយើង ហៅថា ផែនទី ១/១០០.០០០ របស់ក្រុមភូមិសាស្ដ្រ ឥណ្ឌូចិន ដែលផែនទីហ្នឹង បានធ្វើបន្ដបន្ទាប់ចាប់តាំងពីឆ្នាំ ១៩២០ រហូតដល់ឆ្នាំ ១៩៥៤។ ឆ្នាំ ១៩៥៣ យើងបានឯករាជ្យ ដល់ឆ្នាំ ១៩៥៥ គេរំលាយក្រុមភូមិសាស្ដ្រឥណ្ឌូចិននេះចោល ដោយក្រុមភូមិសាស្ដ្រនេះ ជាអ្នកត្រួតប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ។ នៅពេលប្រទេស នីមួយៗ បានឯករាជ្យទៅក្រុមភូមិសាស្ដ្រនេះត្រូវរលាយ ហើយទៅជាភូមិសាស្ដ្រ របស់ប្រទេសនីមួយៗ វិញ។ គេពុះ ចែកគ្នាហើយ គេយកកេរមរតកមក ពីបារាំងចែកឱ្យកម្ពុជាចែកឱ្យ វៀតណាមចែកឱ្យឡាវ។ វាទៅជាក្រុម ភូមិសាស្ដ្ររបស់កម្ពុជា របស់ឡាវ របស់វៀតណាម ដាច់ដោយឡែកពីគ្នា ក្រោយពីពេលយើងបាន ឯករាជ្យមក។ ដូច្នេះហើយបានជាមាន ផែនទីប្រភេទទី ១ គឺផែនទីឥណ្ឌូចិន ខ្នាត១/១០០.០០០។ ប៉ុន្ដែផែនទីហ្នឹង វាអត់មាននិយាមការហើយបច្ចេកទេស ជាបច្ចេកទេសតាំងពីសម័យនោះមក។ យើងមាន ផែនទីប្រភេទទី២មួយទៀតដែលអាមេរិកាំងបោះយើងហៅថាផែនទីខ្នាត ១/៥០.០០០ គឺវាច្បាស់ជាង វាមានខ្សែធំជាង ហើយវាមាននិយាមការ ព្រោះបច្ចេកទេស របស់វាក្រោយបារាំង។ ដូច្នេះវាល្អជាងរបស់
បារាំង​បន្ដិច ប៉ុន្ដែ្ដខ្សែព្រំដែននៃផែនទីនេះ មិនអាចយកមកប្រើជាខ្សែព្រំដែនបានទេ ព្រោះនៅលើផែនទីហ្នឹង គេបានសរសេរយ៉ាងច្បាស់ថា “រដ្ឋសីមាដែលបានគូរលើផែនទីនេះ គ្រាន់តែជាលក្ខណៈបង្ហាញពុំអាចយកជា ការបានឡើយ” គឺគេយកទៅប្រើប្រាស់ក្នុងប្រតិបត្ដិការយោធា។ បើគេសរសេរច្បាស់ បែបនេះហើយ តើយើងយកមកប្រើដូចម្ដេច? ឧបមាថា យើងយកមកប្រើស្រាប់តែ យើងចំណេញសួរថា តើភាគីម្ខាង ទៀតព្រមទេ? គេថាផែនទីនេះមិនមែនជាផែនទី ព្រំដែនផងហេតុដូចម្ដេច បានជាអ្នកឯងយកផែនទីនេះ មកតវ៉ាទាមទារយកព្រំដែន របស់ខ្ញុំ? ដូច្នេះមិនអាចប្រើបានទេ។ ប៉ុន្ដែចំណុចដែលយើងធ្វើរាល់ថ្ងៃ គឺផ្ដិត យកខ្សែព្រំដែនពីរ គឺមួយរបស់បារាំង ១/១០០.០០០ និងមួយទៀតរបស់អាមេរិក វាមាននិយាមការ មានកូអ័រដោណេអាចមើលបាន វាច្បាស់ជាង ហើយវាមានលក្ខណៈជាផែនទី ដែលអាចប្រើប្រាស់មើល ព្រំដែនបាន ព្រោះវាមានខ្នាត ១/៥០.០០០ ធំជាងពីរដង លើផែនទី ១/១០០.០០០។

ខ្សែដែលយើងទទួលស្គាល់គឺ ខ្សែភូមិសាស្ដ្រឥណ្ឌូចិន ប៉ុន្ដែផែនទីដែលប្រើជាមូលដ្ឋាន គឺយើងយក ក្រដាស ផែនទី ដែលអាមេរិកបានធ្វើក្រោយ ក្នុងឆ្នាំ ១៩៦០ ពីព្រោះវាមានបច្ចេកវិទ្យាខ្ពស់ជាងកាលរាប់សិប ឆ្នាំមុន។ ដូច្នេះចំណុច ទី២ ដែលខ្ញុំបានឆ្លើយនោះ វាអត់ខុសច្បាប់ដូចគេបានលើកឡើងនោះទេ។ ទី១ វាអត់មាន បាត់ទឹកដី វាអត់មានប៉ះពាល់ដល់បូរណភាពទឹកដី ហើយទី២ បើយើងពិចារណាលើទិដ្ឋភាពច្បាប់ គឺកិច្ចព្រមព្រៀង ទីក្រុងប៉ារីសមានតែ ១មាត្រាគត់ ដែលសរសេរពីរឿងហ្នឹង។ បើសិនជាកិច្ចព្រមព្រៀង ទីក្រុងប៉ារីស គេសរសេរថា យើងបានធ្វើសន្ធិសញ្ញាផ្ដល់ទឹក ផ្ដល់ដីដល់ វៀតណាមនោះ គេមិនធ្វើតែ ១ មាត្រា ដូច្នេះទេ គេប្រាកដជានិយាយច្បាស់ហើយថា តើកិច្ចព្រមព្រៀងណាត្រូវលុបចោល ប៉ុន្ដែការធ្វើ មាត្រានេះ គ្រាន់តែលើកជាគោលការណ៍ទេ គឺថាកម្ពុជាជារដ្ឋអធិបតេយ្យ។ គេចង់បញ្ផាក់ថា យើងមាន សិទ្ធិលុប បើគេពិនិត្យទៅ វាប៉ះពាល់ដល់ប៉ុន្មានចំណុច ដែលគេបានចែងទាំងអស់នោះ ប៉ុន្ដែបើយើង ពិនិត្យទៅ ក្នុងនាមជារដ្ឋអធិបតេយ្យ យើងជាអ្នកសម្រេច ថាវាប៉ះ ឬមិនប៉ះ? តាមពិតវាអត់ ប៉ះអ្វីទេ។ ដូច្នេះយើងក៏យកគំនិតហ្នឹងមកដាក់ ក្នុងរដ្ឋធម្មនុញ្ញយើងដែរ គឺថាកិច្ចព្រមព្រៀង ណាដែលប៉ះពាល់ដល់ ឯករាជ្យ អធិបតេយ្យ និងអព្យាក្រឹតភាព បូរណភាព ទឹកដី គឺយើងមានសិទ្ធិលុបចោល។ នេះជា គោលការណ៍តែមួយ ហើយយើងក៏មានចែងក្នុងរដ្ឋធម្មនុញ្ញ ដែរ អំពីបញ្ហាទឹកដី ហ្នឹង គឺយើងយកផែន ទីក្រុមភូមិសាស្ដ្រឥណ្ឌូចិន ដែលមានខ្នាត ១/១០០.០០០។

បើយើងពិនិត្យលើស្មារតី ដែលយើងមាននៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស វាស្របគ្នានៅក្នុងស្មារតី នៃ រដ្ឋធម្មនុញ្ញ របស់យើង ទាំងផ្នែកផែនទី វាត្រូវគ្នានឹងអ្វីដែលយើងកំពុងធ្វើ។ ដូច្នេះវាអត់មានចំណុច អ្វីដែល ខុសច្បាប់នោះទេ និងគ្មានចំណុចអ្វីដែលត្រូវលើកឡើងថា កិច្ចព្រមព្រៀងហ្នឹងវាត្រូវនិរាករណ៍ ឡើយ។ ទិដ្ឋភាពមួយទៀត បើយើងពិនិត្យទៅលើអនុសញ្ញាទីក្រុងវីយ៉េនឆ្នាំ ១៩៦៩ ស្ដីពីច្បាប់សន្ធិសញ្ញា នោះ វាជាសន្ធិសញ្ញាដែលប្រទេសមួយចំនួនធំ គេឯកភាពគ្នា និយាយចែងពីគោលការណ៍ផ្សេងៗ ដែលត្រូវ ប្រើប្រាស់ លើសន្ធិសញ្ញាទាំងអស់។ តាមគោលការណ៍ច្បាប់ ស្ដីពីសន្ធិសញ្ញានេះ ក៏គ្មានចំណុចណាដែលថា ចាត់ទុក សន្ធិសញ្ញាឆ្នាំ ១៩៨២ ១៩៨៣ ១៩៨៥ ជាមោឃៈបានទេ គឺវាមានគោលការណ៍មួយធំណាស់ ដែលគេហៅថា “បើស៊ីញ៉េហើយ ត្រូវជាប់នូវការសន្យាទាំងសងខាង” ឬ “កិច្ចសន្យាត្រូវតែគោរពដោយភាគី ដែលចុះហត្ថលេខា” “Pacta Sunt Servanda”។ បើយើងចង់លុប យើងត្រូវមានការឯកភាពគ្នា ទាំងសងខាង គឺយើងត្រូវមានមូលហេតុអ្វីមួយច្បាស់លាស់។ គោលការណ៍ផ្សេងៗ ដែលនិយាយពី សុពលភាពនៃ សន្ធិសញ្ញាមាន ចែងនៅក្នុង Convention de Viénne ឆ្នាំ ១៩៦៩ ច្បាស់លាស់ណាស់។ បើយើងយកមក សិក្សា ក៏គ្មានគោលការណ៍ ណាអាចបកស្រាយថា សន្ធិសញ្ញាឆ្នាំ ១៩៨២ ១៩៨៣ ១៩៨៥ ត្រូវចាត់ទុកថា ខុសច្បាប់នោះទេ។ ទាំងអស់នេះជាការ អត្ថាធិប្បាយដែល ខ្ញុំឆ្លើយទៅនឹងសំណួរថា តើសន្ធិសញ្ញាឆ្នាំ ១៩៨២ ១៩៨៣ និង ១៩៨៥ ខុសច្បាប់ទេ? វាអត់ខុសច្បាប់ទេ បើពិនិត្យស្មារតីកិច្ច ព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ និងពិនិត្យការប្រើប្រាស់ផែនទីដែលមានដាក់នៅក្នុង រដ្ឋធម្មនុញ្ញ របស់យើង គឺយើងធ្វើត្រឹមត្រូវ។ បើពិនិត្យស្មារតី នៃអនុសញ្ញាក្រុងវីយ៉េនឆ្នាំ ១៩៦៩ ដែលជាច្បាប់ នៃសន្ធិសញ្ញា ជាច្បាប់សម្រាប់ គ្រប់គ្រងលើសន្ធិសញ្ញាផ្សេងៗ នោះ ក៏គ្មានចំណុចណាដែលអាចចាត់ទុកថា សន្ធិសញ្ញា ឆ្នាំ ១៩៨២ ១៩៨៣ និង ១៩៨៥ ជាសន្ធិសញ្ញាខុសច្បាប់ទេ។ នេះជាការបកស្រាយ ដែលយើងសិក្សាស៊ី ជម្រៅអំពីបញ្ហានេះ។

យើងមានសន្ធិសញ្ញាឆ្នាំ ១៩៨៥ ស្ដីពីការកំណត់ព្រំដែនរដ្ឋហើយ ហេតុអ្វីបានជាយើងត្រូវធ្វើសន្ធិ សញ្ញាបន្ថែម ថ្មីៗ នេះទៀត គឺសន្ធិសញ្ញាបំពេញបន្ថែមថ្ងៃទី ១០ តុលា ឆ្នាំ ២០០៥ ដែលយើងទើបបានចុះហត្ថលេខា នៅទីក្រុងហាណូយ? ពីព្រោះថា ៖
ទី១- សន្ធិសញ្ញា គឺជាប្រភពច្បាប់អន្ដរជាតិសំខាន់ជាងគេ។ ដូច្នេះ សន្ធិសញ្ញាគ្រប់គ្រងការងារធំៗ សំខាន់ៗ ព្រោះថាគ្មាននរណាសរសេរច្បាប់មួយឱ្យត្រូវទាំងអស់នោះទេ នេះជាមូលហេតុដែលសន្ធិសញ្ញាធំៗ ត្រូវកែ សម្រួល។ យើងមើលរដ្ឋធម្មនុញ្ញជាច្បាប់ធំសម្រាប់រដ្ឋ គ្មានរដ្ឋធម្មនុញ្ញណានៅលើសកលលោក មិនត្រូវបាន កែសម្រួលនោះទេ គឺពីពេលមួយ ទៅពេលមួយ សភាពការណ៍វាវិវត្ដន៍ តថភាពវាផ្លាស់ប្ដូរ។ ដូច្នេះ ច្បាប់ដែលគ្រប់គ្រងតថភាពនោះ ត្រូវគ្រប់គ្រងសភាពការណ៍ជាក់ស្ដែងនោះ វាត្រូវតែអភិវឌ្ឍន៏ និង វិវត្ដន៍ទៅតាមសភាពការណ៍។ បើច្បាប់មិនវិវត្ដន៍ នោះគេនឹងហៅថា ច្បាប់ហួសសម័យ។ ការផ្លាស់ប្ដូរដែល គេហៅថាវិសោធនកម្ម ការកែសម្រួល ការបំពេញបន្ថែម វាជាការធម្មតា ចៀសអត់រួច រហូតដល់ប្រទេសខ្លះ គេមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់គេថា រដ្ឋធម្មនុញ្ញ ត្រូវពិនិត្យកែសម្រួលក្នុងរវាង ១០ ឆ្នាំ ម្ដង ព្រោះគេមិន ចង់ឱ្យរដ្ឋធម្មនុញ្ញរបស់គេហួសសម័យទេ។ ដូច្នេះការកែសម្រួល ឬបំពេញបន្ថែមជាការធម្មតា។ នេះជា ចំណុចមួយដែលខ្ញុំយល់ថា វាអត់មានចំណុចអ្វីប្លែកទេ វាជាព្រឹត្ដិការណ៍ធម្មតា នៅក្នុងជីវភាពច្បាប់ អន្ដរជាតិ ឬផ្ទៃក្នុងរបស់ប្រទេសនីមួយៗ។

