អត្ថបទ

បោះពុម្ព
ព្រះរាជ​សារ​របស់ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហាក្សត្រ នៃ​ព្រះរា​ជាណា​ចក្រ កម្ពុជា ផ្ញើជូន ឯកឧត្ដម ផាំ វ៉ាន់ដុង ចុះថ្ងៃទី ២៧ កញ្ញា ឆ្នាំ ១៩៩៩

 

ព្រះរាជសាររបស់

ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា

ផ្ញើជូន

ឯកឧត្ដម ផាំ វ៉ាន់ដុង

ចុះថ្ងៃទី ២៧ កញ្ញា ឆ្នាំ ១៩៩៩


 

ព្រះករុណាព្រះបាទសម្ដេច
ព្រះនរោត្ដម សីហនុ
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដម ផាំ វ៉ាន់ដុង ជាទីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់បំផុត

ខ្ញុំមានបីតិសោមនស្សរីករាយ និងមហាកិត្ដិយសប្រកបដោយមនោសញ្ចេតនានឹករឮក និង ផ្ញើព្រះរាជសារ លិខិត មួយនេះ ដើម្បីជម្រាបសួរសុខទុក្ខ ឯកឧត្ដម​ដែល​ជា​មហា​មិត្ដ​ ដ៏ឧត្ដុង្គឧត្ដមរបស់ខ្ញុំក៏ដូចជា របស់ ប្រជាជនកម្ពុជាគ្រប់រូប។

ក្នុងឱកាសដ៏កម្រនេះ ខ្ញុំសូមសម្ដែងនូវមហាករុណាទិគុណដ៏ជ្រាលជ្រៅ ចំពោះ មនោសញ្ចេតនា មិត្ដភាព ដ៏ស្មោះស្ម្រ័គ និងសាមគ្គីភាព ដែលឯកឧត្ដមតែងបានផ្ដល់ចំពោះ រូបខ្ញុំ​ ក៏ដូចជាចំពោះ ប្រជាជនកម្ពុជា ក្នុងរយៈកាលកន្លងមក ដែលយើងនិងប្រជាជន យើងទាំងពីរ តែងតែរួបរួមកម្លាំងគ្នាជួយគ្នាទៅ វិញទៅមក ប្រ​កៀក​ស្មាគ្នាតស៊ូរំដោះប្រទេស ជាតិពីសត្រូវរួម រហូតបានជោគជ័យរៀងៗខ្លួនដល់សព្វ ថ្ងៃនេះ។

សន្និសីទកំពូល ប្រជាជនឥណ្ឌូចិន នៅទីក្រុងភ្នំពេញ ថ្ងៃទី ០១ ខែ មីនា ឆ្នាំ១៩៦៥ និងទីក្រុង កង់តុង ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ១៩៧០ ការចរចារវាងខ្ញុំ និង​ឯកឧត្ដម​ផ្ទាល់​នៅ​ទីក្រុង​ ប៉េកាំងនាឆ្នាំ ១៩៦៤ និង ការជួបគ្នាជាបន្ដបន្ទាប់មកទៀត ក៏ដូចជាសេចក្ដីថ្លែងការណ៍ របស់រណសិរ្សជាតិរំដោះវៀតណាម ខាងត្បូង និងសេចក្ដីថ្លែងការណ៍ របស់​រដ្ឋា​ភិបាល សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលឯកឧត្ដម ជាប្រមុខ នាឆ្នាំ១៩៦៧ សុទ្ធតែបាន បញ្ជាក់ពីចំណងមិត្ដភាព យុទ្ធសាមគ្គីភាព ព្រមទាំងការទទួលស្គាល់ ព្រំដែន​បច្ចុប្បន្ន របស់ កម្ពុជា និងគោរពអធិបតេយ្យ បូរណភាពទឹកដី គ្នាទៅវិញទៅមក។ រាល់ប្រសាសន៍ ប្រកប ដោយខ្លឹមសារ របស់ឯកឧត្ដម ក្នុង​ឱកាស​ជួប​ប្រាស្រ័យ​ជាមួយ​ខ្ញុំកន្លងមកតែងតែ ធ្វើឱ្យខ្ញុំមាន ទំនុកចិត្ដ និងការកក់ក្ដៅជានិច្ច ចំពោះដំណោះស្រាយនានា ដែលទាក់ទងទៅនឹង ផល ប្រយោជន៍ របស់ប្រទេសយើងទាំងពីរ ដែល​ជា​អ្នក ភូមិផងរបងជាមួយគ្នាដ៏ល្អ និង ស្មោះត្រង់។