ទី២- ការវិវត្ដន៍បច្ចេកវិទ្យា ក៏ជាមូលហេតុមួយដែលទាមទារឱ្យយើង ធ្វើកិច្ចព្រមព្រៀងបំពេញ បន្ថែមដែរ។ សួថា តើដីវាមានដូរអ្វីទេ? ស្រែនៅតែជាស្រែ តើហេតុអ្វីបានជាយើងថាវាវិវត្ដន៍? ព្រោះថាដី ឬព្រៃ វានៅស្ងៀមមែន ប៉ុន្ដែជួនកាល ទន្លេវាវិវត្ដន៍៍ដែរ ហើយបច្ចេកទេសដែលគេ ទៅវាស់នោះវាវិវត្ដន៍។ ដូច្នេះ សម័យដែលយើងធ្វើនោះ វាទើបតែចាប់ផ្ដើមមាន GPS (Global Positioning System) ។ GPS  សំខាន់ណាស់ កាលណាយើងមានចំណុចមួយនៅលើដី យើងចង់ទៅរកលើផែនទី យើងគ្រាន់តែចុចលើ ម៉ាស៊ីនហ្នឹងមួយភ្លែត យើងឃើញភ្លាម។ កាលណាមានចំណុចមួយនៅលើផែនទី ចុចរកចំណុចនៅលើដី គឺយើងឃើញភ្លាម។ ឧទាហរណ៍ដូចជារឿងនៅភូមិដូង ពេលយើងទៅ ដល់ភូមិហ្នឹង យើងទៅដល់ ផ្ទះហ្នឹង ហើយយើងចង់ដឹងថាវានៅត្រង់ចំណុចណាក្នុងផែនទី យើងគ្រាន់តែចុច GPS យើងនឹងឃើញភ្លាម ដូច្នេះវា អត់មានអ្វីលាក់ទេ ហើយគេថតមកពីខាងលើច្រើនជ្រុងណាស់។ បច្ចុប្បន្ន GPS ដែលគេប្រើ គឺគេប្រើប្រាស់ ផ្កាយរណបដល់ទៅ ១១ បានន័យថា ចំណុចដែលយើងឈរនោះ គេបានបញ្ចាំងពីផ្កាយរណប ដល់ទៅ ១១។ ដូច្នេះ គេរកចំណុច ១ ហ្នឹងនៅលើ ផែនទី គេឃើញភ្លាមអត់ពិបាកទេ ។ បង្គោលណាបង្ខិត យើងឃើញថា បង្ខិតបង្គោលណាមិនបង្ខិត យើងឃើញថាមិនបង្ខិត។ កាលពីឆ្នាំ ១៩៨៥ ១៩៨៦ ១៩៨៧ ១៩៨៨ នោះ GPS មិនទាន់រីកចំរើនទេ។ ដោយសារ តែបច្ចេកទេសលូតលាស់ គេអាចកែសម្រួលចំណុចខ្លះ ខ្សែខ្លះនៅលើ ផែនទីដែលយើង បានគូសក្នុងមួយរយៈពេលមុន។ ដូច្នេះ ការវិវត្ដន៍នៃបច្ចេកវិទ្យា គឺវាតម្រូវឱ្យមាន ការវិវត្ដន៍ នៅក្នុងច្បាប់ដែរ ដូចជាពីមុនពេលយើងចង់មើលផែនទី យើងត្រូវយកក្រដាសមួយមក លាដាក់ លើតាប្លូ ហើយយើងមើល ប៉ុន្ដែឥឡូវនេះ គេប្រើតាមប្រព័ន្ធផែនទី គឺយើងដាក់ផែនទី ទាំងអស់នៅក្នុង កុំព្យូទ័រ ទុកក្នុងប្រូក្រាមមួយ ពេលនោះយើងចង់មើលផែនទីណាក៏បាន។ យើងបញ្ចូល ១០០ ឬ ២០០ ផែនទី ចង់មើលផែនទីទីប៉ុន្មាន យើងគ្រាន់តែចុចលើឈ្មោះ ផែនទី នោះយើងនឹងឃើញ ចង់បង្រួម ឬពង្រីក យើងឃើញភ្លាមវាងាយស្រួលជាងការ យកក្រដាសមក លាមើលឆ្ងាយណាស់។ នេះហើយគេហៅថា GPS (Global Positioning System) ភូមិសាស្ដ្រនៅក្នុង IT ។ កាលពីយើងធ្វើឆ្នាំ ១៩៨៥ វាមិនទាន់ទំនើប ដូចនេះទេ បច្ចុប្បន្នវាមានហើយ ដូច្នេះវាជាមូលហេតុដែល យើងត្រូវធ្វើការកែសម្រួល ត្រូវបំពេញបន្ថែម ទៅលើអ្វីដែលយើងបានធ្វើនៅឆ្នាំ ១៩៨៥ ព្រោះនៅពេលដែលយើងទៅវាស់វាធូរជាងកាលពីឆ្នាំ ១៩៨៦ ១៩៨៨ ដែរ។ បើវាស់អាចលឿនជាង អាចស្រួលជាង អាចមានប្រសិទ្ធភាពជាង ការចម្លងផែនទី ធ្វើ (Transposition) បានន័យថា ការចម្លង ការផ្ទេរ ពីផែនទីមួយ ទៅផែនទីមួយ ពីផែនទី Bonne ១/១០០.០០០ ទៅលើផែនទី UTM ១/៥០.០០០ ក៏ងាយស្រួល ជាងដែរ ដោយ គេប្រើ UTM តាមរយៈកុំព្យូទ័រទាំងអស់។ គេធ្វើការផ្ទេរពីមួយ ទៅមួយ គេគិតដល់មីក្រុង មិនមែនគិតម៉ែត្រ សង់ទីម៉ែត្រទេ គឺគេគិតយកភាព ត្រឹមត្រូវ ដល់ទៅមីក្រុង។ នេះជាមូលហេតុដែលខ្ញុំចង់បញ្ផាក់ថា ហេតុអ្វីបានជាយើងត្រូវធ្វើ សន្ធិសញ្ញា បន្ថែម។

ទី៣- បានជាយើងធ្វើការបំពេញបន្ថែម ព្រោះយើងបញ្ចូលនូវគោលការណ៍ថ្មី ដែលយើងប្រើប្រាស់ ចេញពីច្បាប់អន្ដរជាតិ ហើយដែលភាគីទាំងពីរ កាលនោះអត់ឯកភាពគ្នា ប៉ុន្ដែបច្ចុប្បន្នឯកភាព ឧទាហរណ៍ ដូចជាគោលការណ៍ ខ្សែព្រំដែនដើរតាមទឹក ឬទន្លេ ស្ទឹង អូរជាដើម ដែលតាមគោលការណ៍ ច្បាប់អន្ដរជាតិ គេថាត្រូវចែកតាមតាល់វិច ឬ មេដ្យាន។ ខ្សែតាល់វិច មានន័យថា ខ្សែជ្រលងទឹកជ្រៅ។ ក្នុងករណី ដែលទន្លេនោះអាចធ្វើ នាវាចរបាន គឺជ្រលងទឹកជ្រៅ នៅត្រង់ណា យើងទាញយកតាមខ្សែទឹកជ្រៅហ្នឹង។ ដូច្នេះក្នុងមាត្រា ១ យើងនិយាយអំពីការប្រើគោលការណ៍ខ្សែព្រំដែន ដើរតាមទឹក ឬទន្លេ ព្រំដែន ឬតាមខ្សែ កណ្ដាល។ ខ្ញុំសូមរំលឹកថា កាលពីឆ្នាំ ១៩៨៥ យើងមិនបានឯកភាពគ្នា លើចំណុច ហ្នឹងទេ តែដល់ឥឡូវ យើង បានឯកភាពត្រង់ចំណុចហ្នឹង គឺត្រូវបញ្ចូលបន្ថែម។ បើនិយាយទៅយើងមិនដឹងថា តើខាងណាគេ ចំណេញ ហើយខាងណាគេខាតទេ។ បើយើងនិយាយថា យើងចំណេញមានតែគេខាត ហើយបើគេខាត មានតែគេល្ងង់ ជាងយើង ដូច្នេះមិនអាចនិយាយបានទេ។ តែនេះជាគោលការណ៍ច្បាប់ អន្ដរជាតិ ដែលយើង ទទួលបាន ទាំងសងខាង។ ដោយសារចំណុចនេះហើយ បានជាតាំងពីប៉ុន្មានឆ្នាំមុន ខ្ញុំតែងតែធ្វើអត្ថាធិប្បាយ រឿងព្រំដែន ខ្ញុំជៀសវាងមិនដែលនិយាយ អំពីរឿងចំណេញ ឬខាតទេ គឺគ្រាន់តែប្រើពាក្យថា យើងអាច ទទួលយកបាន។ តាមការពិត ខ្ញុំសូមបញ្ផាក់ថា យើងអត់មានខាតទេ ហើយតាមខ្សែទឹកហ្នឹង វាធ្វើឱ្យ យើងមានការ ងាយស្រួលច្រើន ព្រោះកន្លែងខ្លះជាក់ស្ដែង យើងត្រូវការទឹកប្រើ យើងរៀបបូមទឹក យើងត្រូវ ទៅសុំគេ ប៉ុន្ដែបើយើងយកគោលការណ៍ថ្មី មកគូសខ្សែនៅកន្លែងខ្សែព្រំដែនដើរតាមទឹក ឬទន្លេ ស្ទឹងហ្នឹង នោះយើង នឹងមិនបាច់ទៅសុំអ្វីទៀតទេ។ ទឹកហ្នឹងយើងក៏ប្រើបាន ហើយគេក៏ប្រើបាន ព្រោះព្រំដែននៅ ចំពាក់កណ្ដាល ឬជ្រលងទឹកជ្រៅ។ នេះគឺជាចំណុចថ្មី ដែលយើងដាក់បញ្ចូលទៅក្នុង សន្ធិសញ្ញា ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០០៥ នេះ។ ចំណុចដ៏ល្អមួយទៀត គឺភាគីទាំងសងខាងឯកភាព ពិនិត្យខ្សែដែលយើងចម្លង ឡើងវិញ ទោះបីជាយើងធ្វើតាំងពីឆ្នាំ ១៩៨៦-៨៧-៨៨ ក៏ដោយ ក៏យើងអាច ពិនិត្យឡើងវិញបានដែរ ហើយការដែល យើងប្រើពាក្យថា សវនកម្ម គឺយើងពិនិត្យ ឡើងវិញបានទាំងអស់។ នេះជាចំណុចសំខាន់ ដែលយើងដាក់ ចូលទៅក្នុងសន្ធិសញ្ញា បំពេញបន្ថែមនេះ។ ចំណុចសំខាន់មួយទៀតគឹ យើងយកផែនទីដែល យើងមានពីមុន មកសិក្សា យើងឃើញមានចំណុច ៧ ដែលលេចចេញពីភាពមិន ច្បាស់លាស់ នៃផែនទី ខ្នាត ១/១០០.០០០ ព្រោះថាផែនទីទំាងអស់ មាន ២៦ផ្ទាំង ហើយកាលពីឆ្នាំ ១៩៦៤ យើងយកមកបិទតភ្ផាប់គ្នា វាធ្វើឱ្យមាន ចំណុចមិនច្បាស់លាស់ ៧ ចំណុច។ យើងចរចា សុំពិនិត្យ ៧ ចំណុចឡើងវិញ គេឯកភាពពិនិត្យ ឡើងវិញម្ដង ១ ចំណុច ក្រោយមកគេ បានឯកភាពនឹងយើង ៦ ចំណុច ហើយនៅសល់តែ ១ ចំណុចទៀត នៅខេត្ដមណ្ឌលគីរី ដែលវាមានទំហំខុសគ្នាធំពេក នៅត្រង់ចំណុចប៊ូប្រាង ខុសគ្នាប្រហែល ៥០ គីឡូម៉ែត្រការ៉េ ខុសគ្នាត្រង់ ចន្លោះទន្លេ ដាក់ហ៊ូត និង ទន្លេ ដាក់ដាង។ ខ្សែផែនទីដែល បារាំងគូសពីមុនមក គឺគេគូសខ្សែព្រំដែន ដើរតាមទន្លេដាក់ដាង ដែលធ្វើឱ្យតំបន់ប៊ូប្រាង ទៅជារបស់ វៀតណាម ដោយគេភ្លេចថា នៅឆ្នាំ ១៩១៤ អគ្គទេសាភិបាលបារាំង បានចេញសេចក្ដីសម្រេច មួយថា ខ្សែព្រំដែននៅ តំបន់ហ្នឹងត្រូវដើរតាម ទន្លេ ដាក់ហ៊ូត ដែលធ្វើឱ្យដីនៅប៊ូប្រាងក្លាយជារបស់យើង។ ដូច្នេះ ជជែកគ្នាអត់ត្រូវ ព្រោះវៀតណាម គេសំអាងលើផែនទី ហើយកម្ពុជាយើងសំអាងលើ សេចក្ដីសម្រេច របស់អគ្គទេសាភិបាលបារាំងឆ្នាំ ១៩១៤។ រហូតដល់ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០០៥ យើងលើក សេចក្ដីសម្រេច យកចំណុចប៊ូប្រាង ទុកសម្រាប់ពិភាក្សាលើកក្រោយ ព្រោះឥឡូវយើងក៏មិន ទាន់ព្រម ហើយខាងវៀតណាមក៏មិនទាន់ព្រម ទាំងអស់នេះមកពីហេតុអ្វី? មកពីអ្នកភូមិសាស្ដ្រសម័យនោះ គាត់ខ្ផិល។ ពីមុន ផែនទីគូសមកអញ្ចឹងមែន ប៉ុន្ដែដល់ឆ្នាំ ១៩១៤ អគ្គទេសាភិបាលបានចេញសេចក្ដី សម្រេច ហេតុអ្វីគាត់មិនគូសតាមនោះទៅ? រឿងនោះ អ្នកភូមិសាស្ដ្រគាត់ត្រូវបោះពុម្ពឡើងវិញ ហើយបោះដោយគូសផែនទី តាមសេចក្ដីសម្រេច របស់អគ្គទេសាភិបាលបារាំង។ ប៉ុន្ដែថាអ្នក ភូមិសាស្ដ្របារាំង ចុះគាត់ខ្ផិល ពីព្រោះឆ្នាំ ១៩៥៤-៥៥ គេរំលាយ គាត់ ចុះក្រោយឆ្នាំ ១៩៥៥ ដល់អ្នក ភូមិសាស្ដ្រខ្មែរហើយ ហេតុអ្វីអ្នកភូមិសាស្ដ្រខ្មែរនៅតែខ្ផិល អត់ខ្ចីកែក្រដាសផែនទី។ ដូច្នេះ ចំណុចនេះ យើងនៅតែបន្ដការចរចា។ ទាំងអស់ដែលខ្ញុំរៀបរាប់អម្បាញ់ មិញនេះ គឺថាយើងមានច្រើនចំណុចណាស់ មាន មូលហេតុច្រើនចំណុចដែលយើងត្រូវតែធ្វើកិច្ចព្រមព្រៀង បន្ថែមព្រោះអ្នកខ្លះឆ្ងល់ណាស់ថា មានកិច្ច ព្រមព្រៀងឆ្នាំ ១៩៨៥ ហើយ ហេតុដូចម្ដេចចាំបាច់ធ្វើបន្ថែម ធ្វើអ្វី? នេះជាមូលហេតុច្បាស់លាស់ ដែល យើងត្រូវតែធ្វើបន្ថែម ដោយផ្អែកលើមូលហេតុផ្សេងៗ ដូច ដែលខ្ញុំបានជម្រាបខាងលើ។

អំពីបញ្ហាកោះត្រល់ ដែលគេចោទថា បច្ចុប្បន្នយើងធ្វើអោយបាត់កោះត្រល់ តើកោះត្រល់វា យ៉ាងម៉េច? តើយើងធ្វើអោយបាត់កោះត្រល់មែនឬ?

នេះជាផែនទីកោះត្រល់ ដែលមានការចុះហត្ថលេខាក្នុងសម័យសង្គមរាស្ដ្រនិយមឆ្នាំ ១៩៦៤ ដែល ព្រះករុណា លោកបានលើកឡើងថា លោកបានដាក់ផែនទីទៅតំកល់នៅអង្គការសហប្រជាជាតិ ហើយបាន ដាក់ទៅឱ្យ ស្ថានទូតសហរដ្ឋ អាមេរិក ថៃ វៀតណាមខាងត្បូង វៀតណាមខាងជើង ដែលមានការចុះហត្ថលេខា លោកឧត្ដមសេនីយ៍ ងិន ការេត ជា ប្រធានក្រុមភូមិសាស្ដ្រកម្ពុជា ហើយគាត់មានអនុគាត់ ម្នាក់ទៀត គឺលោកឧត្ដមសេនីយ៍ ម៉ៅ ផាត ដែលសុំឱ្យគេទទួល ស្គាល់ខ្សែបន្ទាត់ប្រេវីយេ។ នេះជាការ សំខាន់ណាស់ សម្រាប់ខ្សែបន្ទាត់ប្រេវីយេហ្នឹង។ ប្រវត្ដិកោះត្រល់ គឺជាចំណុចសំខាន់ នៅក្នុងការ អត្ថាធិប្បាយនេះ ព្រោះគេបានចោទប្រកាន់ថា យើងបានឱ្យកោះត្រល់ទៅវៀតណាម តាមរយៈកិច្ចព្រមព្រៀង ឆ្នាំ ១៩៨២។ តែឥឡូវការពិតវាយ៉ាងដូចម្ដេច? នៅឆ្នាំ១៩៤៩ នៅសភាបារាំងនៅទីក្រុងប៉ារីស គេបោះឆ្នោត ប្រគល់ កូសាំងស៊ីន ទៅអោយវៀតណាម ហើយនៅឆ្នាំ ១៩៣៩ លោកអគ្គទេសាភិបាល ប្រេវីយេ លោកបាន គូសខ្សែប្រេវីយេ។ ដូច្នេះក្នុងសម័យនោះ តើកូសាំងស៊ីនជាអ្វី? គឺជាទឹកដីរបស់បារាំងនៅឯនាយសមុទ្រ បាន ន័យថា ជាដីអាណានិគមនិយមបារាំង។ តាំងពីឆ្នាំ ១៨៧៣ សតវត្សទី ១៩ ហ្លួងនរោត្ដម បានចុះហត្ថលេខា លើអនុសញ្ញាកំណត់ព្រំប្រទល់រវាងកម្ពុជា និងកូសាំងស៊ីន។ រហូតដល់ឆ្នាំ ១៩៤៩ អគ្គនាយក របស់ក្រុម ភូមិសាស្ដ្រឥណ្ឌូចិនបានធ្វើអត្ថាធិប្បាយថា ការបោះបង្គោល នោះចាត់ទុកជា ព្រំដែន ស្របច្បាប់។ រហូត ក្រោយៗ មកទៀត ពុំបានបោះបង្គោលថ្មីអ្វី ទៀតទេ គឺគេកំណត់យកបង្គោល តាំងពីសម័យនោះមក ដូចជា នៅព្រែកជីកវិញតេ។ ក្នុងសៀវភៅផែនទីវិញតេឆ្នាំ១៨៩៣ ពេលនោះ កូសាំងស៊ីនជារបស់បារាំង ហើយ ពីមុន យើងហៅថាហាទៀង ខ្មែរយើងហៅពាម។ ខ្មែរយើងដែលជា ចៅហ្វាយខេត្ដកំពតជា អ្នកគ្រប់គ្រង កោះត្រល់។ ប៉ុន្ដែមិនដឹងដោយ មូលហេតុអ្វី សៀវភៅខ្លះសរសេរថា គាត់អត់ទៅទារពន្ធនៅកោះត្រល់ ពេលនោះលោក ប្រេវីយេ ថាខ្មែរអត់ទៅមើល គេក៏សម្រេចឱ្យទៅចៅហ្វាយខេត្ដហាទៀងវិញ។ ដូច្នេះ គេផ្ទេរពីកំពត ទៅហាទៀង ឆ្នាំ ១៩៣៩ ហើយគាត់គូសខ្សែនេះ ដោយគាត់និយាយច្បាស់ថា ខ្សែនេះជា ខ្សែបែងចែកការគ្រប់គ្រងរដ្ឋបាល និងប៉ូលីសលើកោះ បានន័យថា កោះទាំងឡាយណា ដែលនៅខាងត្បូង ខ្សែនេះ រាប់ទាំងកោះត្រល់ផង ជារបស់វៀតណាម ហើយកោះ ទាំងឡាយណានៅខាងជើងខ្សែ ជារបស់ កម្ពុជា ដែលនៅក្នុងនោះ បើយើងរាប់ទាំងតូចទាំងធំ មាន ៥១ កោះ ។ ដូច្នេះ កោះពូលូវ៉ៃនៅខាងជើង ហើយកោះ ពូលូប៉ាន់យ៉ាង ឬថូជូនៅខាងត្បូង អ្វីដែលច្បាស់នោះ គឺកោះទាំងនោះស្ថិតនៅក្នុងផែនទីឆ្នាំ ១៩៦៤ ដែលស៊ីញ៉េដោយ ងិន ការេត យើងសុំឱ្យគេទទួលស្គាល់ ខ្សែប្រេវីយេហ្នឹង ហើយយើងដាក់ទៅ អង្គការសហប្រជាជាតិ ប្រគល់ឱ្យស្ថានទូតអាមេរិក ថៃ និងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ឱ្យរដ្ឋាភិបាល វៀតណាមខាងត្បូង គឺផែនទីឆ្នាំ ១៩៦៤ ។ ដូច្នេះ ផែនទីឆ្នាំ ១៩៣៩ នោះ គ្រាន់តែគូស បញ្ជាក់ពីការគ្រប់គ្រងផ្នែករដ្ឋបាល និងផ្នែកប៉ូលីសលើកោះក្នុងឈូងសមុទ្រ សៀម ប្រគល់ទៅឱ្យ ហាទៀង គឺប្រគល់ទៅឱ្យកូសាំងស៊ីន។ ឆ្នាំ ១៩៤៩ សភាសហព័ន្ធរបស់ បារាំង ដែល គ្រប់គ្រងដែនដីឯនាយសមុទ្រ នោះ គឺគេប្រជុំសម្រេចថា តើប្រគល់កូសាំងស៊ីន ឱ្យវៀតណាម ឬត្រូវឱ្យកម្ពុជា ។ នៅពេលនោះតំណាងកម្ពុជា គឺព្រះអង្គម្ចាស់ យុគន្ធរ ពីងពាង ជាអ្នកដែលធ្លាប់មានការតស៊ូ ប្រឆាំងបារាំងដែរ គាត់មិនហ៊ានបោះឆ្នោត ថា កូសាំងស៊ីន ជាដីរបស់ខ្មែរទេ គាត់បែរជាបោះអនុប្បវាទ ដូច្នោះហើយធ្វើឱ្យសភាសហព័ន្ធគេអនុម័ត ច្បាប់ នោះបាន ហើយបន្ទាប់មក រដ្ឋសភាបារាំង បានអនុម័តច្បាប់បញ្ចូលកូសាំងស៊ីនទៅ ឱ្យវៀតណាមពីព្រោះ ពេលនោះគេចង់ជួយព្រះចៅ បៅដាយ ឱ្យឈ្នះលោក ហូជីមិញ។ នេះជាចំណុចសំខាន់ណាស់ ដែល ទាក់ទងនឹងកោះត្រល់។ 

ចំពោះកោះត្រល់ផ្ទាល់ យោងតាមនិក្ខេបបទរបស់សម្ដេចក្រុមព្រះថា តាំងពីសតវត្សទី ១៧ ស្ដេច វៀតណាម អធិរាជ ម៉ិញម៉ាំង បានស៊ីញ៉េប្រគល់កោះត្រល់ មកឱ្យថៅកែកាស៊ីណូ ជនជាតិចិនម្នាក់ ដែលមករកស៊ី នៅទីនោះ។ ឆ្នាំ ១៩៣៩ ក៏មានការផ្ទេរ ការគ្រប់គ្រងតាមរយៈខ្សែប្រេវីយេទៅឱ្យខាង កូសាំងស៊ីន ហើយចាប់តាំងពីឆ្នាំ ១៩៦៤ មានចលនា ស្នើឱ្យទទួលស្គាល់ខ្សែប្រេវីយេ ជាខ្សែព្រំដែន។ ដូច្នេះ បើយើងគិតពីរបបកាន់កាប់ របស់កម្ពុជានៅក្នុងឆ្នាំ ១៩៦៤ ខ្សែប្រេវីយេ និងភស្ដុតាងដែលមាន ចុះហត្ថលេខា របស់ ងិន ការេត ដោយភ្ផាប់ជាមួយនឹងលិខិតផ្សេងៗ ដែលស្នើសុំឱ្យ គេទទួលស្គាល់ ផែនទីដីគោក និងផែនទីទឹក ហើយផែនទីដីគោក គឺផែនទីឆ្នាំ ១៩៦៤ ដែលយើងប្រើប្រាស់ រហូតមកដល់ សព្វថ្ងៃនេះ វាមាន ២៦ផ្ទាំង តំរៀបតភ្ជាប់ចូលគ្នា ដូចដែលខ្ញុំបានជម្រាបជូន តាំងពីខាងដើម នោះយើង ឃើញច្បាស់ទាំងដីគោក និងដីទឹក ។ របបសង្គមរាស្ដ្រនិយមឆ្នាំ ១៩៦៤ មានព្រឹត្ដិប័ត្រឈ្មោះ "Le Sangkum" បានផ្សាយការសន្ទនា របស់ ព្រះករុណា និង លោក ផាំ វ៉ាន់ដុង នាយករដ្ឋមន្ដ្រីវៀតណាម ការសន្ទនារវាង ព្រះករុណា និង លោក ត្រាន ប៊ួយគាម (Tran Bun Kiem) ដែលជាប្រធានរណសិរ្ស រំដោះជាតិខាងត្បូង នៅឆ្នាំ ១៩៦៦ ។ នៅក្នុងការចរចាទាំងពីរនោះ ព្រះករុណា សុទ្ធតែបានបញ្ផាក់ថា ខ្សែ ព្រំដែនយើង ដែលបារាំងបានគូស វាមិនសុក្រឹតទេ ប៉ុន្ដែក្នុងផលប្រយោជន៍សន្ដិភាព យើងត្រូវតែរៀនសូត្រ ទទួលយកនូវអ្វី ដែលបារាំងបានបន្សល់ទុកមកនេះ ហើយលោកមានបញ្ផាក់ទៀតថា បើទទួលយក ហេតុអ្វីក៏មិន ទទួលយកផែនទីឆ្នាំ ១៩៦៤ ដែលគេទទួលស្គាល់ទាំង ផ្ទៃដី និងផ្ទៃទឹក។ ព្រះករុណ បាន បញ្ផាក់ទៀតថា ខ្ញុំនឹងមិនទាមទារ កោះត្រល់ និង កោះឯទៀតដែលកាន់កាប់ដោយវៀតណាម ខាងត្បូង វិញទេ នៅក្នុងជំនួបជាមួយ លោក ផាំ វ៉ាន់ដុង និងជាមួយ លោក ត្រាន ប៊ួយគាម (Tran Bun Kiem)  ក៏មានពាក្យហ្នឹងដែរ។ ដូច្នេះ បានន័យថា សម័យសង្គមរាស្ដ្រនិយម ក៏ខ្សែប្រេវីយេ ហើយក្រោយ មកសម័យ ខ្មែរក្រហម ក្នុងអត្ថបទសមមិត្ដហុង សម័យកម្ពុជាប្រជាធិបតេយ្យ ក៏គេស្នើយកតាម ខ្សែប្រេវីយេ រហូតមកដល់សម័យរដ្ឋកម្ពុជា ឆ្នាំ១៩៨២ ក៏ដូចគ្នាដែរ គឺយើងយកខ្សែប្រេវីយេ នេះតាមរយៈកិច្ច ព្រមព្រៀង ឆ្នាំ ១៩៨២។ ឥឡូវសម័យបច្ចុប្បន្ន នៃរដ្ឋាភិបាល ចម្រុះរាជាណាចក្រទី ២ ក៏យើងស្នើយក ខ្សែប្រេវីយេនេះដែរ។