ឯកឧត្ដមជាអ្នកធ្លាប់សិក្សាស្រាវជ្រាវយ៉ាងច្បាស់លាស់ ពីប្រវត្ដិសាស្ដ្រជូរចត់ របស់ប្រទេស កម្ពុជា យើងខ្ញុំ ហើយឯកឧត្ដមបានក្លាយទៅជាវីរជនមួយរូប ដែល​បាន​ខិត​ខំ​ពង្រី​ក​ពង្រឹង មិត្ដភាព យុទ្ធសាមគ្គីភាព ជាមួយ ប្រទេស ទាំងបី នៅក្នុងជ្រោយឥណ្ឌូចិនយើងនេះ តស៊ូរំដោះប្រទេសជាតិបានជោគជ័យជាស្ថាពរ ហើយកំពុង កសា​ង​ប្រទេស​តាម វិទ្យាសាស្ដ្របច្ចេកទេសទំនើបថ្មីដើម្បីឈានទៅរកវឌ្ឍនភាព និងសុភមង្គល ឯកឧត្ដម គង់យល់ច្បាស់ អំពីភាពចាំបាច់ដែលប្រទេសយើងទាំងពីរត្រូវមានខ្សែ ព្រំដែន​មួយសមភាព យុត្ដិធម៌ និងមានផលប្រយោជន៍ទាំងសងខាង។ ជំហរនេះហើយដែលខ្ញុំសង្កេតឃើញថា អ្នកដឹកនាំរដ្ឋាភិបាល យើងទាំងពីរ កំពុង​យក​ចិត្ដ​ទុក​ដាក់​ចរចារកដំណោះស្រាយ បញ្ហា ព្រំដែន ដើម្បីកសាងខ្សែព្រំដែនមួយឱ្យក្លាយ ទៅជាខ្សែព្រំដែនសន្ដិភាព សន្ដិសុខ-ស្ថិរភាព-មិត្ដភាព និងសហប្រតិបត្ដិការ។ ឆ្លៀត​ឱកាស​​នេះ​ដែរ​ ខ្ញុំក៏សូមកោតសរសើរ និងគាំទ្រ ដោយស្មោះ ចំពោះជំហរដ៏ម៉ឹងម៉ាត់ ប្រកបដោយសុឆន្ទៈ របស់ឯកឧត្ដមអគ្គ លេខាធិការ គណបក្សកុម្មុយនីស្ដ វៀតណាម ឡេ ខា ភៀវ ក្នុង​ឱកាស​ទស្សនកិច្ចនៅកម្ពុជាថ្មីៗ នេះ ដែលចង់ឱ្យបញ្ហាព្រំដែននៃប្រទេសយើងទាំងពីរត្រូវបានដោះស្រាយចប់មុន ដំណាច់ឆ្នាំ ២០០០ នេះ ។

ក៏​ប៉ុន្ដែក្នុងដំណើរការចរចានានា ដើម្បីកំណត់ព្រំដែនសមុទ្រ នៃប្រទេសយើងទាំងពីរនោះ ខ្ញុំបានទទួល របាយការណ៍ថា នៅមានការខ្វែងគំនិតគ្នានៅឡើយ ដែល​ចាំបាច់​ខ្ញុំ​យល់​ថា មានតែ ឯកឧត្ដម ដែលជា មហាមិត្ដ របស់ខ្ញុំទេ ដែលលោកមានការយោគយល់បញ្ហា ហើយអាចជួយតម្រង់ទិសឱ្យគណៈកម្មការចម្រុះ កិច្ចការ ព្រំដែន​ប្រទេស​យើងទាំងពីរ មានពន្លឺក្នុងការស្វែងរកដំណោះស្រាយមួយ សមហេតុសមផល ស្របតាម ផលប្រយោជន៍ របស់ប្រជាជនយើងទាំងពីរ។