នៅឆ្នាំ ១៩៩៩ ព្រះករុណា បានផ្ញើសារជូនលោក ផាំ វ៉ាន់ដុង ដែលពេលនោះ ជានាយករដ្ឋមន្ដ្រី គឺ ព្រះករុណា បានបូកសរុបនៅក្នុងសារឆ្នាំ ១៩៩៩ នោះច្បាស់ណាស់។ ព្រះករុណា បានសរុបថា កាលពីរដ្ឋាភិបាលខ្ញុំ កាលពីសម័យខ្ញុំនោះ ក៏បានស្នើយកខ្សែប្រេវីយេ រហូតមកដល់សម័យរដ្ឋកម្ពុជា ក៏ស្នើយកខ្សែនេះដែរ។ ឥឡូវនេះ ខ្ញុំសូមស្នើជាថ្មីម្ដងទៀត ឆ្នាំ ១៩៩៩ សុំឯកឧត្ដមធ្វើយ៉ាងដូចម្ដេចឱ្យវៀតណាមទទួលយក ខ្សែប្រេវីយេ។ ដូច្នេះ បើយើងគិតទៅរបបសង្គមរាស្ដ្រនិយម របបកម្ពុជាប្រជាធិបតេយ្យ របបរដ្ឋកម្ពុជា យើងក្រោយឆ្នាំ ១៩៧៩ រហូតមកដល់ ឆ្នាំ ១៩៩១ ដែលមានកិច្ចព្រមព្រៀង ទីក្រុង ប៉ារីស និងនៅក្រោយ ឆ្នាំ ១៩៩៣ ក៏យើងនៅតែស្នើខ្សែប្រេវីយេ បានន័យថារបប រដ្ឋាភិបាល ៤ ជំនាន់ហើយ ដែលស្នើយក ខ្សែប្រេវីយេនេះ។ មានតែសម័យសាធារណរដ្ឋខ្មែរ របស់លោក លន់ នល់ ទេ នៅឆ្នាំ ១៩៧២ ដែលលោក ស៊ាន ប៉េងសែ នៅតែនិយាយជា រៀងរាល់ថ្ងៃ ទាមទារយកខ្សែ៧២ ហើយចោទថា យើងធ្វើអោយបាត់ ទឹកដី ១០.០០០ គីឡូម៉ែត្រការ៉េ។ តើខ្សែរបស់សាធារណរដ្ឋខ្មែរនោះ វាយ៉ាងដូចម្ដេច? នេះនិយាយអំពី រឿងកោះត្រល់នោះ។ ខ្សែរបស់សាធារណរដ្ឋខ្មែរ ជាការឆ្លើយតបទៅនឹងខ្សែឆ្នាំ ១៩៧១ ពួកវៀតណាម ធីវគី បានគូសជាឯកតោភាគី (បង្ហាញផែនទី) កាត់ពីលើ ដែលយើង ថាខ្សែប្រេវីយេនៅត្រង់នេះ តែវៀតណាម ធីវគី គូសយកដីរបស់យើងអស់មួយចំហៀង បានន័យថា មួយចំហៀងនេះ ធីវតី យកអស់ ហើយ។ បើយើងគិតទៅអស់ច្រើនគីឡូម៉ែត្រណាស់ អស់ទាំងកោះពូលូវ៉ៃផងដែរ។ តាមច្បាប់សមុទ្រ អន្ដរជាតិ ឆ្នាំ ១៩៨២ គេនិយាយថា រដ្ឋនីមួយៗមានសិទ្ធិគូសព្រំដែនខ្លួនជាឯកតោភាគី ប៉ុន្ដែសំខាន់ថា តើរដ្ឋដែលមានការ ពាក់ព័ន្ធនោះ គេទទួលស្គាល់ឬទេ ? បើគេមិនទទួលស្គាល់ តើយើងទៅធ្វើការជាមួយ នរណា? ឧទាហរណ៍ ដូច ធីវគី បាន គូសខ្សែដូចនេះ តើយើងទទួលស្គាល់ដែរឬទេ? យើងមិនទទួល ស្គាល់ទេ ព្រោះគាត់បានគូសយក កោះយើងអស់ទៅហើយ ថៃក៏គេមិនទទួលស្គាល់ដែរ ព្រោះវាជាន់ជាមួយ ថៃដែរ។ ដល់ឆ្នាំ ១៩៧២ លោក លន់ នល់ គូសម្ដង ជាឯកតោភាគីដែរ (បង្ហាញតាមផែនទី)។ ការគូសដូចនេះ វាមានការត្រួតលើគ្នាជាមួយ វៀតណាម គឺជាន់គ្នាធំណាស់ ចន្លោះទាំងនេះសុទ្ធតែជា កន្លែងដែលត្រួតគ្នា ដូចនេះ ម្ដុំត្រង់ ត្រួតគ្នានេះ មិនដឹងជារបស់ប្រទេសណាទេ ព្រោះយើងថា ជារបស់យើង ហើយ វៀតណាម ថាជារបស់គេ តែចំពោះ លោក ស៊ាន ប៉េងសែ បានអះអាងពីស្រុកបារាំងមកថា ជារបស់គាត់ ព្រោះគាត់ចោទ យើងថា ធ្វើឱ្យ បាត់បង់ទឹកដីទាំងអស់នេះ។ នៅឆ្នាំ ១៩៧៣ ថៃចាប់ផ្ដើម គូសយកម្ដង គឺគាត់គូសជាឯកតោភាគីដែរ ព្រោះគាត់ឃើញយើង និងវៀតណាមគូសជា ឯកតោភាគី (បង្ហាញរូបក្នុងផែនទី)។ ដូច្នេះ វាជាន់ជាមួយយើង កើតទៅជា តំបន់ត្រួតគ្នារវាងកម្ពុជា-ថៃ ហើយបើ ជាមួយ វៀតណាម ធីវគី (នៅក្នុងផែនទី) គឺជាតំបន់ត្រួតគ្នា កម្ពុជា-វៀតណាម តែអ្វីទាំងអស់នេះ ត្រូវបានចោលទៅហើយ ពីព្រោះរបប ធីវគី ត្រូវបានបញ្ចប់ទៅហើយ។ ចំណែកវៀតណាម បច្ចុប្បន្ន ក៏គេមិននិយាយអំពីខ្សែនេះទៀតដែរ គេគ្រវាត់់ចោលទៅហើយ។ នេះជា ចំណុចមួយ ដែលខ្ញុំសូមបញ្ជាក់ ស្ដីពីបញ្ហា នៃកោះត្រល់។ នៅពេលគូសខ្សែទៅ វាមានការជាន់គ្នា ហើយដែល គេចោទយើងថា ធ្វើឱ្យបាត់ ដីមួយចំហៀងនេះ (បង្ហាញក្នុងផែនទី)។ យើងគិតមើលថា យើងគូសខ្លួនឯង ហើយយើងស្រែក ថាបាត់ អញ្ចឹងតើយើងទទួលយកបានទេ? បើយើងមិនដែលចរចាជាមួយគេផង។ ប្រសិនបើយើងប្រៀបធៀប ជំនាន់ទាំង ៥ ដោយគិតតាំងពីសម័យសង្គមរាស្ដ្រនិយម រហូតមកដល់ ពេលនេះ គឺវាមាន ៥ ជំនាន់មក ហើយ។ បួនជំនាន់គេនិយាយពីខ្សែប្រេវីយេ មានតែ ជំនាន់ លន់ នល់ ទេ ដែលនិយាយពីខ្សែដែលគាត់ គូសជាឯកតោភាគី ដូច្នេះការចោទថា កិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ធ្វើឱ្យបាត់កោះត្រល់នោះ វាមិនមានការពិត ទាល់តែសោះ។ បួនជំនាន់ គេនិយាយតែពីខ្សែប្រេវីយេដូចគ្នា ដូចនេះ វាជាចំណុចខ្លាំងច្បាស់លាស់ណាស់។
នេះជាចំណុចមួយទៀត ដែលមានការពាក់ព័ន្ធជាមួយកោះត្រល់នោះដែរ គឺយើងឃើញថាតាំងពី សតវត្សទី១៧ ស្ដេចវៀតណាម ដែលគាត់មិនមានសិទ្ធិនៅលើកោះត្រល់ នោះ គាត់ទៅចុះហត្ថលេខាឱ្យ ម៉ាក់ គូ ដែលជា មេកាស៊ីណូ ជនជាតិចិន គ្រប់គ្រងកោះត្រល់ ជំនាន់នោះ។ ឆ្នាំ ១៩៣៩ លោក ប្រេវីយេ អគ្គទេសាភិបាល បារាំង ដែលគ្រប់គ្រងឥណ្ឌូចិននោះ បានចេញសេចក្ដីសម្រេចផ្ទេរកោះត្រល់ទៅឱ្យ កូសាំងស៊ីន។ ចាប់តាំងពី ឆ្នាំ ១៩៦៤ មក ដូចដែលខ្ញុំបានលើកខាងលើនោះ គឺ ៤ របប ដែលបាន លើកឡើងពី ខ្សែប្រេវីយេ ហើយ ព្រះករុណា ក៏ធ្លាប់បានពន្យល់ ច្រើនណាស់ក្នុងការសន្ទនា ជាមួយ ផាំ វ៉ាន់ដុង ជាមួយ នឹងលោក ត្រាន ប៊ួយគាម
(Tran Bun Kiem) ថាខ្សែដែលបារាំងគូសមកនោះ មិនសុក្រឹតទេ ប៉ុន្ដែយើងត្រូវតែទទួលយក តាមស្ថានភាពដែលមាននោះ ស្ថានភាពដែលបារាំង បានបន្សល់ទុកមកនោះ ដូចនេះ ខ្ញុំមិនតវ៉ាពីរឿង កោះត្រល់ទេ ហើយខ្ញុំស្នើទទួលយកខ្សែប្រេវីយេ។ នេះអាចបញ្ជាក់ថា ជាចំណុចច្បាស់លាស់នៅក្នុងបញ្ហា កោះត្រល់ ឯកូសាំងស៊ីនក៏ដូចគ្នាដែរ បើយើងពិនិត្យ ការបោះឆ្នោតនៅឆ្នាំ ១៩៤៩ ក៏យើងអាចយល់បាន ពីការវិវត្ដន៍របស់ កូសាំងស៊ីនដែរ។ គណៈប្រតិភូ ដែលតំណាងនៅក្នុងសភាសហព័ន្ធបារាំង នៅខែ មីនា ឆ្នាំ ១៩៤៩ មិនទាំងហ៊ានបោះឆ្នោតថា នោះជាដី ខ្មែរផង ហើយបែរជាបោះអនុប្បវាទ ទៅវិញ។ បន្ទាប់ពីនោះមក គេចេញច្បាប់បញ្ចូល Rattachement គឺដាក់ដីកូសាំងស៊ីន ទៅក្នុងរដ្ឋសហព័ន្ធ Etats Associées ទៅក្នុងប្រទេសវៀតណាម មានសិទ្ធិបម្រុង Réserve មួយដែលគេលើកឡើងថា នៅពេល ដែល ប្រទេសវៀតណាមដូរលក្ខន្ដិកៈពី រដ្ឋសហព័ន្ធ Etats Associées នោះ កូសាំងស៊ីនត្រូវដូរ លក្ខន្ដិកៈដែរ ព្រោះវាចូលទៅក្នុង រដ្ឋសហព័ន្ធ Etats Associées នោះ ។ នៅពេលដែលវៀតណាម ដូរលក្ខន្ដិកៈនោះ គឺអាចពិនិត្យឡើងវិញ ពីបញ្ហាកូសាំងស៊ីន។ ដូច្នេះ យើងមើលថា តើគេដូរលក្ខន្ដិកៈនៅពេលណាខ្លះ? គឺដូរនៅឆ្នាំ ១៩៥៤ ម្ដង នៅសន្និសីទ ក្រុងហ្សឺណែវ (Genève) ដែលនិយាយអំពី ការបែងចែក វៀតណាម ជាពីរ ហើយដូរម្ដងទៀតនៅឆ្នាំ ១៩៧៥ និយាយអំពី ការបញ្ចូល វៀតណាមទាំងពីរ ឱ្យទៅជា វៀតណាមតែមួយ គឺជាការដែលគេធ្វើការបង្រួបបង្រួមជាតិ នៅឆ្នាំ ១៩៧៥។ យើងមិនបានតវ៉ាទេនៅក្នុងឆ្នាំ ១៩៧៥ នោះ អត់បានលើកឡើង អំពីសិទ្ធិបម្រុងនោះទេ ហើយដូចដែលបានបញ្ជាក់នៅក្នុង ឯកសារខាងដើម ដែលជារបាយការណ៍អត្ថាធិប្បាយ របស់អគ្គនាយក ក្រុមភូមិសាស្ដ្រឥណ្ឌូចិន។ គេបានបញ្ជាក់ថាការបោះ ព្រំដែន ឆ្នាំ ១៨៧៣ នោះវាបានក្លាយទៅជាព្រំដែន ទៅហើយរវាង កូសាំងស៊ីន និងកម្ពុជា មិនមែនមកពីបាត់សិទ្ធិបម្រុង(Réserve) នៅឆ្នាំ ១៩៨២ ទេ។ ទាំងនេះជា សភាពការណ៍ដែល វិវត្ដន៍មកជាបន្ដបន្ទាប់។ នៅឆ្នាំ ១៩៧៥ នៅក្នុងការ បង្រួបបង្រួមជាតិនោះ ក៏មិនមានឃើញអ្នកណា លើកពីសិទ្ធិបម្រុងទុក (Réserve) នោះ ដែរ ដូច្នេះមិនមែននៅឆ្នាំ ១៩៨២ គឺជាលើក ដំបូងនៃការមិនបាន ធ្វើការបម្រុងទុកនោះទេ នេះជាចំណុចដែលខ្ញុំសូមធ្វើការ បកស្រាយ។
ឥឡូវយើងសួរថា ហេតុអ្វីបានជាយើងប្ដឹងអ្នកកាសែតប៉ុន្មាននាក់នោះ? ព្រោះថាប៉ុន្មានថ្ងៃនេះ គេធ្វើ យុទ្ធនាការ អំពីរឿងនេះខ្លាំងណាស់។ គេលើកឡើងថា រាជរដ្ឋាភិបាល ធ្វើឱ្យសិទ្ធិសេរីភាពខាង សារព័ត៌មាន នេះ ដើរថយក្រោយ ព្រោះយើងបានប្ដឹងលោក ស៊ាន ប៉េងសែ ប្ដឹងលោក ម៉ម សូណង់ដូ លោក រ៉ុង ឈុន លោក ជា មុន្នី លោក អៀ ចាន់ណា លោក ម៉ែន ណាត និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ពីរឿងបញ្ហាព្រំដែននេះ ដោយគេថា នេះជាបញ្ហាសិទ្ធី សេរីភាព ក្នុងការបញ្ចេញមតិ។ ដូចដែលខ្ញុំបានលើកយកមក អត្ថាធិប្បាយ ពីខាងដើមហើយថា ប្រទេសនីមួយៗ វាមាន ចំណុចរសើប របស់វាផ្សេងៗគ្នា។ ដូច្នេះ បើយើងហ៊ានទៅ ភូតកុហក ពីរឿងភេរវកម្មនៅអាមេរិក នៅ អង់គ្លេសនិយាយ អំពីភាពអវិជ្ជមាន អំពីគម្ពីរកូរ៉ាន់ នៅមជ្ឈិមបូព៌ា អំពីរឿងហ្វាស់ស៊ីសនៅប្រទេសបារាំង ឬនៅអឺរ៉ុបនោះ គឺគេមានច្បាប់ មានទម្លាប់របស់គេខ្លាំង ពិសេស ដែល គេចាត់ទុកថា វាជាបញ្ហារសើប របស់ប្រទេសគេ និងជាបញ្ហាអាយុជីវិត របស់គេ។ នៅកម្ពុជាយើង ដូចដែលខ្ញុំបានលើកឡើង បញ្ហាទឹកដី នេះវាផ្សារភ្ជាប់ទៅនឹងបញ្ហាក្បត់ជាតិ គឺគេចោទយើងថា ក្បត់ជាតិ លក់ទឹកដីឱ្យគេ។ នេះជាបញ្ហារសើប ដែលដិតជាប់ក្នុងផ្នត់គំនិត របស់ប្រជាពលរដ្ឋ តាំងពីប្រវត្ដិសាស្ដ្រមក។ ដូច្នេះការយកបញ្ហានេះមក លេងសើច មកធ្វើជាឧបករណ៍ នយោបាយ មិនមែនជាការបរិហារកេរ្ដិ៍ធម្មតាទេ មិនមែនជាសិទ្ធិសេរីភាព ខាងការបញ្ចេញ មតិជាធម្មតាទូទៅនោះទេ។ ពីមុនមកគាត់ធ្លាប់និយាយបំផ្លើស កុហក គាត់ធ្លាប់ទិតៀន ធ្លាប់ចោទ ប្រកាន់ជាច្រើនមកហើយ ចុះហេតុម្ដេចបានជាមិនឃើញរាជរដ្ឋាភិបាល ប្ដឹងគាត់? បើប្ដឹងគាត់នោះ គឺអាចប្ដឹង ជារៀងរាល់ថ្ងៃ ឱ្យតែគាត់បរិហារកេរ្ដិ៍ តែយើងមិនប្ដឹងផ្ដល់ ទេលើរឿង ដែលមិនមែនជា រឿងរសើបរបស់ រាជរដ្ឋាភិបាលរបស់ប្រទេស។ ប៉ុន្ដែការលើកឡើងនេះ វាហួសពីសិទ្ធិ សេរីភាពធម្មតា ដូចខ្ញុំលើកឧទាហរណ៍អម្បាញ់មិញអញ្ចឹងលោក
LE PEN គ្រាន់តែ ការពារអូស្វីត បន្ដិចសោះ គេកាត់ទោស ដកសិទ្ធិអ្នកនយោបាយ។ អ្នកដំណើរបារាំងនិយាយលេងរឿងមានគ្រាប់បែកលើ យន្ដហោះ ជាមួយអ្នកបម្រើ លើយន្ដហោះ ក៏គេចាប់ដាក់គុកដែរ។ អញ្ចឹងវាជាបញ្ហារសើប ជាបញ្ហាបង្កចលាចល វាជាការ ដែលទាញ សភាពការណ៍នេះ ឱ្យឈានទៅមុខ ទៅរកអស្ថិរភាពទៅរកភាពកោលាហល។ ដូច្នេះ យើងចាំបាច់មាន វិធានការ ទប់ស្កាត់ច្បាស់លាស់ វាមិនមែនជាបញ្ហា សិទ្ធិសេរីភាពជាទូទៅ វាមិនមែនជា បញ្ហាសារព័ត៌មាន ជាទូទៅនោះទេ ពីព្រោះ ទៅចោទ នាយករដ្ឋមន្ដ្រីថា ជាជនក្បត់ជាតិ លក់ទឹកដីនោះ មិនមែនជាបញ្ហាធម្មតា ដែលយើងអាច បណ្ដែតបណ្ដោយ និងព្រងើយកន្ដើយបានឡើយ។ ហេតុនេះហើយ ទើបយើងបានយក វិធានការផ្លូវច្បាប់ យើងមិនមានធ្វើអ្វីដែលខុសច្បាប់ទេ នេះជានីតិរដ្ឋ។ យើងប្ដឹងទៅ តុលាការ យើងពិនិត្យ បទល្មើសរបស់គាត់ មេធាវីរបស់រាជរដ្ឋាភិបាលប្ដឹងទៅតុលាការថា ឈ្មោះនេះ លោកនេះ គឺបានប្រព្រឹត្ដ កំហុសបែបនេះ ដូចនេះវាជាការងាររបស់តុលាការ ដែលលោកយល់ថា គាត់ធ្វើខុស ទៅនឹងច្បាប់ នៃមាត្រាណាមួយ តុលាការលោកមានការសម្រេច ដូចជាតុលាការបារាំងកាត់ទោសលោក LE PEN  ទោះគាត់ ជាគណបក្សប្រឆាំង ធំជាងគេនៅស្រុកបារាំងក៏ដោយ។
មានចំណុចមួយទៀត ឥឡូវយើងពិនិត្យថា តើពួកដែលប្រឆាំងយើងនេះ គាត់ប្រើទឡ្ហីករណ៍អ្វីខ្លះ ដើម្បីចោទ ប្រកាន់យើង។ តើមានអ្វីដែលជាការសិក្សាស្វែង យល់ហ្មត់ចត់របស់គាត់? ហើយចោទប្រកាន់ យ៉ាងមាំទាំ ថាយើង លក់ដីនោះ? ថាយើងក្បត់ជាតិនោះ? បើពិនិត្យទៅ គឺគ្មានអ្វីហ្មត់ចត់ ទាល់តែសោះ។ លោក ស៊ាន ប៉េងសែ គាត់និយាយតែពី រឿងខ្សែ ១៩៧២ របស់គាត់ ដែលជាខ្សែឯកតោភាគី នៃរបប លន់ នល់ តែមួយ។ ចំណុចទី ២ ដែលគេលើកឡើង នៅក្នុងទឡ្ហីករណ៍ថា កិច្ចព្រមព្រៀងឆ្នាំ ១៩៨៥ នេះ វាមិនស្របច្បាប់ ។ ហេតុនេះហើយ ទើបខ្ញុំនិយាយថា គេគ្មាន ទឡ្ហីករណ៍អ្វី រឹងមាំថា វាមិន ស្របច្បាប់ ត្រូវនិរាករណ៍នោះទេ និងត្រូវចាត់ទុកកិច្ចព្រមព្រៀងឆ្នាំ ១៩៨៥ នោះខុសឡើយ។ ចំណុចមួយ ទៀត គេចោទប្រកាន់ថា យើងប្រគល់ កោះត្រល់ឱ្យទៅ វៀតណាមតាមរយៈ កិច្ចព្រមព្រៀងឆ្នាំ ១៩៨២។ ត្រង់បញ្ហានេះ ខ្ញុំបានជម្រាបជូន ច្បាស់លាស់ រួចហើយអំពីរឿងកោះត្រល់នោះ។ តាមពិតតាំងពីសតវត្សទី ១៧ ហើយក្រោយ មកនៅឆ្នាំ ១៩៣៩ ដែលយើងមានឯកសារ ច្បាស់លាស់ណាស់ គឺលោក ប្រេវីយេ បានប្រគល់ឱ្យទៅកូសាំងស៊ីន។ ចាប់ពីឆ្នាំ ១៩៦៤ មក យើងបានស្នើទទួលយកខ្សែប្រេវីយេ ទៅហើយ តែវៀតណាមគេមិនព្រម។ នេះជាចំណុចលំបាកមួយទៀតដែរ ដែលវៀតណាមមិនយល់ព្រម ហើយមានក្រឹត្យរបស់ព្រះករុណា សុរាម្រិត មួយទៀត ដែលយើងទើបរកឃើញ ហើយយើង ផ្សាយកាល ពីយប់មិញនេះ។ នៅឆ្នាំ ១៩៥៧ ហ្លួងសុរាម្រិត បានចេញ ព្រះរាជក្រឹត្យមួយទទួលស្គាល់ខ្សែតាល់វិច ខ្សែជ្រលង ទឹកជ្រៅ នៅខាងជើងជិតកោះត្រល់ នោះ ដើម្បីឱ្យធ្វើចរាចរបាន (បង្ហាញផែនទី)។ វៀតណាម មិនចង់បានខ្សែប្រេវីយេ ទេ ពីព្រោះទឹកវារាក់ បើកបរកប៉ាល់ជុំវិញកោះត្រល់មិនកើត។ បើយើងគិតទៅ ខ្សែតាល់វិច នេះ វានៅខាងក្រៅប្រេវីយេទៀត ហើយយើងពិនិត្យទៅឃើញថា យើងខាតខ្លាំងណាស់។ តែនេះមិនបានកំណត់ជាផែនទីព្រំដែនរដ្ឋទេ តែជា ខ្សែទឹកជ្រៅ សម្រាប់បើកបរកប៉ាល់។ ដូចនេះ គឺយើងប្រើ ជ្រលងទឹកជ្រៅ ដើម្បីកំណត់សម្រាប់ ធ្វើចរាចរដោយសេរី។ បញ្ហានេះហើយ ដែលវាជាប់គំនិតនេះតាំងពីឆ្នាំ ១៩៥៧ មក ដែលចង់បាន ជ្រលងទឹកជ្រៅនោះ ដើម្បីមានភាពងាយស្រួលក្នុងការបើកបរ កប៉ាល់។ បញ្ហាទាំង នេះហើយ ដែលអាចនិយាយបានថា ជាការខ្វែងគំនិតគ្នា ដែលយើងមិនទាន់ដើរដល់ការព្រមព្រៀងគ្នាលើ ខ្សែប្រេវីយេ។ តើរាល់ថ្ងៃនេះយើងកំពុងធ្វើអ្វី? យើងកំពុងបន្ដការចរចា គឺយើងនៅតែសុំឱ្យវៀតណាម ទទួលយកខ្សែ ប្រេវីយេនេះ ចំណែកឯវៀតណាមនៅតែមិនព្រម ហើយទាមទារតែខ្សែ សមចម្ងាយនោះ ដូចដែល ខ្ញុំបានជម្រាបជូនពីខាង ដើមស្រាប់។
ឥឡូវនេះ យើងពិនិត្យទឡ្ហីករណ៍របស់អ្នកដែលចោទមកយើង។ ពីម្សិលមិញនេះ យើង ឮសូរចេញ គំនិតមួយទៀត ដោយចោទថា យើងលក់ទឹកដីកន្លែងព្រែកជីក វិញតេឱ្យវៀតណាមទៀតហើយ។ តើវា យ៉ាងដូចម្ដេច អំពីបញ្ហាព្រែកជីកវិញតេនេះ? (បង្ហាញផែនទី)។ នេះជាផែនទី ដែលព្រះករុណា ដាក់តំកល់ នៅអង្គការសហប្រជាជាតិ។ នេះជាខ្សែ ៦៤ តាំងពីសម័យយើងកំណត់ កូសាំងស៊ីនមកម្ល៉េះ ពីព្រោះវា នៅក្នុងខេត្ដកំពត និងខេត្ដតាកែវ ប្រវែង ៤០ គីឡូម៉ែត្រ។ ព្រែកនេះលាត សន្ធឹងពីចូវដុកដល់សមុទ្រ ដែលមានប្រវែងប្រហែល ៤០ គីឡូម៉ែត្រ។ ឥឡូវគេចោទយើងថា ធ្វើឱ្យបាត់ដី ១.៧០០ម៉ែត្រ ជាពិសេសគេ លើកឡើងអំពីច្រកទ្វារព្រំដែននៅខេត្ដតាកែវនេះមុនគេ គឺនៅភ្នំដិន ស្រុកគីរីវង់ ខេត្ដតាកែវ នេះតែម្ដង។ តើការពិតវាយ៉ាងដូចម្ដេច? (បង្ហាញផែនទី)។ ផែនទីនេះ តាំងពីឆ្នាំ ១៨៩៣ គេដាក់ថា