ឯកឧត្ដម ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត ក្នុងប្រវត្ដិសាស្ដ្រកម្ពុជាទឹកដីកម្ពុជាក្រោម ទាំងមូល បានបាត់បង់រួចទៅហើយ បន្ទាប់មកកោះត្រល់ដែល វៀតណាមឱ្យឈ្មោះថា ហ្វ៊ូ កុក និងកោះមួយចំនួនដែលស្ថិតនៅ ខាងត្បូងខ្សែបន្ទាត់ ប្រ៊េវីយេ ក៏បន្ដបាត់ ទៀតដោយ សារសារាចររបស់លោកអគ្គទេសាភិបាលបារាំង ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ១៩៣៩ ។ ម្យ៉ាង​វិញ ទៀតកាលពីឆ្នាំ ១៩៦៤ រាជរដ្ឋាភិបាលកម្ពុជាពេលនោះ បានយកផែនទីមួយដែលបោះពុម្ព ដោយក្រុម ភូមិសាស្ដ្រកម្ពុជា ផ្អែកតាមផែនទីបារាំង របស់ Service Hydrographique ខា្នត ១,៣០០.០០០ ភា្ជប់ជា មួយផែនទីដីគោកទៅឱ្យអន្ដរជាតិទទួលស្គាល់ និងបានតម្កល់ទុក នៅអង្គការសហប្រជាជាតិនោះ គឺយើងបាន គូសខ្សែប្​រ៊េវីយេ​ ជាព្រំដែនសមុទ្រជាមួយ វៀតណាមផងដែរ។ ផែនទី និងឯកសារទាំងអស់នោះហើយ ដែលអតីតរាជរដ្ឋាភិបាល របស់ខ្ញុំ អតីតរាជរដ្ឋាភិបាលសាធារណរដ្ឋ ប្រជា​មានិត​កម្ពុជា រដ្ឋកម្ពុជា និង រាជរដ្ឋាភិបាល កម្ពុជា បច្ចុប្បន្ន កំណត់ថាជាព្រំដែនបច្ចុប្បន្ន របស់កម្ពុជា។ ដូច្នេះហើយ ខ្ញុំយល់ឃើញថា សម័យកាលបច្ចុប្បន្ននេះ ដែលសកលលោកទាំងមូលកំពុង ស្វែងរកការសម្របសម្រួល អំពីព្រំដែន យើងគួរ យកខ្សែប្រ៊េវីយេនេះ ដើម្បីខ័ណ្ឌព្រំសីមា ដែនសមុទ្ររបស់ប្រទេស យើងទាំងពីរ ដើម្បីទុកឱ្យកូនចៅ យើង ជំនាន់ក្រោយ ទទួលបាននូវមរតកមួយដ៏ច្បាស់លាស់ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ ប្រទេស រៀងៗខ្លួន។

ជាទីបញ្ចប់ ខ្ញុំសូមសម្ដែងនូវក្ដីសង្ឃឹមជឿជាក់ថា ប្រទេសយើងទាំងពីរនឹងបន្ដ អនុវត្ដ គំរូវីរភាព របស់យុទ្ធជន យុទ្ធនារីយើង ដើម្បីរក្សាមិត្ដភាព សាមគ្គីភាព សហ​ប្រតិ​បត្ដិ​ការ​ដ៏យូរ លង់រវាងប្រជាជន និងប្រជាជាតិ យើងទាំងពីរ ខិតខំកសាងខ្សែព្រំដែនគោក និងសមុទ្រឱ្យ បានទៅជាខ្សែព្រំដែនមួយសន្ដិភាព សន្ដិសុខ ស្ថិរភាព មិត្ដភាព និង​សហ​ប្រតិបត្ដិការ ឱ្យបានមុនឆ្នាំ ២០០០ ស្របតាមបំណងប្រាថ្នា របស់ប្រជាជនយើងទាំងពីរ។

សូមឯកឧត្ដមទទួលនូវការនឹករលឹក និងការរាប់អានប្រកបដោយមនោសញ្ចេតនា ជាភាតរៈ ដ៏ខ្ពង់ខ្ពស់ បំផុតពីខ្ញុំ។        

 ធ្វើនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ១៩៩៩


ព្រះហស្ដលេខា
នរោត្ដម សីហនុ

Share on Facebook