L’arrondissement du Chau Doc គឺនៅក្នុងខេត្ដចូវដុក ធ្វើដោយ អគ្គទេសាភិបាលឥណ្ឌូចិន (Gouverneur Général) ។ គេបោះពុម្ពតាំងពី សតវត្ស ទី ១៩ មិនទាន់ចូលដល់សតវត្សទី ២០ ឯណោះ គឺផ្អែកលើអនុសញ្ញាឆ្នាំ ១៨៧៣ ដែល ហ្លួងនរោត្ដម បានឡាយព្រះហស្ដលេខាជាមួយនឹងបារាំង ហើយគេ ចេះតែធ្វើផែនទីបន្ដ តាំងពីឆ្នាំ ១៨៧៣ មក។ នេះជាផែនទីធ្វើនៅឆ្នាំ ១៨៩៣ តើផែនទីនេះវាដូចម្ដេច? (ចង្អុលខ្សែព្រំដែនក្នុងផែនទី និងព្រែកជីកវិញតេ) បានន័យថាវា (ព្រែកជីកវិញតេ) នៅក្នុងដី វៀតណាម តាំងពីសម័យនោះមកម្ល៉េះ ហើយទើបតែមកចោទយើងថា ធ្វើឱ្យបាត់ ដីពីព្រែកជីកវិញតេ ១.៧០០ ម៉ែត្រ នេះ។ អ្នកដែលថានោះ គាត់មិនបានសិក្សា មិនបានយល់អំពី បញ្ហាព្រំដែនទេ គឺគាត់និយាយតាមការ ដែលគាត់នឹកឃើញតែម្ដង។ គេមានផែនការ ប្រើប្រាស់បញ្ហាព្រំដែន ដើម្បីបង្កចលាចល តែប៉ុណ្ណោះ ហើយគាត់ថាតែម្ដង ឱ្យតែឮ តាមតែគេនិយាយ គេថាកន្លែងណា គឺគាត់ថាកន្លែងនោះ។ ឥឡូវគាត់និយាយថា ព្រែកជីកវិញតេនោះ យើងលក់ដីឱ្យគេ ទទឹង ១.៧០០ម បណ្ដោយ ៤០ គ.ម។ បើគិត ទទឹង ១.៧០០ម បណ្ដោយ ៤០គ.ម តើវាប៉ុន្មានហិកតាទៅ គឺអស់ច្រើនសម្បើមណាស់ បើនិយាយដូចគាត់នោះ។ អ្វីដែលគាត់ និយាយនោះ វាផ្ទុយទៅនឹងការពិត នេះយើងមានផែនទី ចុះបើយើងគ្មានអ្វីសំអាង គ្មានអ្វីបញ្ជាក់់ជូន មតិសាធារណៈវិញនោះ ពេលនោះយើងនឹងក្លាយទៅជាអ្វី ដែលដូចគាត់ថានោះហើយ។ នេះគេហៅថា បៀមឈាមព្រួសដាក់គេ។ តើរាជរដ្ឋាភិបាលទៅធ្វើដូចម្ដេច បើគេកំណត់តាំងពីយូរមក ហើយបារាំងកំណត់ មកអញ្ចឹង ហ្លួងនរោត្ដម បានឡាយព្រះហស្ដលេខាតាំងពីឆ្នាំ ១៨៧៣ ឯណោះ ហើយថែមទាំងមាន បោះ បង្គោល ចំនួន ១២៤ បង្គោល តាមបណ្ដោយកូសាំងស៊ីន តាំងពីក្រោយឆ្នាំ ១៨៧៣មក តើឱ្យយើងធ្វើ ដូចម្ដេច បើវាជាប់តាំងពីនោះមក? វាគ្មានអ្វីដែលលំបាកក្នុងការបញ្ជាក់ទេ ដាក់តែផែនទីនេះមួយ គឺវាច្បាស់ តែម្ដង។ តែបើយើងគ្មានផែនទីពីរ គឺឆ្នាំ ១៨៧៣ និងឆ្នាំ ១៨៩៣ នោះទេ យើងក៏មានការលំបាកដែរ ម្នាក់ប្រកាន់ ហើយម្នាក់ប្រកែក ប៉ុន្ដែនេះ វាច្បាស់តែម្ដង ឃើញថាគាត់ខិលខូចអញ្ចឹង។ ជាពិសេស ដូចជា ឈ្មោះ អ៊ុំ សំអាង បើមើលតាម Internet វិញឃើញគេកាន់មីក្រូដើរស្រែកសម្បើមណាស់អំពីរឿង ព្រែកជីក វិញតេនោះ គឺចោទប្រកាន់ទាំងស្រស់ តែម្ដងថារាជរដ្ឋាភិបាល លោក ហ៊ុន សែន លក់ដី ព្រែកជីកវិញតេឱ្យយួន។ បើយើងស្ដាប់លោក ស៊ាន ប៉េងសែ លើកទី ២ យើងឃើញថា លោក ស៊ាន ប៉េងសែ ខ្លួនឯងក៏មិនមានអ្វីច្បាស់លាស់ដែរ។ គេសួរលោក ថាបាត់ដីនោះលោកជ្រាបទេ បាត់ ត្រង់ណា? គាត់ឆ្លើយថា គាត់មិនដឹងដែរ ឮតែអ្នកនយោបាយភ្នំពេញ គេថាបាត់ដីគោក ៤.០០០ ទៅ ៦.០០០ គ.ម២ មិនដឹងបាត់កន្លែងណាទេ។
ចំណែករឿងយើងចុះហត្ថលេខា នៅហាណូយថ្មីៗនេះ គឺសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាមួយ នឹងលោកនាយករដ្ឋមន្ដ្រីវៀតណាម។ លោក ស៊ាន ប៉េងសែ គាត់សម្ភាសន៍ថា លោក ហោ ណាំហុង ចុះហត្ថលេខាជាមួយ រដ្ឋមន្ដ្រីការបរទេសវៀតណាម។ បានន័យថា គាត់គ្មានព័ត៌មានទេ គាត់ចេះតែថាតែ ម្ដង។ បើគាត់មានព័ត៌មាន នោះគាត់ច្បាស់ជានិយាយត្រូវហើយ គឺនាយករដ្ឋមន្ដ្រី ទាំងពីរជាអ្នកចុះ ហត្ថលេខា តែគាត់ថារដ្ឋមន្ដ្រីការបរទេស គឺគាត់ដឹងតែពី រឿងចោទប្រកាន់ ចោទប្រកាន់ ដើម្បីតែចោទ ប្រកាន់តែប៉ុណ្ណោះ។ ដូច្នេះ បើយើងគ្មានវិធានការច្បាស់លាស់ វាជាការពិបាកដែរ។ អ្វីដែលខ្ញុំចង់លើកឡើង នេះ គឺចង់បញ្ជាក់ ជាថ្មីម្ដងទៀតថា នៅយើងគឺរបស់យើង យើងមានបញ្ហា រសើបអំពីបញ្ហាព្រំដែននេះ ហើយគណបក្សប្រឆាំង ដែលជាអ្នកនយោបាយប្រឆាំងយើង តែងតែយកមក ប្រើជាឧបករណ៍នយោបាយ ក្នុងគោលដៅ ធ្វើឱ្យសភាពការណ៍នោះអស្ថិរភាព ឱ្យកើតកោលាហល ឱ្យលំបាក ហើយបើធ្វើបាន នឹងឈាន ទៅជាបំផ្លាញ រាជរដ្ឋាភិបាលតែម្ដង។ យុទ្ធនាការធំ គឺគេប្រើប្រាស់បញ្ហាព្រំដែន ជាឧបករណ៍នយោបាយ។ ពីពេលមុនៗ មក ក៏យើងធ្លាប់ ឃើញគេប្រើអញ្ចឹងដែរ ឧទាហរណ៍នៅ ស្វាយរៀង ខ្ញុំចាំបានថា ឯកឧត្ដម ហ៊ុន ណេង លោកនៅ ទីនេះដែរ។ ឯកឧត្ដម ប្រាប់ខ្ញុំថា ចាំមើលគេទៅធ្វើបាតុកម្មដោយដឹក មនុស្សពី ភូមិ ដូង ទៅភ្នំពេញ ឥឡូវហើយ ហើយគេមកប្រាប់មនុស្សនៅទីនោះ ថា ដឹក បងប្អូន ទៅភ្នំពេញ ដើម្បីយក អំណោយ ព្រះករុណា។ នៅពេលដែលប្រមូលបានមួយចំនួនមក ដល់ភ្នំពេញ គឺមកធ្វើបាតុកម្ម អំពីបញ្ហា ភូមិដូង។ អញ្ចឹងបានជាថ្ងៃមុនខ្ញុំរៀបចំជូន ឯកឧត្ដម យូ ហុកគ្រី ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ ដោះស្រាយបាតុភាព និងអភិវឌ្ឍន៍នៅ តាមបណ្ដោយព្រំដែននោះ សុំឱ្យអញ្ជើញទៅមើលភូមិដូងនោះ ទៅមើល តើវាបាត់បង់ ដល់ណាហើយ។ គាត់ទៅ រួចត្រឡប់មកវិញថា ពេលទៅដល់ដូចជាមិនដូចពាក្យគេ និយាយទេ។ គាត់ឃើញភូមិដូង នេះ មានផ្ទះ ៩ កាលមុនថាមានតែ ៧ ទេ ហើយក្នុង ៩ នេះ ចែកចេញ ជា ៣ ក្រញុំ ហើយក្នុង ១ ក្រញុំមាន ៣ ផ្ទះ នៅឆ្ងាយៗពីគ្នា។ គាត់ក៏ដើរទៅចុច
GPS ពេលនោះ ឃើញ ២ ក្រញុំ នៅក្នុង ដីយើង។ ពេលយើងចុចទៅឃើញភ្លាម រួចចុចទៅលើ ផែនទី ឃើញថានៅលើដីយើង ២ ក្រញុំ ចំណែក ១ ក្រញុំទៀត នៅក្នុងដីគេ។ សួរថាតើវា បាត់ទៅណា ? បើផ្ទះនោះ វានៅតែកន្លែងដដែល រហូត តាំងពីមុនមក ហើយមិនមានឃើញនរណាយកដី យកអ្វីទៅណា មិនមាននរណា បោះបង្គោលអ្វីផង ពីព្រោះ យើងមិនទាន់បោះបង្គោលទៅដល់នោះនៅឡើយ ប៉ុន្ដែ ឭស្រែករាល់ដងរាល់ឆ្នាំ។ នេះជាចំណុច ឧទាហរណ៍ បញ្ជាក់ថា ការប្រើប្រាស់បញ្ហាព្រំដែន ដែលជាបញ្ហារសើបនោះ សម្រាប់ធ្វើជា ឧបករណ៍នយោបាយ។
ចំណុចមួយទៀត យើងមានការកត់សំគាល់ពីអ្នកនិពន្ធពូកែៗ មួយចំនួន ឃើញថាជាការកត់សំគាល់ល្អ។ គេលើកឡើងថា នៅកម្ពុជាបច្ចុប្បន្ន គួរតែអ្នកនយោបាយ ស្នេហាជាតិ សម្ដែងពីទស្សនៈជាតិនិយមរបស់ខ្លួន តាមរយៈការកសាងប្រទេស ការរួមចំណែកកសាងប្រទេសមុនគេ គឺការកសាងស្ថិរភាព សន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។ នេះជាចំណុចដែលកម្ពុជាកំពុងតែត្រូវការខ្លាំងណាស់ ព្រោះប្រទេសយើងបានឆ្លងកាត់ រយៈកាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ អស់ជាច្រើនទសវត្សកន្លងមកហើយ។ ពាក្យដែលហៅថា
Légitimité នេះធំណាស់ ដែលរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជាទទួលយកបាន ដែលភាសាខ្មែរថា ធម្មានុរូបភាព គឺជាភាពដែលធ្វើឱ្យខ្លួន កាន់តែមានសិទ្ធិស្រប ច្បាប់ក្នុងការដឹកនាំប្រទេស។ ធម្មានុរូបភាព ទី១- គឺយើងបានរំដោះប្រជាជនចេញពី របបប្រល័យពូជសាសន៍ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩។ ធម្មានុរូបភាព ទី២- គឺការដែលរដ្ឋាភិបាលលោកបានធ្វើឱ្យប្រទេសនេះទទួលបានសន្ដិភាព ស្ថិរភាព ឯកភាព ជាតិ ដូចបច្ចុប្បន្ន នេះ ហើយអ្នកខ្លះបែរជាភ្លេច នៅពេលដែលទទួលបាន សន្ដិភាព ស្ថិរភាព សណ្ដាប់ធ្នាប់ សង្គមល្អ ដូចរាល់ថ្ងៃនេះទៅវិញ។ បើពីបួនប្រាំឆ្នាំមុន ឬមុនឆ្នាំ ១៩៩៨ នោះ មិនមាននរណាហ៊ានទៅ ក្រុងព្រះសីហនុ សៀមរាប ទាំងយប់ទេ ព្រោះបញ្ហាសន្ដិសុខ នៅក្នុងប្រទេសនៅតែមានអ្នក ប្រឆាំងប្រដាប់ អាវុធ ឬប្រឆាំង តាមបែបហិង្សា អ្វីមួយផ្សេងទៀត។ ដូច្នេះ ប្រទេសមិនងាយមានឯកភាព ក្រោមដំបូល តែមួយ ក្រោម រដ្ឋធម្មនុញ្ញតែមួយ ក្រោមការដឹកនាំ របស់រដ្ឋាភិបាលតែមួយ ដែលអាចគ្រប់គ្រង ១០០% នៃដែនដី របស់ខ្លួននោះទេ នេះហើយជាធម្មានុរូបភាពទី ២ ធំណាស់ ដែលគណបក្សរាជរដ្ឋាភិបាល យើងអាច ធ្វើបាន។ នេះជាការពង្រឹងនូវសិទ្ធិស្របច្បាប់ក្នុងការ ដឹកនាំប្រទេស ព្រោះយើង សម្រេចបាន សមិទ្ធផលធំ ដែលមិនមាននរណាធ្វើបានពីមុនមកនោះទេ ។ ធម្មានុរូបភាពទី ៣ គឺបញ្ហាព្រំដែន ជារឿងដែលគេមិនអាច ធ្វើទៅបាន។ តាំងពីស្រុកទេសចេញពីរបបអាណានិគមនិយម រហូតមកទល់ពេលនេះ តើនរណាដែលបាន ធ្វើបញ្ហាព្រំដែននេះ? ព្រះករុណាធ្លាប់បានមានព្រះរាជបន្ទូលជាមួយខ្ញុំ កាលពីនៅទីក្រុង ប៉េកាំង លោកថា កាលពីសម័យរបស់ខ្ញុំ ជាមួយថៃ គេមិនទាំងនិយាយជាមួយខ្ញុំផង ចំណែកឯវៀតណាមខាងត្បូងវិញ និយាយ យ៉ាងដូចម្ដេចក៏មិនត្រូវគ្នាដែរ។ ហេតុនេះហើយ ទើបលោកងាកទៅរក វៀតណាម ខាងចលនារំដោះ និង វៀតណាមខាងជើង ចុះហេតុអ្វីរដ្ឋាភិបាល របស់ឯកឧត្ដម ទៅចរចាជាមួយខាងថៃបាន? ថៃមិនដែលទទួល ស្គាល់កិច្ចព្រមព្រៀង សន្ធិសញ្ញាឆ្នាំ ១៩០៤-១៩០៧ ទេ ព្រោះនេះ ជាកិច្ចព្រមព្រៀងដែលធ្វើឱ្យថៃ មានការ ឈឺចាប់ណាស់ ដោយបានដកដី ពីរ បីខេត្ដ “បាត់ដំបង សៀមរាប និងកំពង់ធំ” ពីថៃមក ឱ្យខ្មែរយើងវិញ ដែលដីនេះត្រូវបានថៃគ្រប់គ្រងជាង ១០០ ឆ្នាំ មកហើយ តាំងពីសម័យ ចៅហ្វាបែនគ្រប់គ្រង។ មាន សៀវភៅមួយដែលយើងអាននោះ គឺ “បាត់ដំបង សម័យលោកម្ចាស់” ។ តាមរយៈកិច្ចព្រមព្រៀង សន្ធិសញ្ញាឆ្នាំ ១៩០៤-១៩០៧ បារាំងបង្គាប់ថៃ ឱ្យសងខេត្ដទាំងនោះមកខ្មែរយើងវិញ ហេតុនេះហើយថៃ មានការ ស្អប់កិច្ចព្រមព្រៀងនេះណាស់ មិនដែលទទួលស្គាល់ទេ។ ទើបតែនៅឆ្នាំ ២០០០ ដែលថៃព្រមចុះ ហត្ថលេខា ជាមួយយើងទទួលស្គាល់ កិច្ចព្រមព្រៀង សន្ធិសញ្ញាឆ្នាំ ១៩០៤-១៩០៧ ហើយ និងការកំណត់ ព្រំដែនកម្ពុជា-ថៃ តាមផែនទីដែលជាឧបសម្ព័ន្ធ នៃកិច្ចព្រមព្រៀងទាំងពីរនេះ គឺព្រំដែនបច្ចុប្បន្ននេះ ដែល យើងមិនទាន់បានបោះបង្គោលនោះ ក្នុងបណ្ដោយ ប្រវែងជាង ៨០០ គីឡូម៉ែត្រ មានតែ ៧៣ បង្គោល បាន ន័យថា វាមិនទាន់គ្រប់គ្រាន់ទាល់តែសោះ ដើម្បីសំគាល់ព្រំដែន។ ចំណែកឯជាមួយឡាវវិញ យើងធ្វើបាន ជិត ចប់ហើយ បានជាង ៨០% ហើយការបោះបង្គោលនោះ យើងក៏មិនមានថវិកា ច្រើនសម្រាប់ បោះបង្គោល ធំៗ ដែរ បង្គោលនោះតូចល្មម តែយើងនឹងត្រូវបោះឱ្យកាន់តែធំ និងកាន់តែញឹកជាងនេះទៀត។ ប៉ុន្ដែជាមួយ ថៃ យើងទទួលបានលទ្ធផលជាជំហានៗ តែការងារដែលត្រូវធ្វើនោះ នៅមានច្រើនណាស់ ដើម្បីកំណត់ ព្រំដែនគោក និងព្រំដែនទឹកជាមួយថៃ។ ចំពោះយើងជាមួយ វៀតណាមវិញ យើងឈានទៅមុខ ជាជំហាន ទៅមុខ ដើម្បីមានព្រំដែនច្បាស់លាស់ ប្រាកដប្រជា ដែលមានផែនទីកំណត់ទទួលស្គាល់ ទំាងសងខាង។ ឥឡូវនេះ យើងទទួលស្គាល់ ផែនទីនោះហើយ តែនៅមិនទាន់មានបង្គោល មានតែផ្នែក កូសាំងស៊ីន ១២៤ នោះ ហើយហួសកូសាំងស៊ីនទៅលើ គ្មានបង្គោល ទាល់តែសោះ។ ហេតុនេះហើយ ត្រូវតែបោះ ត្រូវតែធ្វើ ប៉ុន្ដែការធ្វើ តូវចំណាយថវិកាអស់ច្រើនណាស់តាម ព័ត៌មាន។ ឧទាហរណ៍ ឯកឧត្ដម វ៉ា គីមហុង បានឮ ខាងវៀតណាមនិយាយប្រាប់ថា គ្រាន់តែបោះបង្គោល ជាមួយនឹងឡាវ ត្រូវចំណាយ អស់ប្រមាណ ៤០ លាន ដុល្លារ។ នេះគ្រាន់តែថ្លៃបង្គោល និងប្រាក់ឧបត្ថម្ភ កម្លាំងពលកម្មក្នុងការចុះទៅ បោះបង្គោលនោះប៉ុណ្ណោះ។ ចំណែកយើងជាមួយវៀតណាម ប្រហែលជាអស់ ច្រើនណាស់ដែរ ប៉ុន្ដែនេះជា ការងារដែលយើង ត្រូវតែធ្វើ ហើយយើងត្រូវធ្វើដោយមានការអំណត់ព្យាយាម យ៉ាងខ្លាំង ទើបអាច សម្រេចបាន ពីព្រោះការចរចា មិនមែន ជាការងាយស្រួលនោះទេ។ កាលណាតែចូល អង្គុយដល់តុភ្លាម តែងតែតឹងទៅវិញ ទៅមក ទោះជា មានការស្គាល់គ្នា ស្និទ្ធស្នាលពីមុនយ៉ាងណាក៏ដោយ ឱ្យតែចូលចរចាអំពី បញ្ហាព្រំដែនហើយ មិនមានការ បន្ធូរបន្ថយឱ្យគ្នាឡើយ។
កាលពីខ្ញុំជាប្រធានមន្ទីរក្រសួងការបរទេស ហើយក្រោយមកជាអនុរដ្ឋមន្ដ្រី ខ្ញុំមានមិត្ដភ័ក្ដិជាមួយឡាវ ដែលគាត់ធ្វើការនៅក្រសួងការបរទេសដែរ។ ពេលនោះឡាវ និងយើងមានការជិតស្និទ្ធណាស់ ដើរលេង ហូបចុក កំប្លែងដាក់គ្នា ទៅវិញទៅមក ប៉ុន្ដែដល់ពេលដែលគាត់មកចរចាជាមួយយើងអំពីបញ្ហាព្រំដែន គឺមានការតឹងតែងណាស់។ ពេលខ្លះចរចា ខាងជំនាញមិនត្រូវចរចាជាមួយ ឯកឧត្ដម វ៉ា គឹមហុង - ឯកឧត្ដម ឡុង វីសាលោ មិនត្រូវ គាត់សុំជួបជាមួយខ្ញុំ។ ពេលជួបគាត់ ស្ដាប់គាត់និយាយមិនដូច កាលពីនៅ ជា ពួកម៉ាកដូចមុនទេ គាត់និយាយការពារជំហរស្លាប់រស់របស់គាត់តែម្ដង។ រដ្ឋាភិបាល របស់គាត់មានបញ្ជា អញ្ចឹង គាត់ត្រូវតែការពារយកស្លាប់រស់តែម្ដង មិនងាយនិយាយឱ្យត្រូវគ្នា ដូចនិយាយរឿងអ្វីផ្សេងៗ នោះទេ។ ដូចនេះហើយ វាជាសមិទ្ធផលមួយ ធំណាស់ ដែលអាចចាត់ទុកជាធម្មានុរូបភាពមួយយ៉ាងសំខាន់ ក្នុងការ ដឹកនាំ គ្រប់គ្រងប្រទេស អាចថាជាជំហានដែលកំពុងតែធ្វើជាជោគជ័យដ៏ធំ ដែលយើងកំពុងតែ តម្រង់ ទៅរក ហើយសង្ឃឹមថា ធ្វើបានសម្រេច។ ដូចនេះ ពាក់ព័ន្ធនឹងការចោទប្រកាន់នោះ គឺអ្នកទាំងអស់ នោះមិនបាន ទាំងសិក្សាច្បាស់លាស់ផង គាត់មិន ទាំងបានស្គាល់ផែនទីច្បាស់លាស់ តួយ៉ាងដូចជា សម រង្ស៊ី អញ្ចឹង ទៅប្រជុំនៅប៉េកាំង កាលពីឧត្ដមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ស្ដីពីបញ្ហាព្រំដែន។ គាត់ដើរទៅ
Tableau ហើយគាត់យកផែនទី ដែលទើបបោះពុម្ពថ្មីៗមក ដាក់បង្ហាញ។ គាត់និយាយថា សូមឱ្យយើង ទាំងអស់គ្នាបំភ្លេចអតីតកាល ផែនទីបារាំង ចាស់ចោល ហើយយើងងាកមកមើលផែនទីអាមេរិកាំង ទំនើបល្អ មើលឃើញច្បាស់ ណាស់ផែនទីនេះ កូនភូមិមួយ ឬក៏អ្វីក៏មើលឃើញដែរ Satellite (ផ្កាយរណប) គេទំនើប ណាស់ យើងយកតែសម័យនេះទៅ បំភ្លេចផែនទីមុនចោលឱ្យអស់ទៅ។ យើងមើលទៅ ការនិយាយរបស់គាត់ហាក់ដូចជាមិនដែល បានសិក្សារឿងព្រំដែននេះទេ។ បើយើងបំភ្លេច ផែនទីបារាំង ពីមុនអស់ទៅនោះ វានឹងទទេទៅហើយ ផែនទីថ្មីនេះបាន បញ្ជាក់ថា មិនមែនជាផែនទីសម្រាប់ កំណត់ព្រំដែន ផងនោះ ហើយដល់ពេលពិនិត្យផែនទី ដែលគាត់យកមក តាំងបង្ហាញនោះ បើយើងធ្លាប់សិក្សា យើងគ្រាន់តែ ក្រឡេកមើលទៅយើងដឹងថា នេះជាផែនទីខុសតែម្ដង។ ផែនទីរបស់អាមេរិកាំង មាន ផែនទី ១/៥០.០០០ ផែនទីនេះធំច្បាស់ អាចមាននិយាមការ យើងយកមកប្រើប្រាស់ជាផែទីទ្រនាប់។ ឯ សម រង្ស៊ី គាត់ទៅ យកផែនទី ១/២៥០.០០០ គឺជាផែនទីដែលគេគូសសម្រាប់ប្រើប្រាស់ធម្មតា ដែលមានដាក់លក់ នៅតាមទីផ្សារនោះ គាត់យកទៅបិទ ហើយគាត់ថែមទាំងមិនដឹងថា នោះជាផែនទីអ្វីផង ហើយគាត់យក ផែនទីនោះជាមូលដ្ឋាន។ នៅពេលដែលយើង លើកឡើងវិញ បញ្ជាក់ជាមួយគាត់ថា មិនមែនទេ ឯកឧត្ដម យល់ខុសហើយ ផែនទីនេះមិនមែនជាផែនទី សម្រាប់កំណត់ព្រំដែនទេ នេះជាផែនទីដែលគេលក់ នៅទីផ្សារសម្រាប់ប្រើការទូទៅ។ ចុងក្រោយទើបគាត់សុំទោស អញ្ចឹងបានន័យថា គាត់មិនបានសិក្សា រឿងព្រំដែន មិនបានយល់អំពីរឿងព្រំដែន ប៉ុន្ដែគាត់យករឿងព្រំដែនមកនិយាយ យកបញ្ហាព្រំដែន មកវាយ ប្រហាររាជរដ្ឋាភិបាល។ ហេតុនេះហើយ ទើបមានការកត់សំគាល់ឃើញថា នៅកម្ពុជា ហាក់ដូចជា អ្នកនយោបាយខ្លះ គេចង់ប្រើប្រាស់ការបង្ហាញពីជាតិនិយមរបស់គេ បង្ហាញពី ការស្នេហាជាតិរបស់គេ តាមរយៈការញុះញង់ឱ្យមានជាតិនិយម ការស្អប់ជនជាតិបរទេស ហើយនិង កំហឹងពូជសាសន៍។ សួរថា តើអ្នកដែលប្រឆាំងទាំងអស់នោះដឹងថា នោះជាកំហុសឆ្គង ជាការដែលប្រឆាំង នឹងច្បាប់អន្ដរជាតិ និងជាការ បំផ្លាញជាតិខ្លួនឯងទេ ? ពីព្រោះបច្ចុប្បន្ននេះ យើងកំពុងតែត្រូវការស្ថិរភាព សហប្រតិបត្ដិការមិត្ដភាព។ គាត់គិតតែធ្វើឱ្យទាស់គ្នា ខឹងគ្នា ចងគំនុំគ្នា តើនេះវាសមស្របទេ? ពីព្រោះថា កំហឹងពូជសាសន៍ នោះ គេខ្លាចណាស់ វាមានបទពិសោធន៍ច្រើនពេកហើយ។ ឧទាហរណ៍ នៅសង្គ្រាមលោក លើកទីពីរ គេហៅ Anti-genetic គឺ អ៊ីត្លែរ ចាត់ឱ្យសម្លាប់ពួកជ្វីហ្វ ចាប់ម្ដងរាប់ម៉ឺនរាប់សែននាក់ ដាក់ក្នុងបន្ទប់ ហើយបើក ហ្គាសសម្លាប់ចោល គឺជាការសម្លាប់រង្គាល ការស្លាប់នោះច្រើនណាស់ រាប់សិបលាននាក់។ នៅកម្ពុជាយើងក៏មានឧទាហរណ៍ជាច្រើនណាស់ដែរ ដែលនាំទៅដល់ការឈឺចាប់ខ្លោចផ្សា។ ក្នុងសម័យ លន់ នល់ យើងឃើញច្បាស់ណាស់ គឺគេដេញបាញ់ទម្លាក់ទឹក សម្លាប់ ប្រជាជន វៀតណាម ច្រើនណាស់ នេះជាការដុតរោលកំហឹងជនជាតិ យកកំហឹងជនជាតិ កំហឹងពូជសាសន៍ មកធ្វើជាមូលដ្ឋាន រហូតដល់ ក្រោយមក យើងបាន ឃើញហើយសម័យប៉ុលពត។ ទ្រឹស្ដីប៉ុលពតធំ យើងដឹង ទាំងអស់គ្នា សម្លាប់ចោលអ្នកណា ដែលក្បាលយួន ខ្លួនខ្មែរ បានន័យថាសំបកខ្លួនជាខ្មែរ តែព្រលឹងយើង មិនមែនជាខ្មែរ។ ដូចនេះហើយ ដុតរោលកំហឹង ពូជសាសន៍ នេះជារៀងរហូត។ សម័យយើងនេះ ក៏មានការប៉ុនប៉ងដែរ ប៉ុន្ដែយើងទប់ស្កាត់បាន។ ឧទាហរណ៍នៅឆ្នាំ ១៩៩៨ យើងបានឃើញហើយថា មានដុតភូមិវៀតណាមខ្លះ និងនៅខែ មករា ឆ្នាំ ២០០៣ ក៏មានការដុតរោលកំហឹង ពូជសាសន៍ដែរ គឺវាយស្ថានទូតថៃ ហើយដុតហាង ទាំងអស់ឱ្យតែជារបស់ថៃ។ ពេលនោះ យើងត្រូវខាតអស់ជាង ២០លានដុល្លារ ក្នុងការសងគេ ព្រោះយើង ទៅដុតហាងរបស់គេ ដោយគ្មានមូលហេតុ។ បើតាមច្បាប់អន្ដរជាតិ គឺយើងត្រូវតែសងគេ ព្រោះរាជរដ្ឋាភិបាល យើងគ្មានលទ្ធភាពការពារគេ ធ្វើឱ្យមានការខូច ទំនាក់ទំនងអស់មួយរយៈ។ យើងត្រូវ ជួសជុល ទំនាក់ទំនងឡើងវិញ ព្រោះយើងត្រូវការសហប្រតិបត្ដិការ និងទំនាក់ទំនង ដើម្បីឱ្យមានផល- ប្រយោជន៍ទៅវិញទៅមកជាមួយថៃ។ កាលនោះយើងបិទព្រំដែន។ គ្រាន់តែយើងបិទភ្លាម យើងឃើញថា តើចៅហ្វាយខេត្ដយើងនៅតាមព្រំដែន មកតវ៉ាយ៉ាង ដូចម្ដេចខ្លះ? ហើយខាងគយតវ៉ាយ៉ាងម៉េចខ្លះ? តើវាមានការលំបាក ដូចម្ដេចខ្លះក្នុងការបិទព្រំដែននេះ? មិនមែនជាការ ងាយស្រួលដូចការមិនបិទឯណា។ នៅព្រំដែន ប្រជាជនគាត់តវ៉ា ព្រោះគាត់ខ្ចីលុយគេ ដល់ពេលគាត់ ត្រូវធ្វើពោតហើយ គាត់ត្រូវទៅយកជី កាលណាយើងបិទទៅនឹងមានបញ្ហាមួយនេះ បញ្ហាមួយនោះជា ហូរហែ ត្រូវទំនាក់ទំនងគ្នាទៅវិញទៅមក ហើយវាជាចំណុចដែលខ្ញុំចង់លើកឡើងនោះ គឺការដែលប្រើប្រាស់ កំហឹងពូជសាសន៍ ដើម្បីបម្រើ ផលប្រយោជន៍សម្រាប់ ក្រុមខ្លួនតែប៉ុណ្ណោះ។ យើងសួរថា តើគាត់ដឹងថា នេះជាការផ្ទុយទៅនឹង ច្បាប់អន្ដរជាតិទេ? ហើយអន្ដរជាតិគេស្អប់ គេខ្ពើមទេ? តើគាត់ដឹងថា វាផ្ទុយទៅ នឹងផលប្រយោជន៍ របស់កម្ពុជាទេ? គាត់ដឹង តែសួរថាហេតុអ្វីបានជាគាត់ នៅតែធ្វើ? គឺដើម្បីតែផល ប្រយោជន៍ខ្លួនគាត់ និងក្រុមគាត់ ពីព្រោះធ្វើទៅវាដើរ វាជាចំណុចរសើប របស់ប្រទេសជាតិ របស់ ប្រជាពលរដ្ឋទូទាំងប្រទេស។ ដូចដែលខ្ញុំបានលើក រួចមកហើយថា ប្រទេសនីមួយៗ មានចំណុច រសើបរបស់ខ្លួន ដូចនេះ ដាក់ទៅដើរ (It works) ទោះបីជាច្បាប់អន្ដរជាតិ គេថ្កោលទោស គេកាត់ទោស ទោះជាផលប្រយោជន៍ជាតិ ត្រូវប៉ះពាល់ ធ្វើទៅមិនចំណេញក៏គាត់ហ៊ានធ្វើ។
នេះជាចំណុច ដែលខ្ញុំចង់លើកឡើងនូវបទពិសោធន៍ ដែលយើងកត់សំគាល់ ហើយលើកឡើង ពីមូលដ្ឋានច្បាប់ ពីដំណើរការប្រវត្ដិសាស្ដ្រពិតៗ ដែលយើងបានទទួល បានន័យថា សិទ្ធិប្រវត្ដិសាស្ដ្រ សិទ្ធិច្បាប់អន្ដរជាតិ សិទ្ធិ ក្នុងនាមជា ប្រទេសអធិបតេយ្យ ហើយនិងវិធានការដែលយើងបានប្រកាន់យក។ វិធានការដែលយើងប្រកាន់យកមានតែពីរធំៗ ទេ គឺ ទី១- បកស្រាយឱ្យច្បាស់លាស់នូវការពិតនៃប្រវត្ដិសាស្ដ្រ និងភាពស្របច្បាប់ ស្របសិទ្ធិនៃធម្មានុរូបភាពរបស់យើង នៅក្នុងការងារនេះ។ ទី២- យើងក៏យកវិធានការ ក្នុងក្របខ័ណ្ឌ នៃច្បាប់ក្នុងក្របខ័ណ្ឌនៃនីតិរដ្ឋ ដើម្បីទប់ស្កាត់នូវ សកម្មភាពចោទប្រកាន់ ដែលមានលក្ខណៈ ពិសពុលនេះដែរ។ ដូចនេះ អ្វីដែលយើងធ្វើរហូតមកទល់ពេលនេះ គឺយើង ធ្វើពីរចំណុចនេះ យើងបកស្រាយ យើងជម្រាបជូនមតិសាធារណជន។ បន្ដិចទៀត យើងនឹងបោះពុម្ព សៀវភៅ និងធ្វើជា វីដេអូឯកសារ។ កន្លងមក យើងបានផ្សាយឯកសារជាបណ្ដើរៗ បើមិនអញ្ចឹងទេ អាចមតិអ្នកដែលមិនបានដឹងរឿងនេះ មិន ដឹងពីដំណើរការប្រវត្ដិសាស្ដ្រនេះ គាត់ឮតែគេចោទប្រកាន់ គាត់អាចជឿគេដែរ។ ដូចទ្រឹស្ដីទាហានអាល្លឺម៉ង់ ដែលធ្វើ សង្គ្រាមចិត្ដសាស្ដ្រ ដែលភាសាបារាំងនិយាយថា
Calomnier, calomnier, calomnier et calomnier il en reste quelle que chose... គឺចេះតែចោទទៅៗ ទោះជាគាត់គ្មានរឿងអ្វីក៏ដោយថ្ងៃនេះចោទ ស្អែកចោទ ចោទហើយ ចោទទៀត យូរៗ ទៅគង់នឹងដក់ជាប់ នៅក្នុងខួរក្បាលអ្នកស្ដាប់ជាមិនខាន។ ដូចនេះរឿង ដែលមិនមានសោះ ដូចជារឿងព្រែកជីកវិញតេ ដែលរឿងព្រែកជីកវិញតេនេះ គេបាន កំណត់តាំងតែពីឆ្នាំ ១៨៩៣ មកម្ល៉េះ គេប្រឌិតថា យើងជាអ្នក លក់ដីវិញតេ ទៅឱ្យ វៀតណាម ដែលមានទទឹង ១.៧០០ម៉ែត្រ បណ្ដោយ ៤០គីឡូម៉ែត្រ។ បើយើងមិន បកស្រាយឱ្យបានទាន់ពេលឱ្យបាន ច្បាស់លាស់ទេ បញ្ហានេះនឹងត្រូវដក់ចូលទៅក្នុងចិត្ដ របស់អ្នកស្ដាប់ ដែលធ្វើឱ្យមានការមន្ទិលសង្ស័យ ថាតើជាការលក់ដី ពិតមែន ឬមិនមែន? ហេតុនេះ ការបកស្រាយឱ្យច្បាស់លាស់នេះ វាជាការសំខាន់ណាស់។ យើងនឹងខំរៀបចំ សៀវភៅ មានផែនទីច្បាស់លាស់ និងចងក្រងជាឯកសារដែលយើងបានផ្សាយនេះ ហើយនឹងបោះពុម្ព ចែកជូនទៅដល់ខេត្ដ ក្រុង ក្រសួង ស្ថានទូតនានា និងសហគមន៍អន្ដរជាតិ ឱ្យគេបានយល់ច្បាស់អំពីការពិត នៃដំណើរការប្រវត្ដិសាស្ដ្រនេះ។ កាលពីម្សិលមិញ នេះ គណៈអចិន្ដ្រៃយ៍ក៏បានសម្រេចហើយ យើងដាក់ បញ្ចូល ភ្លាមទៅក្នុងសកម្មភាព តទៅមុខ របស់យើង គឺថាក្រុមការងារ របស់យើង សមាជិកគណបក្ស របស់យើងត្រូវតែខិតខំឃោសនា ប្រើប្រាស់ឯកសារក្នុងការពន្យល់ដល់មតិសាធារណៈ ឱ្យបាន ជាកំរិត អតិបរមា ក្នុងការងារព្រំដែននេះ។ ប្រសិនបើយើងមិនធ្វើការបកស្រាយ អ្នកនិយាយកុហក ចេះតែកុហក អ្នកចោទ ប្រកាន់យើងចេះតែចោទ។ ដូចនេះទៅថ្ងៃអនាគត ប្រជាពលរដ្ឋនៅតែសង្ស័យថា យើងនៅតែ លក់ដីឱ្យវៀតណាមមែន។ នេះគឺជាការ ជះឥទ្ធិពលដល់រឿងមួយ ដែលសម្ដេចបានលើកឡើងថា គេចង់ធ្វើអ្វី គេមានផែនការអ្វីមួយហើយ ដូចដែល យើងដឹង តាំងពីខែ ៥ មកម្ល៉េះ។ លើសពីនេះទៅទៀត គឺវាជះឥទ្ធិពលទៅលើសន្លឹកឆ្នោតផងដែរ។

Share on Facebook